
រាជធានីភ្នំពេញ៖ ប្រេងសាំងធម្មតាក្នុងប្រទេសកម្ពុជា បានបន្តឡើងថ្លៃដល់៥២០០រៀលក្នុង១លីត្រ ខណៈប្រេងម៉ាស៊ូត ឡើងថ្លៃដល់៦០៥០រៀលក្នុង១លីត្រ គិតចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ប៉ុណ្ណោះ។ តម្លៃប្រេងសាំង អាចនឹងបន្តឡើងថ្លៃទៀត បើសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា មិនបញ្ចប់។ មុនផ្ទុះសង្រ្គាមនៅមជ្ឈិមបូព៌ា តម្លៃសាំងធម្មតានៅកម្ពុជា ក្នុង១លីត្រស្ថិត មិនដល់៤ពាន់រៀលនោះទេ។

ក្តីបារម្ភ មិនមែនត្រឹមតែប្រេងឡើងថ្លៃនោះទេ គឺអាចនឹងអាចរុញឱ្យផលិតផលច្រើនមុខផ្សេងទៀត ឡើងថ្លៃដែរ។ តើរដ្ឋគួរមានវិធានការបែបណា ដើម្បីទប់ស្កាត់ផលប៉ះពាល់ធ្ងន់ធ្ងរបណ្ដាលមកពីបញ្ហាប្រេងសាំង? ក្នុងកិច្ចសម្ភាសជាមួយ SBM News នៅព្រឹកថ្ងៃទី១១ ខែមីនានេះ លោកបណ្ឌិត ជ័យ តិច អ្នកវិភាគបញ្ហាភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច បង្ហាញការមើលឃើញថា៖«ប្រេងឡើងថ្លៃ នឹងរុញឱ្យតម្លៃនៃការដឹកជញ្ជូន ថ្លៃដើមនៃការរផលិត ក៏ដូចជាផលិតផលច្រើនមុខផ្សេងទៀតនៅលើទីផ្សារឡើងថ្លៃដែរ ដែលផ្ដល់ផលប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ហើយកាន់តែធ្ងន់ជាងគេគឺអ្នកដែលមានជីវភាពក្រីក្រ និងគ្រួសារងាយរងគ្រោះ»។ ដូច្នេះ ក្រៅពីតែការចុះពិនិត្យតាមដានតាមស្ថានីយប្រេង ព្រមទាំងការអំពាវនាវឱ្យពលរដ្ឋប្រើប្រាស់ប្រេងសាំងដោយសន្សំសំចៃ អ្នកវិភាគរូបនេះ សំណូមពរដល់រាជរដ្ឋាភិបាលគិតគូរ និងពិភាក្សាគ្នាអំពីគោលនយោបាយគាំទ្រដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ ក្នុងកំលុងពេលស្ថានភាពលំបាកនេះ ដូចដែលរដ្ឋធ្លាប់ធ្វើកន្លងមកក្នុងកំលុងពេលកូវីដ-១៩។

កំលុងពេលវិបត្តិថាមពលកើតឡើង បណ្ដាប្រទេសអាស៊ាន ដូចជា វៀតណាម, ថៃ, ម៉ាឡេស៊ី បានដាក់ចេញវិធានការកាត់បន្ថយថ្ងៃធ្វើការ និងអនុញ្ញាតឱ្យមន្រ្តីរាជការធ្វើការពីផ្ទះ ដើម្បីសន្សំសំចៃថាមពល និងកាត់បន្ថយការចំណាយ។ លោក ជ័យ តិច ថ្លែងថា កម្ពុជាក៏គួរពិនិត្យលទុ្ធភាពលើជម្រើសនេះដែរ ឬអាចឈានទៅដល់ការកាត់បន្ថយចំនួនបុគ្គលិកដែលត្រូវទៅធ្វើការនៅការិយាល័យ។ ចំណែក លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយ និងជាអ្នកសិក្សាពីការអភិវឌ្ឍសង្គម និយាយថា មកទល់ពេលនេះ លោកមិនទាន់បានឃើញផែនការលម្អិតរបស់រាជរដ្ឋាភិបាលជុំវិញវិបត្តិប្រេងនេះទេ ខណៈលោកមើលឃើញថា បញ្ហាសង្រ្គាមនៅមជ្ឈិមបូព៌ាប្រហែលអាចត្រូវប្រើពេលយូរទៀត ដែលជាសញ្ញាមួយតម្រូវឱ្យកម្ពុជាត្រូវទទួលដឹងឮរឿងនេះឱ្យបានជាប់លាប់ ហើយត្រៀមវិធានការសម្រាប់រយៈពេលខ្លី មធ្យម និងវែង។

លោក មាស នី ចង់ឃើញរាជរដ្ឋាភិបាលចេញជាយុទុ្ធសាស្ត្រច្បាស់លាស់ជុំវិញបញ្ហាប្រេងនៅកម្ពុជា ដូចជាប្រទេសក្បែរខាង បូករួមទាំងបញ្ហាតម្លៃផងដែរ។ អ្នកតាមដានស្ថានការណ៍សង្គមរូបនេះ មានប្រសាសន៍ជាមួយ SBM News ថា៖«ប្រេងឡើងថ្លៃ ទំនិញក៏ឡើងថ្លៃ ដែលបង្កផលវិបាកដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស ក្នុងវិស័យកសិកម្ម។ រាជរដ្ឋាភិបាលត្រូវមានយុទ្ធសាស្ត្រគ្រប់គ្រង ចែកចាយប្រេងឱ្យបានដិតដល់ និងធ្វើឱ្យមានប្រសិទ្ធភាព និងត្រូវត្រួតពិនិត្យចំពោះការផ្គើនដំឡើងថ្លៃដឹកជញ្ជូនដោយគ្មានហេតុផលផងដែរ»។

លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់កាលពីពេលថ្មីៗនេះដែរថា រាជរដ្ឋាភិបាលកម្ពុជា កំពុងជជែកជាមួយក្រុមហ៊ុនវិនិយោគ ដើម្បីឈានទៅបង្កើតរោងចក្រចម្រាញ់ប្រេងកាតនៅកម្ពុជា។ លោក អះអាងថា បើគ្មានអ្វីប្រែប្រួលទេ យ៉ាងយូរបំផុត៣ឆ្នាំទៀត រោងចក្រចម្រាញ់ប្រេងនឹងមានវត្តមាននៅកម្ពុជា។ ចំពោះបញ្ហាដែលរាលដាលចេញពីសង្គ្រាមនៅមជ្ឈិមបូព៌ា លោករដ្ឋមន្រ្តីរូបនេះ ប្រកាសថា កម្ពុជា នៅតែនាំចូលប្រេងដដែល ហើយមិនទាន់ខ្វះប្រេងនោះទេ៕



