
រដ្ឋាភិបាលរបស់ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២១កញ្ញាកន្លងទៅ បានប្រកាសហាមឃាត់ការនាំចេញប្រេងសាំង និងប្រេងម៉ាស៊ូតជាបណ្ដោះអាសន្នទៅកាន់ប្រទេសទាំងអស់ ដែលនៅក្រៅរង្វង់អតីតរដ្ឋក្នុងសហភាពសូវៀត។ ការហាមឃាត់នេះបានចូលជាធរមានភ្លាមៗ ក្នុងគោលបំណងដើម្បីរក្សាស្ថិរភាពទីផ្សារក្នុងស្រុក។

រដ្ឋាភិបាលបានឱ្យដឹងថា ការហាមឃាត់នេះមិនអនុវត្តចំពោះប្រេងឥន្ធនៈដែលត្រូវបានផ្គត់ផ្គង់ក្រោមកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល ដល់សមាជិកនៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីដឹកនាំដោយម៉ូស្គូ ដែលរួមមានបេឡារុស កាហ្សាក់ស្ថាន អាមេនី និងកៀហ្ស៊ីស៊ីស្ថាននោះទេ។ រដ្ឋាភិបាលបានបញ្ជាក់ថា ការរឹតបណ្តឹងបណ្តោះអាសន្ននេះនឹងជួយធ្វើឱ្យទីផ្សារប្រេងឥន្ធនៈមានលំនឹង និងជួយកាត់បន្ថយតម្លៃសម្រាប់អ្នកប្រើប្រាស់ក្នុងស្រុក។ លើសពីនេះ ក្រសួងថាមពលក៏បានលើកឡើងដែរថា វិធានការនេះនឹងការពារការនាំចេញប្រេងខុសច្បាប់ផងដែរ។ បន្ថែមលើនោះ បើតាមរដ្ឋមន្រ្តីថាមពលរបស់រុស្ស៊ី បានឱ្យដឹងថា ការហាមឃាត់នេះ គឺគ្មានកាលកំណត់ទេ ហើយវាអាស្រ័យទៅលើស្ថិរភាពនៃទីផ្សារ និងលទ្ធផលនៃការប្រើប្រាស់ក្នុងស្រុក។

រុស្ស៊ីក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បានជួបការខ្វះខាតប្រេងសាំង និងម៉ាស៊ូត ដោយបានបង្កផលប៉ះពាល់ដល់តំបន់ដាំដុះស្រូវសាលីជាច្រើនរបស់រុស្ស៊ី ដោយសារតែតម្រូវការប្រេងឥន្ធនខ្ពស់ក្នុងអំឡុងពេលប្រមូលផល។ តម្លៃប្រេងលក់ដុំបានកើនឡើង បើទោះជាតម្លៃលក់រាយត្រូវបានកំណត់ដើម្បីព្យាយាមទប់ស្កាត់ស្របតាមអតិផរណាផ្លូវការក៏ដោយ។ វិបត្តិដ៏ធ្ងន់ធ្ងរនេះអាចនាំឱ្យមានភាពឆ្គាំឆ្គងសម្រាប់វិមានក្រឹមឡាំង ខណៈដែលការបោះឆ្នោតប្រធានាធិបតីនឹងឈានមកដល់ខែមីនា។ ទន្ទឹមនេះ ពាណិជ្ជករបានឱ្យដឹងថា ទីផ្សារឥន្ធនៈរុស្ស៊ី កំពុងរងផលប៉ះពាល់ដោយរយៈពេលថែទាំនៅរោងចក្រចម្រាញ់ ការរំខានលើខ្សែផ្លូវដែក និងប្រាក់រូប្លិ៍ទន់ខ្សោយដែលជំរុញការនាំចេញ។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបានកាត់បន្ថយការនាំចេញប្រេងម៉ាស៊ូត និងប្រេងតាមសមុទ្ររបស់ខ្លួនជិត ៣០ភាគរយមកនៅត្រឹមប្រហែល១,៧លានតោន ក្នុងរយៈពេល២០ថ្ងៃដំបូងនៃខែកញ្ញា ធៀបនឹងរយៈពេលដូចគ្នាក្នុងខែសីហា នេះបើយោងតាមពាណិជ្ជករ និងទិន្នន័យពីក្រុមហ៊ុនទិន្នន័យហិរញ្ញវត្ថុ។ ប្រទេសរុស្ស៊ីបាននាំចេញប្រេងសាំងចំនួន៤,៨១៧លានតោន និងប្រេងម៉ាស៊ូតជិត៣៥លានតោនកាលពីឆ្នាំមុន៕




