
រដ្ឋធានីហ្ស៊េរុយសាឡិម៖ លោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ដែលកំពុងរួមដៃជាមួយអាម៉េរិកដឹកនាំធ្វើសង្គ្រាមប្រឆាំងអ៊ីរ៉ង់ បានលើកឡើងថា បដិវត្តន៍ មិនអាចធ្វើបានពីលើមេឃមកនោះទេ។ លោក មានន័យថា ចង់ផ្លាស់ប្តូរ ឬចង់យកឈ្នះរបបដឹកនាំអ៊ីរ៉ង់ គឺមិនអាចគ្រាន់តែធ្វើសង្គ្រាមតាមជើងអាកាស ដោយការបាញ់គ្រាប់មីស៊ីលឡើយ គឺត្រូវធ្វើសកម្មភាពលើដីផ្ទាល់ផងដែរ។

ដូចសម្តីរបស់បុរសខ្លាំងអ៊ីស្រាអែលរូបនេះពិតមែន អ៊ីរ៉ង់ ថ្វីបើមេដឹកនាំកំពូលផុតលេខ និងថ្នាក់ដឹកនាំជាន់ខ្ពស់ ស្លាប់ពាយក្តី ហើយទោះជារងគ្រាប់មីស៊ីលឡើងសុសសាច់ក៏ដោយ ក៏មិនទាន់រលំរលាយដែរ គឺនៅតែប្រឹងងើបមកបាញ់តដៃជាមួយសត្រូវជាជើងខ្លាំងទាំងពីរដដែល។ សង្គ្រាមអូសបន្លាយអស់ជាង២០ថ្ងៃហើយ តែអាម៉េរិក-អ៊ីស្រាអែលនៅតែមិនអាចដឹងបានថា នឹងត្រូវបញ្ចប់នៅពេលណា។

តាមរយៈសន្និសីទសារព័ត៌មានមួយនៅថ្ងៃ១៩មីនា លោក បេនចាមីន នេតាន់យ៉ាហ៊ូ លើកយោបល់យ៉ាងដូច្នេះថា៖«គួរតែមានសកម្មភាពលើដីជាក់ស្តែង..អាចមានលទ្ធភាពទៅរួចជាច្រើន សម្រាប់ធ្វើសកម្មភាពលើដីជាក់ស្តែង»។ ទោះយ៉ាងណា លោក មិនបាននិយាយឱ្យចំនោះទេថា អ៊ីស្រាអែល និងអាម៉េរិក គួរតែរួមគ្នាបញ្ចេញកងទ័ពធ្វើសង្គ្រាមតាមជើងគោក និងវាយសម្រុកចូលអ៊ីរ៉ង់ដោយផ្ទាល់ ជាជាងតែចាំអង្គុយបាញ់តែមីស៊ីលពីចម្ងាយ។

ជាមួយគ្នា លោក បេនចាមីន នេតាន់យ៉ាហ៊ូ សម្លឹងឃើញប្រជាជនអ៊ីរ៉ង់ផ្ទាល់តែម្តង ក្នុងការផ្លាស់ប្តូរនៅអ៊ីរ៉ង់។ មេដឹកនាំអ៊ីស្រាអែលរូបនេះ និយាយថា លោកមិនច្បាស់នោះទេ ថាតើប្រជាជនអ៊ីរ៉ង់ នឹងងើបប៉ះបោរ ដើម្បីដណ្តើមប្រទេសមកគ្រប់គ្រងដោយខ្លួនឯងឬក៏អត់។ លោកបន្ថែមថា ពេលនេះ អ៊ីរ៉ង់ លែងមានសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ាញូម និងលែងអាចបង្កើតមីស៊ីលបាលីស្ទីកទៀតហើយ។

ចំណែក លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាម៉េរិក ពេលកំពុងទទួលជួបលោកស្រី សាណាអេ តាកាអ៊ីឈី (Sanae Takaichi) នាយករដ្ឋមន្រ្តីជប៉ុន នៅសេតវិមានកាលពីថ្ងៃ១៩មីនា បានប្រាប់អ្នកកាសែតថា លោកមិនទាន់មានបំណងបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ីរ៉ង់នោះទេ ហើយបន្ទាប់មក លោក ក៏និយាយបែបលេងសើច តែហាក់បង្កប់បំណងពិតថា ទោះលោកបញ្ជូនទៅមែន ក៏លោកមិនប្រាប់អ្នកកាសែតឱ្យដឹងដែរ៕



