ផ្លូវការ! អនុទីន ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃសាជាថ្មី ចាំមើលពេលណាបញ្ជូន JBC ថៃ មកដោះស្រាយជាមួយកម្ពុជា?
ហៀប ស៊ីថេត
19 មីនា 2026 07:47 AM

រាជធានីបាងកក៖ អនុទីន ឆានវីរគុល ត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីថៃសាជាថ្មី នៅថ្ងៃព្រហស្បតិ៍ទី១៩ ខែមីនានេះ បន្ទាប់ពីទទួលជ័យជម្នះពីការបោះឆ្នោតនៅក្នុងសភា។ ក្នុងអាណត្តិថ្មីនេះ អាចនឹងឈានទៅរកដំណាក់កាលនៃស្ថិរភាព ដែលកម្រមានសម្រាប់ប្រទេសញាំញីដោយរដ្ឋប្រហារ និងភាពចលាចលនយោបាយញឹកញាប់។ យ៉ាងណា កម្ពុជាកំពុងរង់ចាំយ៉ាងអន្ទះសានៃការបង្កើតរាជរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ ដើម្បីចូលខ្លួនមកដោះស្រាយបញ្ហាយោធាថៃ បើកការឈ្លានពានលើដែនអធិបតេយ្យកម្ពុជា យ៉ាងសាហាវព្រៃផ្សៃ នាពេលកន្លងមក...។

លោក អនុទីន ឆានវីរគុល
លោក អនុទីន ឆានវីរគុល

លោក អនុទីន មេបក្សភូមិចៃថៃ បាននាំមុខការបោះឆ្នោតជាតិ ដែលលទ្ធផលបង្ហាញពីការបរាជ័យយ៉ាងធ្ងន់ធ្ងររបស់គូប្រជែងដ៏ធំបំផុតរបស់លោក គឺមេដឹកនាំគណបក្សប្រជាជន លោក ណាត់តៈពង្ស រឿងបញ្ញាវុទ្ធ (ณัฐพงศ์ เรืองปัญญาวุฒิ) នៅក្នុងការបោះឆ្នោតដែលគេរំពឹងទុកយ៉ាងទូលំទូលាយថា គណបក្សប្រជាជន នឹងឈ្នះឆ្នោត។ សូមជម្រាបថា លោក អនុទីន បានក្លាយជានាយករដ្ឋមន្ត្រីថៃដំបូងគេក្នុងរយៈពេល ២០ឆ្នាំ ដែលត្រូវបានបោះឆ្នោតឱ្យវិលត្រឡប់ចូលកាន់អំណាចវិញ ដែលនេះបញ្ជាក់ឱ្យឃើញពីការផ្លាស់ប្ដូរដ៏ធំធេងនៅក្នុងប្រព័ន្ធនយោបាយប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទី២ នៅអាស៊ីអាគ្នេយ៍។

ជ័យជម្នះរបស់ អនុទីន កើតចេញពីការយកប្រទេសកម្ពុជាធ្វើជាល្បែងនយោបាយ ពិសេស ការលើកយកសង្គ្រាមឈ្លានពាន មកធ្វើជាគោលនយោបាយចម្បង ដើម្បីទទួលបានប្រជាប្រិយភាពពីក្រុមជ្រុលនិយម និងបានទាញចំណាប់អារម្មណ៍ក្រុមយុវជន ព្រោះតែការបណ្ដុះមនោគមន៍វិជ្ជាជាតិសាស្ត្រ។ កំលុងឃោសនាបោះឆ្នោត ឆ្នាំ២០២៥ នៅពេលដែលគណបក្សភឿថៃធ្លាក់ចុះឥទ្ធិពល និងការបើកដៃឱ្យមេដឹកនាំក្រុមយោធា បើកការឈ្លានពានមកលើកម្ពុជាតាមចិត្ត គឺជាការច្បាមយកសន្លឹកឆ្នោតរាប់រយកៅអីពីបក្សប្រជាជន[ថៃ]។ ដំបូងឡើយ អនុទីន បានចាកចេញពីសម្ព័ន្ធរាជរដ្ឋាភិបាលចម្រុះ បន្ទាប់មកបានរៀបចំយុទ្ធសាស្ត្រយ៉ាងរហ័ស ដើម្បីបង្កើតរាជរដ្ឋាភិបាលផ្ទាល់ខ្លួន បន្ទាប់ពីតុលាការសម្រេចដកតំណែងលោកស្រី ផែថងថាន ឈិនៈវ័ត។ លោក អនុទីន ក្នុងវ័យ៥៩ឆ្នាំ គឺជាអ្នកស្មោះត្រង់ និងងប់ងុលងើបមុខមិនរួចជាមួយរបបរាជានិយម ដែលមានអំណាចបំផុតក្នុងប្រទេសថៃ។

ទោះយ៉ាងណា បញ្ហាសេដ្ឋកិច្ចគ្រួសារជាប់បំណុលដ៏ច្រើនលើសលប់ ភាពមិនច្បាស់នៃពាណិជ្ជកម្ម ដោយសារសង្គ្រាមរួមគ្នារវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ នៅតែជាអម្រែកដ៏ធ្ងន់នៅលើស្មាលោក អនុទីន។ តើក្នុងតំណែងនាយករដ្ឋមន្ត្រីថៃថ្មី លោក អនុទីន ឆានវីរគុល អាចដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា បានដែរឬទេ.? តើលោកមានសេចក្តីក្លាហាន ហ៊ានបញ្ជូនក្រុម JBC ថៃ មកជួបដោះស្រាយលើការវាសវែងព្រំដែនគោកជាមួយក្រុម JBC កម្ពុជាដែរឬទេ ឬមួយមានមហិច្ឆតាឈ្លានពានកម្ពុជាបន្ត?...

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត