ជប៉ុន​ ផ្តល់ជំនួយ១លាន​ដុល្លារទៀត​បន្ថែម​ដល់កម្ពុជា សម្រាប់ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ
L
Linda Sorn
5 ម៉ោងមុន

រាជធានីភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន សម្រេចបន្ថែមជំនួយឥតសំណងចំនួន១លាន​ដុល្លារទៀត លើជំនួយចាស់ សម្រាប់ឱ្យកម្ពុជាអនុវត្តគម្រោង «ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស។​

ក្រសួងការបរទេស បានឱ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការកែសម្រួលនៃហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុនសម្រាប់គម្រោង «ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ» នៅថ្ងៃព្រហស្បតទី១៩មីនា ឆ្នាំ២០២៦។ ក្នុងលិខិតប្តូរសារថ្មីនេះ ទំហំទឹកប្រាក់នៃជំនួយសម្រាប់គម្រោងខាងលើ កើនលើសពីហិរញ្ញប្បទានដែលបានចុះហត្ថលេខាលើកដំបូងកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ពី៣៤២១លានយ៉េន ឬស្មើនឹងប្រមាណ២២លានដុល្លារអាម៉េរិក ទៅទំហំទឹកប្រាក់ចំនួន៣៥៦៨លានយ៉េន ស្មើប្រមាណ២៣លានដុល្លារអាម៉េរិក

ក្រសួងការបរទេសចាត់ទុកហិរញ្ញប្បទានឥតសំណងបន្ថែមនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុន ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ស្របពេលពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត