
ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់មានជនជាតិឥណ្ឌូណេស៊ី៦នាក់ និងខ្មែរម្នាក់ត្រូវអាជ្ញាធរចាប់ខ្លួនក្នុងទីតាំងលបលួចធ្វើសកម្មភាពឆបោក នៅភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ....។

ក្រោមការសម្របសម្រួលនីតិវិធីច្បាប់ ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ, លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដ បានដឹកនាំកម្លាំងសមត្ថកិច្ចជំនាញបើកការអង្កេតស្រាវជ្រាវ និងឆ្មក់បង្ក្រាបក្នុងផ្ទះវីឡា ដែលក្រុមឧក្រិដ្ឋជន កំពុងតែលបលួចប្រព្រឹត្តិអំពើឆបោកលុយឆ្លងប្រទេស តាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងឃាត់ខ្លួនជនសង្ស័យសរុបចំនួន៧នាក់។

ក្រោយចប់ប្រតិបត្តិការ អាជ្ញាធរបានដកហូតវត្ថុតាងឯកសណ្ឋាននគរបាលឥណ្ឌូណេស៊ី និងមានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន៦០កញ្ចប់។ ជនសង្ស័យ និងម្ចាស់ទីតាំង ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងឈានទៅកំណត់មុខសញ្ញាឈ្មោះ សុខ នី ជនជាតិខ្មែរជាអ្នកបើកទីតាំង និងឈ្មោះ ហៃ ជនជាតិចិន ដែលបច្ចុប្បន្នកំពុងគេចខ្លួន៕





