
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យលោក អេឡិចសិនដឺ មីខូវស៊ិន ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋស្លូវ៉ាគី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា…។

ក្នុងជំនួបផ្ទាល់ លោក អេឡិចសិនដឺ មីខូវស៊ិន បានជម្រាប សម្ដេចតេជោ ហ៊ុន សែន ថា បេសកកម្មរបស់លោកក្នុងនាមជាឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋស្លូវ៉ាគីប្រចាំកម្ពុជា ពេលនេះ មានភារកិច្ចលើកកម្ពស់ទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងស្លូវ៉ាគី ដែលមានស្រាប់ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ឯកអគ្គរដ្ឋទូតស្លូវ៉ាគី បានសង្កត់ធ្ងន់ថា ក្នុងអាណត្តិលោកបំពេញការងារនៅកម្ពុជា ការងារស្នូលដែលលោកចង់ពង្រីក គឺទំនាក់ទំនងពាណិជ្ជកម្ម, សេដ្ឋកិច្ច, ធុរកិច្ច, និងការវិនិយោគ រវាងស្លូវ៉ាគី និងកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្រចំពោះការលើកឡើងរបស់លោក អេឡិចសិនដឺ មីខូវស៊ិន ដែលចង់ពង្រីកទំនាក់ទំនងរវាងកម្ពុជា-ស្លូវ៉ាគី ទៅលើមុខព្រួញនៃសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ព្រោះវាជាចំណុចស្នូលនៃទំនាក់ទំនងក្រៅពីការទូត និងនយោបាយ។ សម្ដេចតេជោ ហ៊ុន សែន ក៏មិនភ្លេចកោតសរសើរចំពោះក្រសួងការបរទេសនៃប្រទេសទាំងពីរ ដែលរដ្ឋាភិបាលតែងតែជជែកគ្នាអំពីការគាំទ្រគ្នាក្នុងឆាកអន្តរជាតិ និងលើវេទិកាអន្តរជាតិរវាងកម្ពុជា និងស្លូវ៉ាគី។ ប្រមុខរដ្ឋស្តីទី បានបង្ហាញក្ដីសង្ឃឹមថា ក្នុងអាណត្តិរបស់លោក អេឡិចសិនដឺ មីខូវស៊ិន នឹងពូនជ្រុំនូវទំនាក់ទំនងរវាងកម្ពុជា-ស្លូវ៉ាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕





