
រាជធានីភ្នំពេញ៖ អាជ្ញាធរមីន នៅថ្ងៃព្រហស្បតិ៍ទី១៩មីនា ឆ្នាំ២០២៦ នេះ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយអង្គការ Humanity & Inclusion (HI) ស្តីពីភាពជាដៃគូកិច្ចសង្រ្គោះជនរងគ្រោះ និងសកម្មភាពមីននៅកម្ពុជា...។

អនុស្សរណៈយោគយល់គ្នា រវាងភាគីទាំងពីរ ត្រូវបានចុះហត្ថលេខាដោយ លោក លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន និងលោក រ៉ាជីប ដាគូអា (Rajib Dakua) នាយកប្រចាំប្រទេសនៃអង្គការ Humanity & Inclusion។ ចូលរួមក្នុងពិធីចុះអនុស្សរណៈ លោក លី ធុជ អនុប្រធានទី១នៃអាជ្ញាធរមីន បានមានប្រសាសន៍ថា កិច្ចសង្រ្គោះជនរងគ្រោះ មិនត្រូវផ្តោតលើតែការឧបត្ថម្ភគាំទ្រប៉ុណ្ណោះទេ ត្រូវគិតគូរដល់ការស្តារឡើងវិញនូវសេចក្ដីថ្លៃថ្នូរ ការផ្ដល់ឱកាស និងក្ដីសង្ឃឹម។ លោកអរគុណដល់អង្គការ HI ចំពោះភាពជាដៃគូយូរអង្វែងជាមួយកម្ពុជា ដែលបានចាប់ផ្តើមក្នុងខណៈពេលកម្ពុជាកំពុងប្រឈមយ៉ាងធ្ងន់ធ្ងរ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងបន្តប្តេជ្ញាចិត្តរបស់អង្គការ ក្នុងការគាំទ្រដល់ជនមានពិការភាព និងជនងាយរងគ្រោះនៅកម្ពុជា តាមរយៈការផ្ដល់សេវាស្តារនីតិសម្បទា កម្មវិធីរួមបញ្ចូលសង្គម និងការគាំទ្រតាមសហគមន៍។

លោកចាត់ទុកកិច្ចសហការនេះ មានសារសំខាន់ ដែលពិតជាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងសកម្មភាពមីនមនុស្សធម៌ និងជំនួយជនរងគ្រោះនៅកម្ពុជា ក៏ដូចជាគាំទ្រដល់ការចែករំលែកចំណេះដឹង និងកិច្ចសហប្រតិបត្តិការបច្ចេកទេស។ ទន្ទឹមនោះ លោកគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាល ក៏បាននិងកំពុងពង្រឹងបន្ថែមលើការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ព្រមទាំងប្តេជ្ញាចិត្តថា មិនទុកឱ្យប្រជាពលរដ្ឋកម្ពុជាណាម្នាក់បន្តរងគ្រោះ និងមិនបានយកចិត្តទុកដាក់ឡើយ។ បច្ចុប្បន្ន កម្ពុជាបានប្រែក្លាយពីប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយគ្រាប់មីន ទៅជាប្រទេសមួយត្រូវបានទទួលស្គាល់ជាសកលសម្រាប់វឌ្ឍនភាពក្នុងសកម្មភាពមីនមនុស្សធម៌៕




