អភិបាលខេត្តកំពត បញ្ជាមន្ត្រីឱ្យទប់ស្កាត់រាល់ការនាំទំនិញពីប្រទេសថៃ
អុន សម្ផស្ស
7 ម៉ោងមុន

ខេត្តកំពត៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ឱ្យទប់ស្កាត់រាល់ការនាំទំនិញហាមឃាត់ពីថៃចូលកម្ពុជាតាមខេត្តកំពត។ អភិបាលខេត្តរូបនេះ ចាត់ទុកកានាំចូលទំនិញថៃ ថាជាការប្រមាថដល់ក្រុមគ្រួសារ និងវីរកងទ័ព ដែលបានបូជាជីវិតការពារទឹកដី។ នេះបើតាមការចុះផ្សាយរបស់ព័ត៌មានទូរទស្សន៍មហាផ្ទៃ...។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៩មីនា ឆ្នាំ២០២៦ លោក ម៉ៅ ធនិន ថ្លែងថា៖«[..]មន្ត្រីជំនាញពាក់ព័ន្ធ និងកម្លាំងសមត្ថកិច្ចទាំងផ្នែកទឹក និងគោក ត្រូវសហការរួមគ្នាបន្តទប់ស្កាត់កុំឱ្យមានរំហូរទំនិញហាមឃាត់ពីប្រទេសថៃចូលមកកម្ពុជា តាមច្រកគោក ឬច្រកទឹកក្នុងភូមិសាស្ត្រខេត្តកំពតជាដាច់ខាត ព្រោះវាជាការប្រមាថមួយដល់ក្រុមគ្រួសារ និងវីរកងទ័ពពលី ដែលបានបូជាជីវិតដើម្បីការពារសន្តិភាព និងបូរណភាពទឹកដី[..]»។ ទន្ទឹមគ្នា លោកអភិបាលខេត្ត ក៏បានណែនាំឱ្យមន្ត្រីពាក់ព័ន្ធរួមគ្នាទប់ស្កាត់ការវិលត្រឡប់មកវិញនៃបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) រួមទាំងការសម្អាតអនាម័យបរិស្ថាន, សម្អាតតំបន់ឆ្នេរ និងហាមឃាត់រាល់សកម្មភាពរំលោភបំពានយកដីដៃព្រែក និងរក្សាការពារដីរដ្ឋឱ្យបានល្អប្រសើរ។

លោកបន្ថែមថា ការរួមគ្នាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបង្កើតសមិទ្ធផលទេសចរណ៍ ការរក្សាបាននូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពបានល្អប្រសើរ មិនត្រឹមតែជួយលើកកម្ពស់ដល់សេដ្ឋកិច្ចប្រជាជន និងខេត្តប៉ុណ្ណោះទេ តែវាបានបង្ហាញតម្លៃ និងសេចក្តីថ្លៃថ្នូររបស់ប្រទេសកម្ពុជា ទៅកាន់ពិភពលោកផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត