បទបរិយាយ៖ អ៊ីរ៉ង់ច្បាំងម្នាក់ឯងជាមួយសត្រូវទាំងត្រដរ ខណៈមិត្តសម្លាញ់ទាំងពីរឱបដៃឈរមើលពីចម្ងាយ
ហៀប ស៊ីថេត
19 ម៉ោងមុន

មជ្ឈិមបូព៌ា៖ ក្រោយមេដឹកនាំកំពូលត្រូវបានសម្លាប់ រដ្ឋធានីតេហេរ៉ង់បានរងសម្ពាធយ៉ាងខ្លាំងពីសំណាក់សហរដ្ឋអាម៉េរិក អ៊ីស្រាអែល និងបណ្តាប្រទេសផ្សេងទៀត ទាំងក្នុង និងក្រៅតំបន់។ ពេលនេះ អ៊ីរ៉ង់ ឈរច្បាំងតតាំងជាមួយសត្រូវជុំទិសយ៉ាងអង់អាច ទោះបីឯកោបន្តិច ប៉ុន្តែសមនឹងពាក្យដែលគេឯងរមែងលើកឡើងថា បើយើងមិនខ្លាំងខ្លួនឯង តើនរណានឹងមកជួយយើង? ក្នុងនាមជាដៃគូយុទ្ធសាស្ត្រយូរឆ្នាំ និងជាមិត្តសម្លាញ់ចាស់វស្សាផង ចិន និងរុស្ស៊ី មិនទាន់បង្ហាញសញ្ញាពីសកម្មភាពយោធាណាមួយ ចូលជួយសម្ព័ន្ធមិត្តអ៊ីរ៉ង់ ក្រៅពីការថ្កោលទោសតាមផ្លូវការទូត និងការសម្ដែងការព្រួយបារម្ភប៉ុណ្ណោះ។ តើវាអាចជាយុទ្ធសាស្ត្រសង្គ្រាមរបស់សម្ព័ន្ធមិត្តនុយក្លេអ៊ែរទាំងបីដែរឬទេ បានជាមិត្តសម្លាញ់ទាំងពីរ ឈរឱបដៃមើលពីចម្ងាយបែបនេះ...?

រដ្ឋធានីតេហេរ៉ង់ បានឆ្លើយតបទៅនឹងការវាយប្រហាររួមគ្នារបស់អាម៉េរិក និងអ៊ីស្រាអែល ដោយបានពង្រីកភ្លើងជម្លោះឱ្យហួសពីតំបន់មជ្ឈិមបូព៌ា តាមរយៈការបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ឬដ្រូន បង្កផលប៉ះពាល់ដល់ទីផ្សារថាមពលសកល រង្គោះរង្គើតាមបណ្តារដ្ឋធានីនានា និងធ្វើឱ្យគាំងស្ទះដល់ការដឹកជញ្ជូនប្រេង តាមច្រកសមុទ្ទហ័រមូស្ស (Hormuz) ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់មួយ សម្រាប់ផ្គត់ផ្គង់សកល។ មីស៊ីលរបស់អ៊ីរ៉ង់ បានបាញ់ទៅដល់ប្រទេសស៊ីប អាស៊ែបៃហ្សង់ តួកគី អារ៉ាប៊ីសាអូឌីត និងបណ្តាប្រទេសផ្សេងៗទៀត ក្នុងតំបន់ឈូងសមុទ្ទ ដោយបានកំណត់គោលដៅលើអាជីវកម្មសំខាន់ៗ ហេដ្ឋារចនាសម្ព័ន្ធថាមពល និងមូលដ្ឋានទ័ពអាម៉េរិកជាដើម។ កន្លែងផលិតប្រេង រោងចក្រចម្រាញ់ និងផ្លូវផ្គត់ផ្គង់សំខាន់ៗ ត្រូវបានវាយប្រហារ បង្កឱ្យមានការរំខានយ៉ាងធ្ងន់ធ្ងរដល់ការផ្គត់ផ្គង់ប្រេងឆៅ និងឧស្ម័នធម្មជាតិ។

ការបិទច្រកសមុទ្ទហ័រមូស្ស បានធ្វើឱ្យតម្លៃថាមពលហក់ឡើងខ្ពស់ បង្កអស្ថិរភាពដល់ទីផ្សារសកល និងបង្ខំឱ្យប្រទេសសេដ្ឋកិច្ចធំៗ ត្រូវប្រញាប់ប្រញាល់ដោះស្រាយឱ្យបានឆាប់បំផុត។ សម្លឹងមើលទៅសមរភូមិសង្គ្រាមនៅមជ្ឈិមបូព៌៌ាវិញ អ៊ីរ៉ង់ហាក់កំពុងច្បាំងជាមួយអាម៉េរិក និងអ៊ីស្រាអែល តែម្នាក់ឯង ដោយសូម្បីតែមិត្តចិត្តមួយថ្លើមមួយ ដូចជា៖ រុស្ស៊ី និងចិន បានត្រឹមឈរឱបដៃមើលពីចម្ងាយប៉ុណ្ណោះ។ អ្នកវិភាគយល់ថា ការចូលអន្តរាគមន៍ជួយអ៊ីរ៉ង់តទល់ជាមួយអ៊ីស្រាអែល និងអាម៉េរិក នឹងត្រូវចំណាយខ្ពស់ ប៉ុន្តែទទួលបានផលប្រយោជន៍តិចតួច និងមានហានិភ័យចំពោះខ្លួនឯង ដែលមិនអាចទាយទុកជាមុនបាន​ ខណៈដែលរុស្ស៊ីខ្លួនឯងកំពុងជាប់ដៃប្រយុទ្ធជាមួយអ៊ុយក្រែន។ ងាកទៅចិនឯណេះវិញ មហិច្ឆតាដណ្តើមយកកោះតៃវ៉ាន់មកគ្រប់គ្រងវិញ គឺជាផែនការចម្បងរបស់មេដឹកនាំចិនបច្ចុប្បន្ន ដូច្នេះ ការចូលជួយអ៊ីរ៉ង់ដោយមិនគិតឱ្យបានច្បាស់លាស់ ចិនច្បាស់ជាជាប់ដៃផុងខ្លួនក្នុងសង្គ្រាមជាមួយសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល ដូចអ៊ីរ៉ង់ដែរមិនខាន។

ម្លោះហើយ ទាំងរដ្ឋធានីមូស្គូ និងរដ្ឋធានីប៉េកាំង កំពុងសម្លឹងមើលសង្គ្រាមកូនកាត់នេះដោយប្រុងប្រយ័ត្នខ្ពស់ តែក៏មិនចោលអ៊ីរ៉ង់ដែរ ព្រោះអ៊ីរ៉ង់ជាសម្ព័ន្ធមិត្តដ៏មានឥទ្ធិពល និងសក្តានុពលបំផុតដែលចិន និងរុស្ស៊ី មិនអាចមិនចាប់អារម្មណ៍បានឡើយ។ សូមជម្រាបថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលចិនបានព្យាយាមប្រជ្រៀតខ្លួនចូលទៅក្នុងវិស័យការទូតនៅមជ្ឈិមបូព៌ា ខណៈរុស្ស៊ីចាត់ទុកអ៊ីរ៉ង់ ជាសសរស្តម្ភនៃសម្ព័ន្ធមិត្តប្រឆាំងលោកខាងលិច ហើយវាក៏ជាជម្លោះមួយផ្តល់ផលប្រយោជន៍ដល់រដ្ឋធានីប៉េកាំង និងមូស្គូ ក្នុងការទាញសហរដ្ឋអាម៉េរិកឱ្យផុងខ្លួនចូលជ្រៅទៅក្នុងសង្គ្រាមរ៉ាំរ៉ៃដូចរុស្ស៊ី និងអ៊ុយក្រែនផងដែរ។ ជាក់ស្តែង សង្គ្រាមកូនកាត់នេះ ចិនអាចឈរមើលកងទ័ពអាម៉េរិកប្រយុទ្ធនៅតំបន់មជ្ឈិមបូព៌ា ខណៈសព្វាវុធក្នុងឃ្លាំងសហរដ្ឋអាម៉េរិក កំពុងចាប់ផ្តើមស្រកចុះស្រឺតៗដូចទឹកសមុទ្ទនាចយ៉ាងដូច្នោះដែរ។

ជាមួយគ្នានេះ ចិនក៏អាចអាចសិក្សាពីសមត្ថភាពប្រតិបត្តិការសឹករបស់យោធាអាម៉េរិក ដើម្បីទុកជាមេរៀនសម្រាប់សេណារីយ៉ូដណ្តើមយកកោះតៃវ៉ាន់ នាពេលអនាគតដ៏ខ្លីខាងមុខនេះដែរ។ ចំណែក រុស្ស៊ីវិញ ក៏ចំណេញមិនតិចដែរ ជុំវិញវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ានេះ ព្រោះថា ការបិទច្រកសមុទ្ទហ័មូស្ស នឹងធ្វើឱ្យតម្លៃប្រេងកើនឡើងជាសកល ដូច្នេះ វាអាចនាំឱ្យសម្ពាធពាណិជ្ជកម្មប្រេងរបស់រុស្ស៊ី នាពេលកន្លងមក អាចនឹងធូរស្រាលជាងមុន ក្នុងការជួយពង្រឹងសេដ្ឋកិច្ចរបស់ខ្លួនឱ្យងើបឡើងវិញ។ លើសពីនេះ ស្របពេល អាម៉េរិកជាប់ដៃប្រយុទ្ធនៅមជ្ឈិមបូព៌ា នោះរដ្ឋធានីវ៉ាស៊ីនតោន នឹងមានពេលតិចតួចណាស់ក្នុងការយកចិត្តទុកដាក់មើលថែអ៊ុយក្រែន ដែលវាជាពេលដ៏សក្តិសមសម្រាប់រដ្ឋអំណាចមូស្គូ ដណ្តើមខាំសង្គ្រុបយកទឹកដីអ៊ុយក្រែនបន្ត។

ជារួម ក្នុងល្បែងភូមិសាស្ត្រនយោបាយរបស់មេដឹកនាំពិភពលោក សង្គ្រាមដ៏ស្រួចស្រាវនេះ អ៊ីរ៉ង់ ត្រូវបានគេមើលឃើញថា ហាក់កំពុងក្លាយជាកូនអុករងទុក្ខម្នាក់ឯង ខណៈដែលចិន និងរុស្ស៊ី រក្សាភាពស្ងៀមស្ងាត់ដើម្បីក្រសោបយកផលប្រយោជន៍ពីសម្ព័ន្ធមិត្តជិនស្និទ្ធិរបស់ខ្លួន។ ប៉ុន្តែបើយើងមើលឱ្យជ្រៅ នេះមិនមែនជាការទុកចោលទេ តែអាចជាយុទ្ធសាស្ត្រត្រជាក់ខាងក្រៅក្ដៅខាងក្នុង ពោលគឺមេដឹកនាំសម្ព័ន្ធមិត្តនុយក្លេអ៊ែរទាំងបីមិនអាចក្បត់គ្នាបានឡើយ ព្រោះបើពួកគេក្បត់គ្នា សត្រូវរួមដូចជាសហរដ្ឋអាម៉េរិក អ៊ីស្រាអែល និងអង្គការណាតូ ច្បាស់ជានឹងកម្ទេចពួកគេម្ដងមួយៗមិនខាន។ ដូច្នេះ យើងរង់ចាំមើលថា តើរដ្ឋធានីតេហេរ៉ង់អាចទ្រាំទ្រសង្គ្រាមនេះ បានយូរប៉ុណ្ណា..? ហើយថា តើតម្លៃនៃភាពស្មោះត្រង់ក្នុងសម្ព័ន្ធភាពប្រឆាំងលោកខាងលិចរបស់ស្តេចនុយក្លេអ៊ែរទាំងបី មានតម្លៃត្រឹមតែការថ្កោលទោស ឬបង្កប់សកម្មភាពគាំទ្រពីក្រោយខ្នង?...

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត