
រដ្ឋធានីវ៉ាស៊ីនតោន៖ យោងតាមរបាយការណ៍ពីភ្នាក់ងារព័ត៌មាន CNN កាលពីថ្ងៃទី៦ ខែមីនា បានឱ្យដឹងថា ប្រទេសចិនកំពុងតែផ្លាស់ប្ដូរយុទ្ធសាស្ត្ររបស់ខ្លួន ដោយងាកមកផ្ដល់ជំនួយហិរញ្ញវត្ថុ គ្រឿងបន្លាស់យោធា និងគ្រឿងបង្គុំមីស៊ីលឱ្យទៅប្រទេសអ៊ីរ៉ង់វិញ...។

កន្លងមក រដ្ឋធានីប៉េកាំង ព្យាយាមគេចចេញពីការលូកដៃផ្ទាល់ក្នុងជម្លោះ ប៉ុន្តែមន្ត្រីអាម៉េរិកកំពុងតាមដានយ៉ាងដិតដល់បំផុត ចំពោះសញ្ញានៃការប្រែប្រួលជំហរដ៏គួរឱ្យកត់សម្គាល់នេះ។ ក្រៅពីចិន របាយការណ៍ក៏បានបង្ហើបថា រុស្ស៊ីបាននិងកំពុងផ្ដល់ទិន្នន័យសម្ងាត់ពីផ្កាយរណបទៅឱ្យអ៊ីរ៉ង់ ដើម្បីតាមដានចលនាទ័ពរបស់អាម៉េរិកផងដែរ។ ទោះជាយ៉ាងណា ប្រភពព័ត៌មានបានបញ្ជាក់ថា ចិននៅតែមានភាពប្រុងប្រយ័ត្នខ្ពស់ ក្នុងការផ្ដល់ជំនួយដល់អ៊ីរ៉ង់ ព្រោះជម្លោះនេះ អាចនឹងប៉ះពាល់ដល់សន្តិសុខថាមពលរបស់ខ្លួន ដោយសារចិន គឺជាអ្នកបញ្ជាទិញប្រេងដ៏ធំបំផុតពីអ៊ីរ៉ង់។ ស្របពេលជាមួយគ្នា ចិនក៏បានជំរុញឱ្យរដ្ឋធានីតេហេរ៉ង់ ធានាសុវត្ថិភាពនាវាចរណ៍តាមច្រកសមុទ្ទហ័រមុស្ស សម្រាប់ការដឹកជញ្ជូនទំនិញពាណិជ្ជកម្មផងដែរ។

គួរបញ្ជាក់ថា ចាប់តាំងពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បើកយុទ្ធនាការវាយប្រហារទ្រង់ទ្រាយធំ កាលពី២សប្តាហ៍មុន មនុស្សជាង១០០០នាក់ ត្រូវបានសម្លាប់ រួមមាន៖ទាំងមេដឹកនាំកំពូលលោក អាយ៉ាតូឡាហ៍ អាលី ខាមេណី កុមា-កុមារីសិស្សសាលាជាង១៥០នាក់ និងមន្ត្រីយោធាជាន់ខ្ពស់ជាច្រើនរូបទៀត។ ជាការឆ្លើយតប អ៊ីរ៉ង់បានបាញ់បង្ហោះដ្រូន និងមីស៊ីលរាប់ពាន់គ្រាប់ សំដៅទៅរកមូលដ្ឋានទ័ពអាម៉េរិក ស្ថានទូត និងទីក្រុងនានាក្នុងប្រទេសអ៊ីស្រាអែល។ កាលពីសប្តាហ៍មុន ទាហានអាម៉េរិក៦នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតរងរបួស ក្នុងការវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់នៅប្រទេសគុយវ៉ែត។


