
រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានស្នើពន្យារពេលដំណើរទស្សនកិច្ចផ្លូវការទៅកាន់រដ្ឋធានីប៉េកាំងប្រហែលមួយខែ ដោយសារស្ថានភាពសង្គ្រាមជាមួយអ៊ីរ៉ង់កាន់តែតានតឹង។ ជំនួបកំពូលរវាងលោក ត្រាំ និងលោកប្រធានរដ្ឋចិន ស៊ី ជីនពីង ដែលគ្រោងធ្វើឡើងនៅចុងខែមីនានេះ ត្រូវបានលោក ត្រាំ បញ្ជាក់ថា លោកចាំបាច់ត្រូវស្ថិតនៅក្នុងសេតវិមាន ដើម្បីតាមដានស្ថានការណ៍...។

ទោះជាយ៉ាងណាក៏ដោយ ការពន្យារពេលនេះ កើតមានឡើងចំពេលដែល ត្រាំ កំពុងដាក់សម្ពាធយ៉ាងខ្លាំងឱ្យរដ្ឋធានីប៉េកាំង ជួយបើកច្រកសមុទ្ទហ័រមូស្សឡើងវិញ ដោយលោកបានសង្កត់ធ្ងន់ថា ប្រទេសចិន គឺជាអ្នកទទួលផលធំជាងគេពីផ្លូវទឹកនេះ ព្រោះការនាំចូលប្រេងរហូតដល់៥០ភាគរយ ត្រូវឆ្លងកាត់ទីនោះ។ ឆ្លើយតបនឹងស្ថានភាពនេះ ក្រសួងការបរទេសចិន តាមរយៈអ្នកនាំពាក្យ លោក លីន ជៀន បញ្ជាក់ថា ភាគីទាំងពីរកំពុងបន្តរក្សាទំនាក់ទំនងជាមួយគ្នា ប៉ុន្តែចិននៅតែរក្សាជំហរអំពាវនាវឱ្យមានការឈប់បាញ់ជាបន្ទាន់ ដើម្បីការពារស្ថិរភាពសេដ្ឋកិច្ចសកល និងជៀសវាងភាពចលាចលកាន់តែធំ។ បច្ចុប្បន្ន មានសេចក្តីរាយការណ៍ថា រដ្ឋធានីប៉េកាំងកំពុងស្ថិតក្នុងកិច្ចចរចាជាមួយរបបដឹកនាំអ៊ីរ៉ង់ ដើម្បីស្វែងរកលទ្ធភាពអនុញ្ញាតឱ្យនាវាដឹកប្រេង អាចឆ្លងកាត់ច្រកសមុទ្ទហ័រមូស្សបាន ប៉ុន្តែមិនទាន់មានលទ្ធផលផ្លូវការណាមួយឡើយ។

ក្នុងពេលជាមួយគ្នា ក្រុមអ្នកវិភាគ និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានបង្ហាញមតិរិះគន់ខ្លាំងៗចំពោះទង្វើរបស់អាម៉េរិក ដោយពួកគេយល់ថា រដ្ឋធានីវ៉ាស៊ីនតោនកំពុងអង្វរចិនឱ្យជួយដោះស្រាយបញ្ហាដែលខ្លួនជាអ្នកបង្កឡើង នៅក្នុងប្រទេសអ៊ីរ៉ង់។ លោក រ៉េន យី (Ren Yi) អ្នកវិភាគជាតិនិយមចិន បានលើកឡើងថា វាជារឿងមិនសមហេតុផលឡើយ ដែលរំពឹងថា ចិននឹងទទួលស្វាគមន៍លោក ត្រាំ យ៉ាងកក់ក្ដៅ ក្នុងពេលអាម៉េរិកកំពុងបើកការវាយប្រហារយ៉ាងសាហាវលើប្រទេសអធិបតេយ្យ ដែលជាដៃគូយុទ្ធសាស្ត្ររបស់ចិន។ ទោះជាយ៉ាងណាក៏ដោយ ការចរចាលើវិស័យពាណិជ្ជកម្ម និងរ៉ែសំខាន់ៗ រវាងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរនៅតែបន្តប្រព្រឹត្តទៅនៅរដ្ឋធានីប៉ារីស បង្ហាញថា ទ្វារការទូតមិនទាន់ត្រូវបានបិទទាំងស្រុងនោះទេ៕



