ចិនផ្ញើសារព្រមានចំៗទៅកាន់លោក ត្រាំ ឱ្យបញ្ឈប់ការចង់ត្រួតត្រាវាសនាអ៊ីរ៉ង់
N
Nary Vann
6 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ ក្នុងសន្និសីទសារព័ត៌មានដ៏ធំមួយ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ លោក វ៉ាង យី ប្រមុខការទូតកំពូលរបស់ចិន បានចេញមុខរិះគន់ធ្ងន់ៗចំពោះសង្គ្រាមនៅមជ្ឈិមបូព៌ា ដោយលោកសង្កត់ធ្ងន់ថា សង្គ្រាមនេះមិនគួរកើតមានឡើងទាល់តែសោះ និងអំពាវនាវម្ដងទៀតឱ្យបញ្ចប់អរិភាពជាបន្ទាន់...។

លោកវ៉ាង យី
លោកវ៉ាង យី

លោក វ៉ាង យី បានថ្លែងយ៉ាងដូច្នេះថា៖«នេះជាសង្គ្រាមមួយដែលមិនគួរកើតឡើងឡើយ ហើយវាជាសង្គ្រាមដែលមិនផ្តល់ផលប្រយោជន៍ដល់ភាគីណាមួយដែរ»។ លោកបានពិពណ៌នាថា តំបន់មជ្ឈិមបូព៌ា បច្ចុប្បន្នកំពុងស្ថិតក្នុងសមុទ្ទភ្លើង ហើយលោកបានអំពាវនាវឱ្យមានការបញ្ឈប់រាល់សកម្មភាពយោធាជាបន្ទាន់ ដើម្បីបង្ការកុំឱ្យសង្គ្រាមនេះរីករាលដាលកាន់តែខ្លាំងដែលពិបាកនឹងគ្រប់គ្រង។ ប្រមុខការទូតចិនរូបនេះ បានទទូចឱ្យភាគីជម្លោះងាកមករកការចរចា និងគោរពអធិបតេយ្យភាពរបស់អ៊ីរ៉ង់ ជាជាងការប្រើច្បាប់ព្រៃ ដើម្បីដោះស្រាយបញ្ហា។

អ្វីដែលកាន់តែច្បាស់នោះ គឺចិនបានផ្ញើសារព្រមានចំៗទៅកាន់ លោក ដូណាល់ ត្រាំ ដែលមានបំណងចង់ដណ្ដើមសិទ្ធិសម្រេចជោគវាសនាអ៊ីរ៉ង់ថា រាល់ការប៉ុនប៉ងបង្កចលាចលដើម្បីផ្លាស់ប្ដូររបបដឹកនាំ នឹងត្រូវបរាជ័យ ព្រោះវាសនារបស់មជ្ឈិមបូព៌ា ត្រូវតែសម្រេចដោយប្រជាជននៅក្នុងតំបន់នោះផ្ទាល់។ ទន្ទឹមនោះ ចិនក៏បានបង្ហាញជំហររួចរាល់ក្នុងការសហការជាមួយបណ្ដាប្រទេសអារ៉ាប់ ដើម្បីស្ដារសន្តិភាព និងស្ថិរភាពក្នុងតំបន់ឱ្យត្រឡប់មកវិញឱ្យឆាប់បំផុត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត