ត្រាំក្តៅស្លឹកត្រចៀក ក្រោយបារាំង-អង់គ្លេសបដិសេធ និងថាអាចយកឈ្នះសង្គ្រាមអ៊ីរ៉ង់ដោយមិនបាច់ពឹងអឺរ៉ុប
N
Nary Vann
20 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសយ៉ាងដាច់អហង្កាថា សហរដ្ឋអាម៉េរិកមិនត្រូវការជំនួយក្នុងការបើកច្រកសមុទ្ទហ័រមូស្សឡើងវិញនោះទេ ខណៈកាលពីចុងសប្តាហ៍មុន លោកបានអំពាវនាវឱ្យមានការបង្កើតសម្ព័ន្ធភាពអន្តរជាតិ ដើម្បីការពារផ្លូវទឹកយុទ្ធសាស្ត្រនេះក៏ដោយ...។

លោកដូណាល់ ត្រាំ
លោកដូណាល់ ត្រាំ

ថ្លែងចេញពីការិយាល័យពងក្រពើ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអៀរឡង់ លោក ត្រាំ បានរិះគន់យ៉ាងចាស់ដៃលើសម្ព័ន្ធមិត្តណាតូ រួមទាំងបារាំង និងអង់គ្លេស ដែលបានបដិសេធមិនចូលរួមក្នុងប្រតិបត្តិការជើងទឹកនេះ ដោយលោកលើកឡើងថា វាជារឿងគួរឱ្យភ្ញាក់ផ្អើលបំផុត ដែលប្រទេសទាំងនោះមិនព្រមជួយអាម៉េរិក ទាំងដែលអាម៉េរិកធ្លាប់បានជួយពួកគេយ៉ាងច្រើនសន្ធឹកសន្ធាប់កន្លងមក។ ទោះបីជា លោក ត្រាំ អះអាងថា អាម៉េរិកអាចដោះស្រាយបញ្ហានេះម្នាក់ឯងបាន ប៉ុន្តែលោកក៏បានលើកសរសើរពីការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់បណ្ដាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាដូចជា កាតា អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត បារ៉ែន និងអ៊ីស្រាអែល

យ៉ាងណា រហូតមកដល់ពេលនេះ មិនទាន់មានប្រទេសអារ៉ាប់ណាមួយប្រកាសជាសាធារណៈថា បានចូលរួមក្នុងសម្ព័ន្ធភាពយោធាថ្មីនេះនៅឡើយទេ ក្រៅពីកិច្ចសហការដែលមានស្រាប់។ លោក ត្រាំ បានព្យាករថា អ៊ីរ៉ង់នឹងត្រូវចំណាយពេលដល់ទៅ១០ឆ្នាំដើម្បីស្ដារប្រទេសឡើងវិញក្រោយសង្គ្រាមនេះ ហើយលោកបន្ថែមថា កងទ័ពអាម៉េរិកនឹងមិនទាន់ចាកចេញពីតំបន់នេះភ្លាមៗទេ ប៉ុន្តែនឹងធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត