សង្គ្រាមប្រឆាំងអ៊ីរ៉ង់ មន្ទីរបញ្ចកោណស្នើសុំកញ្ចប់ថវិកា២០០ពាន់លានដុល្លារពីសភា
N
Nary Vann
17 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ យោងតាមការចុះផ្សាយរបស់កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ ផ្អែកលើប្រភពពីមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលសហរដ្ឋអាម៉េរិក មន្ទីរបញ្ចកោណ បានស្នើឱ្យសេតវិមានអនុម័តលើកញ្ចប់ថវិកាបន្ថែមដែលមានចំនួនរហូតដល់ទៅជាង២០០ពាន់លានដុល្លារ ពីរដ្ឋសភា...។ 

កញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះ ត្រូវបានរៀបចំឡើងដើម្បីទ្រទ្រង់ដល់ប្រតិបត្តិការសង្គ្រាមដែលកំពុងបន្តអូសបន្លាយនៅក្នុងប្រទេសអ៊ីរ៉ង់។ សំណើថវិកានេះ ត្រូវបានធ្វើឡើងចំពេលយុទ្ធនាការយោធារបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ប្រឆាំងរបបតេហេរ៉ង់ អូសបន្លាយចូលដល់សប្តាហ៍ទី៣ ដែលសហរដ្ឋអាម៉េរិកប្រើប្រាស់គ្រាប់បែកទំនើបៗ និងយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកជាច្រើនគ្រឿង កម្ទេចគោលដៅយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់។ ប្រសិនបើត្រូវបានរដ្ឋសភាសហរដ្ឋអាម៉េរិក អនុម័តមែននោះ វានឹងក្លាយជាការចំណាយដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រសង្គ្រាមសម័យទំនើបរបស់សហរដ្ឋអាម៉េរិក។

យ៉ាងណាមិញ ចំនួនទឹកប្រាក់នេះបានបង្កើតជាសំណួរយ៉ាងធំធេងចំពោះភាពស្មោះត្រង់នៃគោលនយោបាយរបស់ប្រធានធិបតី ដូណាល់ ត្រាំ ដែលកាលពីពេលឃោសនាបោះឆ្នោត លោកបានសន្យាថា នឹងបញ្ចប់ការចំណាយឥតប្រយោជន៍លើសង្គ្រាមនៅក្រៅប្រទេស។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺ លោក ដូណាល់ ត្រាំ ធ្លាប់បានរិះគន់យ៉ាងចាស់ដៃលើរដ្ឋបាលលោក បៃឌិន ចំពោះការចំណាយថវិកាប្រមាណ ១៨៨ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែន។ ប៉ុន្តែនៅពេលនេះ គ្រាន់តែសង្គ្រាមជាមួយអ៊ីរ៉ង់ ឈានចូលដល់សប្តាហ៍ទី៣ លោកបែរជាស្នើសុំកញ្ចប់ថវិកាខ្ពស់ជាងការចំណាយសរុបលើអ៊ុយក្រែនទៅទៀត។ តើ លោក ដូណាល់ ត្រាំ នឹងឆ្លើយតបយ៉ាងណា ជុំវិញការចោទសួរនូវសំណួរដ៏ចាក់ដោតមួយនេះ?...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត