ថៃងាកទៅទិញប្រេងរុស្ស៊ី ក្រោយជួបវិបត្តិថាមពល
ហៀប ស៊ីថេត
8 ម៉ោងមុន

រាជធានីបាងកក៖ ស្ថានភាពសេដ្ឋកិច្ចប្រេងរបស់ប្រទេសថៃ កំពុងធ្លាក់ដុនដាបដល់កម្រិតប្រកាសអាសន្ន ខណៈរាជរដ្ឋាភិបាលបាងកក បានប្តូរទិសដៅទៅសុំទិញប្រេងធូរថ្លៃពីរុស្ស៊ី ដើម្បីយកមកប៉ះប៉ូវភាពបរាជ័យនៃគោលនយោបាយថាមពលផ្ទៃក្នុងរបស់ខ្លួន។ ទន្ទឹមនឹងឧបនាយករដ្ឋមន្ត្រីថៃ អះអាងនៅថ្ងៃអង្គារទី១៧ ខែមីនានេះថា រាជធានីបាងកក កំពុងពិភាក្សាជាមួយរដ្ឋាភិបាលរុស្ស៊ី អំពីលទ្ធភាពក្នុងការទិញប្រេងឆៅ។

ឧបនាយករដ្ឋមន្ត្រីថៃ លោក ភិផាត រជ្ជកិច្ចប្រាកាន (พิพัฒน์ รัชกิจประการ) បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋមន្ត្រីការបរទេសថៃ បានពិភាក្សាលើបញ្ហានៃការទិញប្រេងឆៅរបស់រុស្ស៊ីនៅក្នុងកិច្ចប្រជុំមួយនៅទ្វីបអឺរ៉ុប កាលពីថ្ងៃចន្ទទី១៦មីនា ខណៈកិច្ចចរចានេះ កំពុងដំណើរការ ក្រោយអាម៉េរិកបើកដៃឱ្យប្រទេសនានាទិញប្រេងពីរុស្ស៊ីជាបណ្តោះអាសន្ន។ លោកបានបន្តថា រាជរដ្ឋាភិបាលថៃ នឹងពិភាក្សាអំពីតម្លៃប្រេងឥន្ធនៈនៅពេលក្រោយ ខណៈតម្លៃប្រេងម៉ាស៊ូតត្រូវបានកំណត់ថា នឹងកើនឡើងបន្ថែមទៀត។ ឧបនាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់ថា រាជរដ្ឋាភិបាលថៃ នឹងព្យាយាមទប់តម្លៃប្រេងម៉ាស៊ូតក្នុងស្រុកត្រឹម៣៣បាត (ឬប្រមាណ១,០២ដុល្លារ)ក្នុងមួយលីត្រ។ បច្ចុប្បន្ន មូលនិធិប្រេងរបស់ប្រទេសនេះ កំពុងស្ថិតក្នុងឱនភាព ឬខ្វះខាតថវិកាដោយកំពុងជាប់បំណុលវ័ណ្ឌក រហូតដល់ទៅជាង១២ពាន់លានបាត (ឬស្មើ៣៧០,៣៧លានដុល្លារ)

រូបភាព៖ The Nation, លោក ភិផាត រជ្ជកិច្ចប្រាកាន Phiphat Ratchakitprakarn (ពាក់់អាវខ្មៅ)
រូបភាព៖ The Nation, លោក ភិផាត រជ្ជកិច្ចប្រាកាន Phiphat Ratchakitprakarn (ពាក់់អាវខ្មៅ)

លោក សារ៉ាវុធ កែវតាធីព (ศราวุฒิ แก้วตาทิพย์) អគ្គនាយកនៃនាយកដ្ឋានធុរកិច្ចថាមពល បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយថា គិតត្រឹមថ្ងៃអង្គារទី១៧ ខែមីនា ប្រទេសថៃមានទុនបម្រុងប្រេងសម្រាប់ប្រើប្រាស់រយៈពេលយ៉ាងហោចណាស់ ១០១ថ្ងៃ ដែលក្នុងនោះរួមមានទុនបម្រុងក្នុងស្រុក និងការនាំចូលបន្ថែមពីបរទេស ដូចជា ប្រេងចំនួន១,៩លានបារ៉ែលពីប្រទេសអង់ហ្គោឡា និង ៦២៥០០០បារ៉ែល ពីសហរដ្ឋអាម៉េរិក។ សូមជម្រាបថា កន្លងមក ថៃព្យាយាមអួតអាងពីការទប់តម្លៃប្រេងម៉ាស៊ូតក្រោម៣០បាត ប៉ុន្តែការពិតមិនអាចឡើយ ដោយរាជរដ្ឋាភិបាលថៃកំពុងគិតគូរដំឡើងតម្លៃទៅដល់៣៣បាតក្នុងមួយលីត្រ ដែលនេះជាការទម្លាក់បន្ទុកយ៉ាងធ្ងន់ធ្ងរទៅលើស្មាពលរដ្ឋថៃ ដែលកំពុងជួបការលំបាកស្រាប់៕

លោក សារ៉ាវុធ កែវតាទិព្វ Sarawut Kaewtathip
លោក សារ៉ាវុធ កែវតាទិព្វ Sarawut Kaewtathip
រូបភាព៖ The Nation
រូបភាព៖ The Nation
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត