ស្ថាប័នជំនាញ ព្រមានពលរដ្ឋឱ្យប្រុងប្រយ័ត្នជាមួយការងារមានប្រាក់ខែខ្ពស់ អាចនាំទៅរកហានិភ័យផ្សេងៗ
L
Linda Sorn
11 ម៉ោងមុន

រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានចេញសារព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្ន និងកុំលូកដៃជាមួយការផ្ញើសារអូសទាញផ្តល់ការងារខុសច្បាប់ ទទួលបានកម្រៃខ្ពស់ អាចនាំទៅរកហានិភ័យផ្សេងៗ ដោយមិនដឹងខ្លួន...។

ការណែនាំរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ធ្វើឡើងកាលពីថ្ងៃទី១៨មីនា ឆ្នាំ២០២៦ បន្ទាប់ពីក្រុមការងារជំនាញនៃអគ្គនាយកដ្ឋាន ទទួលបានសាររាយការណ៍ពីប្រជាពលរដ្ឋមួយចំនួន ជាពិសេស ពលរដ្ឋជាស្ត្រី ដោយមានជនខិលខូចផ្ញើសារតាមរយៈបណ្តាញទំនាក់ទំនងសង្គមទាក់ទាញ និងលួងលោមឱ្យចូលបម្រើការងារខុសច្បាប់ ហើយ​បង្កអសីលធម៌ដល់សង្គមដូចជាថតរូបអាក្រាតកាយ និងសន្យាផ្តល់កម្រៃខ្ពស់។ ក្រុមការងារជំនាញ ក្រើនរំលឹកដល់ពលរដ្ឋកុំឱ្យធ្លាក់ចូលក្នុងអន្ទាក់ជនខិលខូចតាមរយៈការផ្ញើសារអូសទាញ ផ្តល់ការងារមានកម្រៃខ្ពស់នេះ ព្រោះអាចបង្កហានិភ័យ ដូចជា ការជំរិតទារប្រាក់, ការជួញដូរមនុស្សនាំទៅកាន់មជ្ឈមណ្ឌលឆបោក ឬហានិភ័យនៃការលួចអត្តសញ្ញាណជនរងគ្រោះជាដើម។

ជាមួយគ្នា ដើម្បីការពារខ្លួនពីការអូសទាញខាងលើ ក្រុមការងារជំនាញក៏បានណែនាំពលរដ្ឋកុំចែកចាយរូបភាពឯកជន និងឯកសារសម្គាល់ខ្លួន, ហាមចុច ឬចូលទៅកាន់តំណភ្ជាប់នានានៅលើបណ្តាញសង្គម ដែលអាចបង្កប់មេរោគលួចទិន្នន័យ និងជាពិសេស មិនត្រូវឆ្លើយតបនឹងសារណាមួយ ដោយត្រូវលុប ឬកាត់ផ្តាច់ចោល។ ប្រសិនពលរដ្ឋជួបករណីខាងលើ ក្រុមការងារអំពាវនាវឱ្យរាយការណ៍មកកាន់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីរកដំណោះស្រាយ និងចំណាត់ការបន្ទាន់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត