កម្ពុជាប្រើកណ្តាប់ដៃដែក បោសសម្អាតសម្បុកឧក្រិដ្ឋកម្មឆបោកតាមអនឡាញជិត២០០កន្លែង
ហៀប ស៊ីថេត
15 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ កម្ពុជាបានបោសសម្អាតមជ្ឈមណ្ឌលបោកប្រាស់ជិត២០០កន្លែង ក្នុងការបង្ក្រាបការក្លែងបន្លំឆ្លងដែន ឬការឆបោកតាមអនឡាញ។ នេះកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ជាក់ទៅកាន់សកលលោកថា កម្ពុជាកំពុងដុតដៃជើង ដើម្បីដោះស្រាយវិបត្តិការឆបោកអនឡាញដ៏ស្មុគស្មាញ ដែលកំពុងរីកសាយភាយទូទាំងពិភពលោក។ នេះបើយោងតាមការចុះផ្សាយដោយកាសែតរ៉យទ័រ នាថ្ងៃទី១១កុម្ភៈ ឆ្នាំ២០២៦...។

កាសែតខាងលើបានចុះផ្សាយថា លោក ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានប្រាប់រ៉យទ័រនៅរាជធានីភ្នំពេញ ក្នុងសប្តាហ៍នេះថា៖«មានទីតាំងប្រហែល១៩០កន្លែង ដែលយើងបានបិទរួចហើយ!»។ លោកបន្ថែមថា មេខ្លោងឧក្រិដ្ឋកម្មជាន់ខ្ពស់ចំនួន១៧៣នាក់ ដែលជាប់ទាក់ទងនឹងមជ្ឈមណ្ឌលទាំងនោះ ត្រូវបានចាប់ខ្លួន និងបុគ្គលិកបម្រើការងារចំនួន១១០០០នាក់ ត្រូវបាននិរទេស នៅក្នុងយុទ្ធនាការមួយដែលបានចាប់ផ្តើម កាលពីចុងឆ្នាំ២០២៥ បន្ទាប់ពីសហរដ្ឋអាម៉េរិកប្រថាប់ត្រាខ្មៅលើឈ្មោះមេខ្លោងដែលជាឧក្រិដ្ឋជនអន្តរជាតិម្នាក់ឈ្មោះ ចេន ហ្ស៊ី (Chen Zhi) មានដើមកំណើតជាជនជាតិចិន។ ចាប់តាំងពីពេលនោះមក បុគ្គលិកឆបោកតាមអនឡាញរាប់ពាន់នាក់ ដែលខ្លះជាជនរងគ្រោះពីការជួញដូរមនុស្ស បានរត់គេចខ្លួនចេញពីបរិវេណក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយពួកគេស្វែងរកការវិលត្រឡប់ទៅប្រទេសកំណើតវិញ។

លោក លោក ឆៃ ស៊ីណារិទ្ធ 
លោក លោក ឆៃ ស៊ីណារិទ្ធ 

ថ្មីៗនេះ..ក៏មានករណីធំមួយទៀត គឺបុគ្គលិកឆបោកជាច្រើនបានរត់គេចខ្លួន បន្ទាប់ពីលោក លី គួង ដែលត្រូវបានចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ និងលាងលុយកខ្វក់ នៅក្នុងប្រទេសកម្ពុជា និងកន្លែងផ្សេងទៀត។ អតីតអ្នកឧកញ៉ារូបនេះ ក៏ត្រូវបានអាជ្ញាធរនាំខ្លួនទៅកាន់តុលាការដើម្បីផ្តន្ទាទោសផងដែរ។ សូមជម្រាបថា កម្ពុជាត្រូវបានពិភពលោក ចោទប្រកាន់ជាយូរមកហើយថា ជាបរិវេណនៃមជ្ឈមណ្ឌលឆបោកតាមអនឡាញ ដូចនេះហើយ ដែលកម្ពុជាត្រូវលាងជម្រះខ្លួន គេចចេញពីការចោទប្រកាន់ និងការលាបពណ៌ ស្របតាមប្រសាសន៍របស់សម្តេ​ចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថា សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម គឺជាកិច្ចការអាទិភាពមួយក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬយើងតែងហៅថា Online Scam៕

  សម្តេ​ចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត
  សម្តេ​ចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត
ឧក្រិដ្ឋជន ចេន ហ្ស៊ី
ឧក្រិដ្ឋជន ចេន ហ្ស៊ី
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត