អនុទីនសម្ដែងធ្វើឈឺ-ក មិនហ៊ានឆ្លើយសំណួរអ្នកសារព័ត៌មាន ក្រោយមេដឹកនាំកម្ពុជាបកអាក្រាតទង្វើឈ្លានពានទៅកាន់ពិភពលោក
ហៀប ស៊ីថេត
18 ម៉ោងមុន

រាជធានីភ្នំពេញ៖ ឈឺ-ក ឬឈឺចិត្ត? អនុទីន ឆានវីរគុល នាយករដ្ឋមន្ត្រីថៃចាំផ្ទះ កាលពីថ្ងៃទី១៨កុម្ភៈម្សិលមិញ បានបង្ហាញពីភាពខ្វះឆន្ទៈ និងកំសាក ក្នុងការប្រឈមមុខនឹងការពិត ជុំវិញការរត់ចូលរថយន្តឡើងលឿន ក្រោយឮអ្នកសារព័ត៌មានសួរអំពីការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅកណ្តាលរដ្ឋធានីវ៉ាស៊ីនតោន ថា យោធាថៃនៅតែបន្តកាន់កាប់ទឹកដីជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជា ដោយខុសច្បាប់ ទោះមានបទឈប់បាញ់ក៏ដោយ...?

លោក អនុទីន ឆានវីរគុល
លោក អនុទីន ឆានវីរគុល

នៅឯវិមានរាជរដ្ឋាភិបាល លោក អនុទីន ឆាន់វីរគុល ត្រូវបានអ្នកសារព័ត៌មាន កាក់សួរលោកអំពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ជុំវិញព្រឹត្តិការណ៍សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ប្រាប់សហរដ្ឋអាម៉េរិក និងពិភពលោក តាមរយៈបណ្តាញសារព័ត៌មានរ៉យទ័រ ថា យោធាថៃបានកាន់កាប់ទឹកដីកម្ពុជាយ៉ាងជ្រៅ ដោយខុសច្បាប់ ដែលបង្កការលំបាកជាខ្លាំងដល់ប្រជាជនស៊ីវិលកម្ពុជា។ នៅពេលដែលអ្នកសារព័ត៌មានសួរសំណួរនេះ ស្រាប់តែលោក អនុទីន យកលេសធ្វើជាក្អក និងឈឺ-ក មិនព្រមឆ្លើយតបអ្នកសារព័ត៌មាន រួចក៏ឡើងរថយន្តបាត់ទៅ។ អាកប្បកិរិយានេះមិនមែនជាការឆ្លើយតបដ៏សមស្របទេ ប៉ុន្តែវាគឺជាការបង្ហាញយ៉ាងច្បាស់ថា នាយករដ្ឋមន្ត្រីថៃចាំផ្ទះ គ្មានអ្វីត្រូវនិយាយចំពោះរឿងពិតជាក់ស្តែងដែលមេដឹកនាំកម្ពុជាប្រាប់ទៅពិភពលោកនេះឡើយ ព្រោះថា យោធាថៃ បាននិងកំពុងប្រព្រឹត្តទង្វើឈ្លានពានប្រទេសកម្ពុជាដោយខុសច្បាប់ យ៉ាងពិតប្រាកដមែន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ថ្លែងនៅលើទឹកដីនៃរដ្ឋធានីវ៉ាស៊ីន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចំៗ ច្បាស់ៗ និងមានទម្ងន់តាមបែបការទូត ថា កងទ័ពថៃនៅតែកាន់កាប់ដែនដីកម្ពុជាយ៉ាងជ្រៅ ពោលគឺហួសខណ្ឌសីមាព្រំដែន ដែលថៃធ្លាប់អះអាងដោយឯកតោភាគីទៅទៀត។ លើសពីនេះ ការដាក់ពង្រាយទូរកុងតឺន័រ និងលួសបន្លាដោយយោធាថៃឈ្លានពាន បានរារាំងប្រជាពលរដ្ឋស៊ីវិលកម្ពុជា មិនអាចត្រឡប់ទៅផ្ទះ និងបង្កការរំខានយ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ពួកគាត់។ «នេះមិនមែនជាការចោទប្រកាន់ទេ ប៉ុន្តែវាគឺជាការពិតនៅលើដី[កម្ពុជា]» នេះជាប្រសាសន៍ដ៏មុតស្រួចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងទៅកាន់សកលលោកទាំងមូល។ សម្តេចធិបតី ក៏បានអំពាវនាវឱ្យថៃអនុញ្ញាតឱ្យគណៈកម្មការព្រំដែនរួម (JBC) ចាប់ផ្ដើមកំណត់ព្រំដែនបច្ចេកទេសឡើងវិញ ឱ្យបានឆាប់តាមដែលអាចធ្វីទៅបាន ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី ព្រោះការបោះឆ្នោតថ្មីបានចប់សព្វគ្រប់អស់ហើយ។

រូបភាព៖ Thai Press
រូបភាព៖ Thai Press

យ៉ាងណា ការសម្ដែងឈឺបំពង់ករបស់លោក អនុទីន គឺជារឿងដ៏គួរឱ្យអស់សំណើច ព្រោះសកម្មភាពនេះសបញ្ជាក់ឱ្យឃើញថា លោកកំពុងខ្វះភាពក្លាហានក្នុងការប្រឈមមុខនឹងការពិត ដ្បិតថា ថៃមិនត្រឹមតែមិនគោរពចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្របសម្រួលដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ទេ ប៉ុន្តែយោធាថៃ ថែមទាំងបានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ថែមទៀតផង។ ប្រសិនបើថៃមានភស្តុតាងថា មិនបានកាន់កាប់ដែនដីកម្ពុជា ហេតុអ្វី លោក អនុទីន មិនបកស្រាយឱ្យច្បាស់ៗ..? ហេតុអ្វីត្រូវក្អក ឈឺ-ក និងរត់ឡើងរថយន្តរត់ចេញបាត់ស្រមោលឈឹងបែបនេះ..? អាកប្បកិរិយារបស់លោក អនុទីន គឺជាការសារបង្ហាញយ៉ាងច្បាស់ថា ការលើកឡើងរបស់សម្តេចធិបតី គឺពិតជាត្រឹមត្រូវទាំងស្រុង និងមិនអាចប្រកែកបាន។

សូមបញ្ជាក់ថា កម្ពុជានៅតែរក្សាគោលជំហរគោរពកិច្ចព្រមព្រៀងសន្តិភាព បទឈប់បាញ់ និងទាមទារឱ្យមានដំណោះស្រាយសន្តិវិធី។ ផ្ទុយទៅវិញ ភាគីថៃនៅតែបង្ហាញពីភាពខ្វះឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា និងបន្តគ្រប់គ្រងទឹកដីកម្ពុជា ទាំងរំលោភបំពាន៕

រូបភាព៖ Thai Press
រូបភាព៖ Thai Press
រូបភាព៖ Thai Press
រូបភាព៖ Thai Press
រូបភាព៖ Thai Press
រូបភាព៖ Thai Press
រូបភាព៖ Thai Press
រូបភាព៖ Thai Press
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត