
រាជធានីភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក.) បានចេញញត្តិថ្កោលទោស និងដាក់បណ្ដឹងទៅកាន់យន្តការសិទ្ធិមនុស្សទាំងក្នុងតំបន់ និងអន្តរជាតិ សរុបចំនួន៦០ឯកសារ ដើម្បីការពារសិទ្ធិសេរីភាពរបស់ប្រជាជនស៊ីវិល ព្រមទាំងបូរណភាពទឹកដីកម្ពុជា អំឡុងពេលថៃឈ្លានពានតាមបណ្តោយព្រំដែន…។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៅថ្ងៃទី១៧មីនា ឆ្នាំ២០២៦ អំពីស្ថានភាពជម្លោះតាមព្រំដែនកម្ពុជា-ថៃ។ មេសិទ្ធិមនុស្សកម្ពុជា លើកឡើងថា ទោះបីមានសេចក្ដីថ្លែងការណ៍រួមកម្ពុជា-ថៃ ចុះថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ក៏ដោយ តែក្នុងចេតនាបង្កើតតថភាពថ្មីនៅនឹងកន្លែង ក្រុមយោធាថៃ បានរារាំងជនភៀសសឹកជាពលរដ្ឋកម្ពុជា រាប់ម៉ឺននាក់មិនឱ្យវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញបាន។ ជាមួយគ្នា យោធាថៃថែមទាំងធ្វើសកម្មភាពមួយចំនួន បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋកម្ពុជា។

សកម្មភាពទាំងនោះរួមមាន៖ ការបិទព្រំដែនជាឯកតោភាគី, ការរើសអើង និងការប្រើប្រាស់អំពើហិង្សាលើពលករកម្ពុជា, ការបាញ់ប្រហារដល់កងកម្លាំងកម្ពុជា នៅក្នុងដែនដីកម្ពុជា, ការប្រើប្រាស់សំឡេងរំខានកម្រិតខ្ពស់ ដែលប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ប្រជាជនស៊ីវិល, ព្រមទាំងការប្រើប្រាស់អាវុធធុនធ្ងន់ វាយប្រហារចូលមកជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជា។ ការដាក់ពង្រាយទូកុងតឺន័រ និងរាយបន្លាលួសព័ទ្ធយកដីពលរដ្ឋស៊ីវិល ការបំផ្លិចបំផ្លាញ និងចូលលួចទ្រព្យសម្បត្តិឯកជន និងសាធារណៈ ការបំផ្លិចបំផ្លាញវប្បធម៌ និងរូបបដិមា ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ថ្មីៗ។

តវ៉ានឹងសកម្មភាពទាំងនេះ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បញ្ជាក់ថា៖«[..]គ.ស.ម.ក. បានចេញញត្តិថ្កោលទោស ដាក់បណ្ដឹងទៅកាន់យន្តការសិទ្ធិមនុស្សទាំងក្នុងតំបន់ និងអន្តរជាតិ សរុបចំនួន៦០ឯកសារ ព្រមទាំងការចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនជនភៀសសឹក កងទ័ព និងគ្រួសារកងទ័ពចំនួន១០លើក[..]»។ លោកពន្យល់ថា ការដាក់ញត្តិតវ៉ាជាបន្តបន្ទាប់ប្រឆាំងនឹងការចូលទន្រ្ទាន និងការកាន់កាប់ដែនដីដោយខុសច្បាប់ ពីសំណាក់ភាគីថៃ គឺជាវិធានការស្របតាមច្បាប់អន្តរជាតិ និងជាភស្តុតាងបញ្ជាក់ថា កម្ពុជាមិនបានយល់ព្រម ឬទទួលស្គាល់ការបំពានទាំងនោះឡើយ។ ទោះយ៉ាងណា លោកថា យន្តការផ្លូវច្បាប់អន្តរជាតិទាំងអស់ ត្រូវការពេលវេលាដើម្បីអនុវត្តតាមនីតិវិធីជាបន្តបន្ទាប់។ រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ជំហរឥតងាករេ ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលមានសុពលភាព៕






