អ្នកត្រូវទៅធ្វើពិធីបង្សុកូលទៅចូលឆ្នាំ​​ ឆ្លងកាត់ផ្លូវជាតិលេខ៧ចាប់ពីរង្វង់មូលស្គន់ អាចបង្វែរទិសដៅចៀសវាងកកស្ទះចរាចរណ៍
យិត​​ ស្រីល័ក្ខ
01 មេសា 2024 12:30 PM

ខេត្តកំពង់ចាម៖​​ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍នៅពេលធ្វើដំណើរទៅធ្វើពិធីបង្សុកូលនិងបុណ្យចូលឆ្នាំថ្មី ខាងមុខនេះដែលបច្ចុប្បន្នផ្លូវជាតិលេខ៧ កំពុងតែមមាញឹកក្នុងការស្ថាបនាពង្រីកផ្លូវ ជាផ្លូវ៤គន្លង ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដូច្នេះអាជ្ញាធរអំពាវដល់ពលរដ្ឋត្រូវបង្វែរទិសដៅដែលបានកំណត់។​​ នេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងកាលពីថ្ងៃទី៣១​​ ខែមីនា ឆ្នាំ២០២៤។

រដ្ឋបាលខេត្តកំពង់ចាមបានឱ្យដឹងថា​ ប្រជាពលរដ្ឋទាំងអស់​មេត្តាបញ្ចៀសចរាចរណ៍ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ទៅតាមតម្រាយផ្លូវរួមមាន៖ទី១-ចំពោះយានយន្តប្រភេទទេសចរណ៍ដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ ចូលមកក្រុងកំពង់ចាម សូមពិនិត្យលទ្ធភាព បង្វែរទិសចរាចរណ៍ត្រង់ចំណុចផ្លូវលេខ២៧០ រការកោង ស្រុកមុខកំពូល ខេត្តកណ្តាល កាត់តាមស្រុកកងមាស ឬតាមផ្លូវលេខ ៧០B បំបែកត្រង់ស្ពានព្រែកតាមាក់ កាត់តាមស្រុកស្រីសន្ធរ និងស្រុកកោះសូទិន ។​​​​​ រីឯទី២-ចំពោះយានយន្តប្រភេទទេសចណ៍ដែលធ្វើដំណើរចេញពីក្រុងកំពង់ចាម ទៅរាជធានីភ្នំពេញ ឬ បណ្តាខេត្តផ្សេងៗ សូមពិនិត្យលទ្ធភាពបង្វែរទិសចរាចណ៍ធ្វើដំណើរតាមផ្លូវលេខ ២២២ តាម បណ្តោយផ្លូវដងទន្លេ និងតាមផ្លូវលេខ៧១០ ក្នុងស្រុកស្ទឹងត្រង់ និងស្រុកចំការលើនឹងឆ្ពោះទៅផ្លូវបំបែកព្រំប្រទល់ស្រុកតាំងគោក ខេត្តកំពង់ធំ ឬតាមផ្លូវលេខ ២៧០ កាត់ស្រុកកងមាស ឆ្ពោះទៅផ្លូវបំបែករកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត