អ៊ីរ៉ង់អនុញ្ញាតឱ្យតែនាវាចិន និងឥណ្ឌា ឆ្លងកាត់ច្រកសមុទ្ទហ័រមូស្ស តែបើនាវាសម្ព័ន្ធមិត្តអាម៉េរិក ឬអឺរ៉ុបហ៊ានឆ្លង ដឹងតែឆេះ
N
Nary Vann
12 ម៉ោងមុន

មជ្ឈិមបូព៌ា៖ ទិន្នន័យតាមដាននាវាបង្ហាញថា អ៊ីរ៉ង់ចាប់ផ្តើមអនុញ្ញាតឱ្យនាវាពាណិជ្ជកម្មមួយចំនួនតូច ឆ្លងកាត់ច្រកសមុទ្ទហ័រមូស្សវិញហើយ ប៉ុន្តែហាក់ដូចជាសម្រាប់តែប្រទេសជាមិត្តប៉ុណ្ណោះ...។

យោងតាមក្រុមហ៊ុននាវាចរណ៍ Windward នាវាចំនួន៨គ្រឿង (មិនរាប់បញ្ចូលនាវាដោតទង់ជាតិអ៊ីរ៉ង់) ត្រូវបានគេរកឃើញថា កំពុងធ្វើដំណើរឆ្លងកាត់តាមផ្លូវទឹកដ៏សំខាន់នេះ ដែលជាចំនួនកើនឡើងទ្វេដងបើធៀបនឹងប៉ុន្មានថ្ងៃមុន។ អ្នកវិភាគកត់សម្គាល់ថា នាវាដែលទទួលបានការអនុញ្ញាតទាំងនោះ ភាគច្រើនមកពីប្រទេសចិន ឥណ្ឌា និងប៉ាគីស្ថាន ខណៈនាវាមានទំនាក់ទំនងជាមួយលោកខាងលិចនៅតែមិនហ៊ានប្រថុយប្រថាន ចូលទៅក្នុងដែនទឹកអ៊ីរ៉ង់ឡើយ...។

ទោះបីជាមានចរាចរណ៍តិចតួចឡើងវិញក៏ដោយ ប៉ុន្តែចំនួននាវាឆ្លងកាត់សរុបបានធ្លាក់ចុះដល់ទៅ៩៥ភាគរយ ធៀបនឹងស្ថានភាពធម្មតាមុនសង្គ្រាម ជាហេតុធ្វើឱ្យតម្លៃប្រេងសកលបន្តហក់ឡើងលើសពី១០០ដុល្លារក្នុងមួយបារ៉ែល។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាឈី បានបញ្ជាក់ពីជំហររើសអើងនេះដោយផ្ទាល់ថា៖«ច្រកសមុទ្ទនេះ បើកចំហ ប៉ុន្តែវាត្រូវបានបិទសម្រាប់សត្រូវរបស់យើង»។ ការលើកឡើងនេះកើតឡើងបន្ទាប់ពីកងទ័ពបដិវត្តន៍អ៊ីស្លាម (IRGC) ព្រមានកាលពីដើមខែ ថា នាវាណាដែលព្យាយាមឆ្លងកាត់ដោយគ្មានការអនុញ្ញាត នឹងត្រូវកម្ទេចចោល។

នាវាដឹកប្រេងថៃ ដែលត្រូវបាញ់កម្ទេចដោយកងទ័ពអ៊ីរ៉ង់
នាវាដឹកប្រេងថៃ ដែលត្រូវបាញ់កម្ទេចដោយកងទ័ពអ៊ីរ៉ង់

ស្របពេលជាមួយគ្នានេះ យោធាសហរដ្ឋអាម៉េរិក បានសម្រេចចិត្តប្រើប្រាស់វិធានការក្ដៅ ដោយបានទម្លាក់គ្រាប់បែកប្រភេទ Bunker Buster (គ្រាប់បែកទម្លុះលេណដ្ឋាន) កម្ទេចទីតាំងមីស៊ីលរបស់អ៊ីរ៉ង់ ដែលស្ថិតនៅក្បែរច្រកសមុទ្ទនោះ។ បញ្ជាការដ្ឋានកណ្តាលអាម៉េរិកបានបញ្ជាក់ថា មីស៊ីលប្រឆាំងនាវាទាំងនោះ គឺជាការគំរាមកំហែងដល់សុវត្ថិភាពនាវាចរណ៍អន្តរជាតិ។ ចំណែកលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តរិះគន់សម្ព័ន្ធមិត្តណាតូ ដែលមិនព្រមជួយអាម៉េរិក ប៉ុន្តែលោកអះអាងដោយជឿជាក់ថា រដ្ឋធានីវ៉ាស៊ីនតោនមិនត្រូវការជំនួយពីនរណា ក្នុងការបើកផ្លូវទឹកនេះឡើងវិញទេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត