
រដ្ឋធានីបាកដាដ៖ ប្រភពសន្តិសុខអ៊ីរ៉ាក់ បានបញ្ជាក់នៅថ្ងៃពុធទី១៨មីនានេះថា ការវាយប្រហារដោយដ្រូន ត្រូវបានកំណត់គោលដៅលើស្ថានទូតសហរដ្ឋអាម៉េរិកក្នុងរដ្ឋធានីបាកដាដ។ គេបានឮសូរការផ្ទុះខ្ទារខ្ទារនៅក្នុងតំបន់នោះ ខណៈមានការវាយប្រហារជាបន្តបន្ទាប់នៅមជ្ឈិមបូព៌ា...។

យ៉ាងណា ភ្លាមៗ..មិនទាន់មានរបាយការណ៍អំពីអ្នករងគ្រោះ ឬការខូចខាតធ្ងន់ធ្ងរនៅឡើយទេ។ មានដ្រូនយ៉ាងហោចណាស់៣គ្រឿង បានវាយប្រហារលើមូលដ្ឋានការទូតអាម៉េរិកនៅជិតព្រលានយន្តហោះអន្តរជាតិបាកដាដ កាលពីថ្ងៃអង្គារទី១៧មីនា ធ្វើឱ្យប្រព័ន្ធការពារអាកាស C-RAM ចេញមុខដំណើរការ។ សូមជម្រាបថា កងជីវពលគាំទ្រដោយរដ្ឋធានីតេហេរ៉ង់ បាននិងកំពុងវាយប្រហារលើគោលដៅសហរដ្ឋអាម៉េរិកក្នុងប្រទេសអ៊ីរ៉ាក់ ដោយឥតរើសមុខ ដើម្បីជាការសងសឹកចំពោះសង្រ្គាមរួមគ្នារបស់អាម៉េរិក-អ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់ ចាប់ផ្តើមតាំងពីថ្ងៃទី២៨ ខែកុម្ភៈ ដោយវិបត្តិសង្គ្រាមមួយនេះ កំពុងតែរាលដាលទូទាំងតំបន់៕



