
រដ្ឋធានីព្រុចសែល៖ ការផ្ដល់បទសម្ភាសដ៏មុតស្រួច បកអាក្រាតមុខមាត់ពិតរបស់យោធាថៃឈ្លានពាន ទៅកាន់សារព័ត៌មានអន្តរជាតិធំៗ រួមមាន៖ Reuters, Fox News, France 24 និង AFP អាចនិយាយបានថា ជាយុទ្ធសាស្ត្រការទូតដ៏មានសក្តានុពលរបស់នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី លោក ហ៊ុន ម៉ាណែត។ យ៉ាងណា ភាគីថៃដែលជាអ្នកឈ្លានពាន ក៏មិននៅស្ងៀមឱ្យកម្ពុជាហែកមុខមាត់ខ្លួនតាមអំពើចិត្តដែរ តាមមរយៈជំនាញបំភ្លៃ បំផ្លើស បំភាន់ ភូតភរកុហកសាធារណមតិអន្តរជាតិរបស់ លោក សីហស័ក្តិ ភួងកេតកែវ បាននិងកំពុងធ្វើឱ្យពិភពលោកវង្វេងវង្វាន់តាមអ្នកការទូតថៃរូបនេះផងដែរ...។

នៅក្រោមមេឃដ៏ខៀវស្រងាត់ក្នុងរដ្ឋធានីព្រុចសែលនៃប្រទេសប៊ែលហ្សិក សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់បទសម្ភាសផ្តាច់មុខដល់ AFP ដែលជាប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដ៏ធំមួយថា៖«យើងមិនមែនកំពុងបង្កើនភាពតានតឹងទេ! យើងចង់បានការបន្ធូរបន្ថយភាពតានតឹង។ យើងចង់បានការរួមរស់ដោយសន្តិភាព»។ យ៉ាងណា សម្តេចធិបតីមិនបានបញ្ជាក់ទេថា តើយោធាថៃដណ្តើមយកទឹកដីបានប៉ុន្មានទេ..? ប៉ុន្តែសម្តេចកត់សម្គាល់ថា យោធាថៃបាននិងកំពុងកាន់កាប់ជ្រៅក្នុងទឹកដីកម្ពុជា ហួសពីផែនទីដែលរាជធានីបាងកក គូសដោយឯកតោភាគីទៅទៀត។ នៅពេលសួរថា តើកងទ័ពកម្ពុជានឹងប្រយុទ្ធដើម្បីដណ្តើមយកទឹកដី ដែលបាត់បង់មកវិញដែរឬទេ..? សម្តេចមានប្រសាសន៍ថា៖«យើងតែងតែប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិភាព និងបន្ធូរបន្ថយភាពតានតឹង»។

សូមជម្រាបថា ប្រទេសក្បែរខាងទាំង២[កម្ពុជា-ថៃ] មានជម្លោះព្រំដែនរាប់សតវត្សរ៍មកហើយ ជាពិសេស ក្រោយការកំណត់ព្រំដែនអន្តរជាតិក្នុងសម័យអាណានិគមបារាំងជាមួយប្រទេសសៀម(ថៃសម័យនោះមានឈ្មោះសៀម) ដោយក្រោយមកថៃ ធ្វើជាមិនទទួលស្គាល់ការកំណត់ផែនទីស្របតាមច្បាប់អន្តរជាតិនេះវិញ ដោយពួកគេបានលួចគូសផែនទីជាឯកតោភាគី ឬហៅម្យ៉ាងទៀតថា «ផែនទីចោរ» ហើយទាមទារយកទឹកដីកម្ពុជាដោយខុសច្បាប់ជារឿយៗ។ ថៃ តែងបង្កើតលេសផ្សេងៗ ដើម្បីឈ្លានពានកម្ពុជាស្ទើរគ្រប់សម័យកាល ក្នុងស្រមោលនៃមហិច្ឆតាវាទីនិយម ដើម្បីពង្រីកទឹកដីរបស់ខ្លួន។ យ៉ាងណា រាជរដ្ឋាភិបាលរាជធានីភ្នំពេញ បានខិតខំដោះស្រាយជម្លោះដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ តាមរយៈការប្រើគណៈកម្មការចម្រុះព្រំដែនរួម(JBC) ធ្វើជាយន្តការដោះស្រាយទំនាស់ព្រំដែន។

ការប្រើយន្តការ JBC កំណត់ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត មានប្រសាសន៍ច្បាស់ៗទៅកាន់ AFP ថា៖«ទោះបីជាលទ្ធផលបែបណា នៃដំណើរការកំណត់ខណ្ឌសីមានេះ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលយកវា [..] យើងសង្ឃឹមថា ប្រទេសថៃទទួលយកដូចគ្នា»។ លើសពីនេះ សម្តេចធិបតី ក៏បានបង្ហាញពីការព្រួយបារម្ភអំពីស្ថានភាពព្រំដែនដ៏ផុយស្រួយ និងគ្មានស្ថិរភាព នាពេលបច្ចុប្បន្នផងដែរ។ គួរបញ្ជាក់ថា ក្រៅពៅផ្តល់បទសម្ភាសឱ្យកាសែតបារាំង AFP សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានផ្ដល់បទសម្ភាសទៅកាន់សារព័ត៌មានអន្តរជាតិធំៗផ្សេងទៀតដែរ ដូចជា៖ Reuters, Fox News និង France 24៕





