របបសឹកភូមាប្រើដ្រូនអត្តឃាតវា.យ.ប្រ.ហារលើជំរំជនភៀសខ្លួនការ៉ែន បណ្ដាលឱ្យមនុស្សម្នាក់ស្លា.ប់ និង២០០នាក់ទៀតភៀសខ្លួនចូលដីថៃយ៉ាងតក់ក្រហល់
ហៀប ស៊ីថេត
8 ម៉ោងមុន

រាជធានីបាងកក៖ ការប្រយុទ្ធគ្នានៅតាមបណ្តោយព្រំដែនថៃ-ភូមា បានរីករាលដាលកាន់តែខ្លាំង បន្ទាប់ពីកងទ័ពរបបសឹកប្រើប្រាស់ដ្រូនអត្តឃាត វាយប្រហារទៅលើជំរំជនភៀសខ្លួនការ៉ែន បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និងបង្ខំឱ្យជនភៀសខ្លួនប្រហែល ២០០នាក់ រត់គេចខ្លួនឆ្លងដែនចូលទៅក្នុងប្រទេសថៃ។ នេះបើការការចុះផ្សាយដោយកាសែតថៃកាលពីថ្ងៃទី១៥ ខែមីនា។

អ្នកយកព័ត៌មានក្នុងស្រុកបានបង្ហាញថា ការប៉ះទង្គិចគ្នានេះបានផ្ទុះឡើង បន្ទាប់ពីយោធាភូមា និងកងកម្លាំងសហភាពជាតិការ៉ែន ដែលបានបើកឆាកប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនខែមកហើយនៅក្នុងតំបន់នានា ក្បែរព្រំដែនថៃ។ តាមរបាយការណ៍បានលម្អិតថា របបសឹកយោធាបានប្រើដ្រូនអត្តឃាតចំនួន៤គ្រឿង កំណត់គោលដៅលើមន្ទីរពេទ្យក្នុងជំរំជនភៀសខ្លួនការ៉ែន ដោយបានសម្លាប់មនុស្សម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់។ ក្នុងអំឡុងពេលនៃការវាយប្រហារនេះ ជនភៀសខ្លួនជាង ២០០នាក់ បានភ័យស្លន់ស្លោ ហើយរត់ឆ្លងកាត់ទន្លេម៉ើយ(Moei) ចូលទៅក្នុងប្រទេសថៃ។ កងកម្លាំងពិសេសថៃរាជមនូ ប្រចាំស្រុកម៉ែសូត្រ និងមន្ត្រីរដ្ឋបាលមូលដ្ឋាន បានចុះអន្តរាគមន៍ដើម្បីគ្រប់គ្រងស្ថានការណ៍ភ្លាមៗ។ យ៉ាងណា បន្ទាប់ពីស្ថានការណ៍មានភាពស្ងប់ស្ងាត់ ក្រុមជនភៀសខ្លួន ក៏បានត្រឡប់ទៅភូមាវិញ។

របាយការណ៍បន្ថែមថា ក្រៅពីការវាយប្រហារដោយដ្រូនអត្តឃាត កងទ័ពអាកាសភូមាក៏បានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ YAK-130 ទម្លាក់គ្រាប់បែកលើទីតាំងរបស់ក្រុមប្រដាប់អាវុធការ៉ែនផងដែរ ដោយដ្រូនទាំងនោះ ត្រូវបានប្រើប្រាស់ដើម្បីដាក់សម្ពាធឱ្យកងកម្លាំងការ៉ែនដកថយ។ ប្រភពប្រឆាំងរបបសឹកបានឱ្យដឹងថា កងទ័ពភូមាបានបាញ់កាំភ្លើងត្បាល់ប្រភេទ១២០​មីលីម៉ែត្រ ចំអាហារដ្ឋានមួយកន្លែងនៅជិតកាស៊ីណូក្នុងភូមិភ្លូណយ (Phalu Noi) ដោយបានសម្លាប់ជនជាតិចិន៤នាក់ (បុរស ៣នាក់ និងស្ត្រីម្នាក់) និងបង្កឱ្យរបួសជនបរទេស៣៨នាក់ផ្សេងទៀត ក្នុងនោះមានជនជាតិចិន និងជនជាតិដទៃផ្សេងៗទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត