ទើសភ្នែកខ្លាំងពេក មន្រ្តីកំពូលអាម៉េរិកផ្នែកប្រឆាំងភេរវ.កម្ម ដើរចេញពីតំណែង ហើយជូនពាក្យទៅត្រាំថា អ៊ីរ៉ង់គ្មានគំរាមស្អីដល់អាម៉េរិកនោះទេ
Mao Sopha
14 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ដោយសារមិនពេញចិត្តនឹងមេដឹកនាំអាម៉េរិកខ្លួនឯង ដែលចាប់ដៃជាមួយអ៊ីស្រាអែល បើកការវាយប្រហារលើអ៊ីរ៉ង់ មន្រ្តីជាន់ខ្ពស់អាម៉េរិកម្នាក់ គឺលោក ចូ ខេន (Joe Kent) ប្រធានស្ថាប័នផ្នែកប្រឆាំងអំពើភេរវកម្ម បានដាក់លិខិតសុំលាលែងតំណែង។ លោក មិនមែនដើរចេញដោយបិទមាត់នោះទេ គឺឆ្លៀតបន្សល់ទុកពាក្យសម្តីខ្លះតាមរយៈលិខិតលាលែង ដែលដាក់ជូនលោកប្រធានាធិបតី ដូណាល់ ត្រាំ។   

លោក ដូណាល់ ត្រាំ និងលោក ចូ ខេន 
លោក ដូណាល់ ត្រាំ និងលោក ចូ ខេន 

ក្នុងលិខិតលាលែង ដែលបង្ហោះលើបណ្តាញសង្គមអ៊ិច (X) នៅថ្ងៃ១៧មីនា លោក ចូ ខេន ស្នើឱ្យលោក ត្រាំ កែប្រែស្ថានការណ៍សង្គ្រាមជាមួយអ៊ីរ៉ង់ មករកប្រក្រតីភាពដូចដើមវិញ។ «គ្មានការគំរាមកំហែងណាមួយពីអ៊ីរ៉ង់ មកលើអាម៉េរិកទាល់តែសោះ។ រដ្ឋបាលលោកប្រធានាធិបតី ជាអ្នកចាប់ផ្តើមសង្គ្រាមនេះមុន ដោយសារមានសម្ពាធពីអ៊ីស្រាអែល» នេះជាចំណុចសំខាន់បំផុត ដែលលោក ចូ ខេន ប្រាប់ទៅលោក ត្រាំ។  

សេតវិមាន បានច្រានចោលការអះអាងរបស់លោក ចូ ខេន ក្នុងលិខិតនោះ ហើយឆ្លើយតបវិញថា លោកប្រធានាធិបតី ដូណាល់ ត្រាំ មានភស្តុតាងរឹងមាំ ដែលបង្ហាញពីអ៊ីរ៉ង់ មានគម្រោងចង់វាយប្រហារសហរដ្ឋអាម៉េរិកមុន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ គេសង្កេតឃើញថា លោក ចូ ខេន ជាមន្រ្តីជាន់ខ្ពស់មួយរូប ដែលបង្ហាញការប្រឆាំងជាសាធារណៈ ចំពោះការចាប់ផ្តើមសង្គ្រាមលើអ៊ីរ៉ង់ ដោយផ្តើមឡើងរួមគ្នាពីសំណាក់អាម៉េរិក-អ៊ីស្រាអែល៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត