
រាជាធានីបាងកក៖ ប្រទេសថៃរងការអាម៉ាស និងទទួលមេរៀនដ៏ល្វីងជូរចត់មួយ បន្ទាប់ពីស្ថានទូតអ៊ីរ៉ង់ប្រចាំនៅអាហ្វ្រិកខាងត្បូង បង្ហោះសារបញ្ជាក់ជាថ្មីនៅថ្ងៃសុក្រទី១៣មីនានេះ ដែលមើលទៅហាក់ដូចជាការទះកំផ្លៀងកណ្តាលមុខចំៗ ជុំវិញប្រតិកម្មដ៏រសើបរបស់មហាជនថៃ រឿងបាត់ខ្លួននាវិកថៃ៣នាក់ ក្រោយនាវាពាណិជ្ជកម្មថៃមួយគ្រឿង ត្រូវបានវាយប្រហារនៅច្រកសមុទ្ទហ័រមូស្ស។

នៅថ្ងៃសុក្រទី១៣ ខែមីនានេះ ស្ថានទូតអ៊ីរ៉ង់ប្រចាំនៅអាហ្វ្រិកខាងត្បូង បានបង្ហោះសារមួយបង្កប់ដោយខ្លឹមសារ៖«ព្រមានផង សើចចំអកផង និងឌឺដងផង» ទៅកាន់ភាគីថៃ ថា៖«[..]ខុសពីពួកស៊ីយ៉ូនីស (ដែលសំដៅទៅលើ អ៊ីស្រាអែល) និងប្រធានាធិបតីលោភលន់របស់សហរដ្ឋអាម៉េរិក យើងខ្ញុំ @iraninsa [សំដៅលើអ៊ីរ៉ង់នៅអាហ្វ្រិកខាងត្បូង] និង @IranInThailand [អ៊ីរ៉ង់ក្នុងប្រទេសថៃ] មិនដែលចំអក ឬមើលងាយនរណាម្នាក់ឡើយ»។

សារមានខ្លឹមសារបន្ថែមថា៖«យើងមិនមានបំណងប្រមាថដល់ជនជាតិថៃនោះទេ។ អ្វីដែលចង់មានន័យនៅក្នុងការបង្ហោះនោះ គឺភាពចាំបាច់ក្នុងការគោរពសេចក្តីព្រមានរបស់អ៊ីរ៉ង់ មិនឱ្យឆ្លងកាត់ច្រកសមុទ្ទហ័រមូស្ស។ វាជារឿងគួរឱ្យអស់សំណើចណាស់ ដោយ[អ៊ីរ៉ង់]មិនបានគិតដល់សញ្ជាតិនៃបុគ្គលនៅក្នុងរូបថតនោះឡើយ។ ជីវិតរបស់នាវិកថៃទាំង៣នាក់ ដែលកំពុងបាត់ខ្លួន គឺមានតម្លៃ និងត្រូវបានគោរព ស្មើនឹងជីវិតជនស៊ីវិលអ៊ីរ៉ង់ជាង១៥០០នាក់ ដែលត្រូវបានសម្លាប់ក្រោមកណ្តាប់ដៃឈ្លានពានខាងយោធារបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលយ៉ាងដូច្នោះដែរ»។

«សារនេះ! ច្បាស់ណាស់ថា កុំឆ្លងកាត់ច្រកសមុទ្ទហ័រមុស្ស ដោយគ្មានការសម្របសម្រួលជាមួយយើង»។ នេះជាខ្លឹមសារដ៏មុតស្រួចចេញពីស្ថានទូតអ៊ីរ៉ង់ប្រចាំនៅអាហ្វ្រិកខាងត្បូង។ សូមជម្រាបថា បន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃលើបណ្តាញសង្គម ជុំវិញការបង្ហោះរូបភាពដែលត្រូវបានគេចាត់ទុកថា ជាការប្រមាថដល់នាវិកថៃដែលកំពុងបាត់ខ្លួន ស្ថានទូតអ៊ីរ៉ង់ មិនបានធ្វើការសុំទោសបែបបន្ទន់ឥរិយាបថនោះឡើយ។ ផ្ទុយទៅវិញ ភាគីអ៊ីរ៉ង់ បានបញ្ជាក់យ៉ាងច្បាស់ៗថា អ្វីដែលពួកគេ[ភាគីថៃ] បានបង្ហោះរូបភាពនាវិកដែលកំពុងបាត់ខ្លួន គឺគ្រាន់តែជា«រឿងកំប្លែង និងគួរឱ្យអស់សំណើច» ប៉ុណ្ណោះ។ ការលើកឡើងបែបនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ក្នុងកែវភ្នែករបស់អ៊ីរ៉ង់ ទុក្ខសោក ឬភាពភ័យខ្លាចរបស់ភាគីថៃ ចំពោះវាសនានាវិកទាំង៣នាក់នោះ គឺមិនអាចប្រៀបបាននឹងជីវិតជនស៊ីវិលអ៊ីរ៉ង់ជាង១៥០០នាក់ ដែលបានស្លាប់ក្រោមការវាយប្រហាររួមគ្នារបស់អាម៉េរិក និងអ៊ីស្រាអែលនោះទេ៕





