
រាជធានីបាងកក៖ ក្រសួងការបរទេសថៃ បានប្រកាសកោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសថៃ ឱ្យចូលបំភ្លឺ និងផ្តល់ការពិតជុំវិញហេតុការណ៍បាញ់ប្រហារលើនាវាដឹកទំនិញ ដែលមានទង់ជាតិថៃ នៅច្រកសមុទ្ទហ័រមូស្ស កាលពីថ្ងៃពុធទី១១ ខែមីនា ឆ្នាំ២០២៦។ នេះបើតាមការចុះផ្សាយដោយកាសែតថៃនាថ្ងទី១២ ខែមីនា។

នាវាថៃឈ្មោះ មយូរី នារី (Mayuree Naree) គឺជាប្រភេទនាវាដឹកទំនិញធុនធំ (ឬ Bulk Carrier) ប្រតិបត្តិការដោយក្រុមហ៊ុន Precious Shipping PCL (ប្រេសឹស ស៊ីបភីង ភីស៊ីអ៊ិល) បានរងការវាយប្រហារ ខណៈកំពុងធ្វើដំណើរចេញពីកំពង់ផែខាលីហ្វា (Khalifa) នៃប្រទេសអារ៉ាប់រួម ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា។ ជុំវិញការវាយប្រហារនេះកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (ឬ IRGC) បានចេញមុខបញ្ជាក់ថា ខ្លួនជាអ្នកវាយប្រហារ ព្រោះតែនាវានេះគឃ្លើន និងបានព្រងើយកន្តើយពីការព្រមាន ហើយព្យាយាមឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រនេះដោយខុសច្បាប់។

ទោះជាយ៉ាងណាក៏ដោយ ភាគីថៃកំពុងរង់ចាំការបញ្ជាក់ជាផ្លូវការពីឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ដើម្បីដឹងពីមូលហេតុពិតប្រាកដដែលនាំឱ្យមានការវាយប្រហារលើនាវាស៊ីវិលបែបនេះ។ ការវាយប្រហារនៅច្រកសមុទ្ទហ័រមូស្ស បានធ្វើឱ្យនៅផ្នែកកន្ទុយនាវាខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយម៉ាស៊ីនត្រូវបានបំផ្លាញមិនអាចដំណើរការបាន។ ទន្ទឹមគ្នានេះ នាវិកជនជាតិថៃចំនួន២០នាក់ ត្រូវបានជួយសង្គ្រោះដោយកងទ័ពជើងទឹកអូម៉ង់ ហើយនាវិកចំនួន៣នាក់ទៀតត្រូវបានបាត់ខ្លួន ដោយមិនទាន់ដឹងថា ស្លាប់ ឬក៏រស់៕





