ថៃប្រែជាកូនចៀម មិនហ៊ានថ្កោលទោសអ៊ីរ៉ង់ និងបន្ទន់ឥរិយាបថឱ្យជួយរកនាវិកបាត់ខ្លួន
ហៀប ស៊ីថេត
10 ម៉ោងមុន

រាជធានីបាងកក៖ ធ្លាប់តែបង្ហាញចរិតច្រងេងច្រងាង គឃ្លើន ចូលលុកលុយឈ្លានពាន ប្រទេសជិតខាងដូចជាកម្ពុជា ប៉ុន្តែពេលនេះ ថៃបែរជាមកបង្ហាញចរិតខ្លាចញញើត បន្ទន់ឥរិយាបថដាក់រដ្ឋធានីតេហេរ៉ង់ទៅវិញ បន្ទាប់ពីកប៉ាល់ដឹកទំនិញរបស់ខ្លួនឈ្មោះ «មយូរី នារី Mayuree Naree» ត្រូវបានកងកម្លាំងអ៊ីរ៉ង់បាញ់ប្រហារនៅតំបន់ច្រកសមុទ្ទហ័រមូស្ស ធ្វើឱ្យនាវិកចំនួន៣នាក់នៅបន្តបាត់ខ្លួន...។

កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសថៃ លោក សីហស័ក្តិ ភួងកេតកែវ (สีหศักดิ์ พ่วงเกตุแก้ว) បានប្រញាប់ប្រញាល់ទូរសព្ទទៅលួងលោមអង្វររដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាក់ឈី (Abbas Araghchi) ដើម្បីសុំឱ្យជួយស្វែងរកសមាជិកនាវិកថៃ៣នាក់ដែលកំពុងបាត់ខ្លួន។ ទន្ទឹមនោះ គេសង្កេតឃើញថា ថៃមិនហ៊ានសូម្បីតែប្រើពាក្យថ្កោលទោសខ្លាំងៗ ចំពោះការវាយប្រហារនេះឡើយ ប៉ុន្តែបែរជាប្រើភាសាការទូតដ៏ទន់ភ្លន់ សុំឱ្យមានកិច្ចសន្ទនា និងសន្តិភាពទៅវិញ។

កាលពីមុន ថៃធ្លាប់អួតអាងពីសមត្ថភាពយោធា និងរកលេសដើម្បីឈ្លានពានដីខ្មែរ ប៉ុន្តែពេលប៉ះអ្នកខ្លាំងពិតប្រាកដដូចជាអ៊ីរ៉ង់ ថៃបែរជាបាត់មាត់ឈឹងមិនហ៊ានក្អកសូម្បីមួយម៉ាត់។ ជាក់ស្តែង ក្រៅពីសុំឱ្យជួយរកមនុស្ស ថៃថែមទាំងអង្វរអ៊ីរ៉ង់ឱ្យបើកផ្លូវដល់កប៉ាល់ថៃដទៃទៀតឱ្យឆ្លងកាត់ដោយសុវត្ថិភាព តាមច្រកសមុទ្ទហ័រមុស្ស ដែលបង្ហាញពីភាពកម្សោយ និងបាក់មុខជាខ្លាំង។ ក្នុងស្ថានភាពបែបនេះ ទោះថៃអង្វរលន់តួយ៉ាងណា ក៏រដ្ឋធានីតេហេរ៉ង់មិនខ្វល់ដែរ ព្រោះអ៊ីរ៉ង់បានប្រកាសបិទច្រកសមុទ្ទហ័រមុស្សរួចទៅហើយ ឯនាវិកថៃ៣នាក់ដែលបាត់ខ្លួន មិនអាចប្រៀបស្មើប្រជាជនអ៊ីរ៉ង់រាប់ពាន់នាក់ កំពុងបាត់បង់ជីវិត ក្នុងប្រតិបត្តិការវាយប្រហាររួមគ្នារវាងអាម៉េរិក និងអ៊ីស្រាអែលនោះឡើយ។

មែនទែនទៅ លោក សីហស័ក្តិ បានត្រឹមតែជំរុញឱ្យភាគីទាំងអស់ងាកមករកការចរចាដើម្បីបន្ធូរបន្ថយភាពតានតឹងប៉ុណ្ណោះ។ នេះបង្ហាញឱ្យឃើញថា ថៃគ្មានឥទ្ធិពលអ្វីទាល់តែសោះនៅលើឆាកអន្តរជាតិ ក្រៅតែពីដើរតួជាអ្នកសុំជំនួយនៅចំពោះមុខមហាអំណាចយោធាមជ្ឈិមបូព៌ា ទាំងដែលខ្លួនធ្លាប់អ៊ុងអាត់ និងប្រើអំណាចយោធាដាក់សម្ពាធលើបណ្តាប្រទេសជិតខាង ដែលមានភាពទន់ខ្សោយជាងខ្លួនប៉ុណ្ណោះ៕

លោក សីហស័ក្តិ ភួងកេតកែវ
លោក សីហស័ក្តិ ភួងកេតកែវ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត