
រាជធានីភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃអង្គារទី១៧មីនានេះ បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក គីម ឆាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា...។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោក គីម ឆាងយ៉ុង បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាលើការបន្តជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗមួយចំនួនដូចជា វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, ការពារជាតិ និងសន្តិសុខ។ ជាមួយគ្នា ភាគីទាំងពីរ ថែមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ប្រកបដោយលទ្ធផលជាផ្លែផ្ការវាងនគរបាលនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ថ្លែងក្នុងជំនួប លោក គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដែលបានរីកចម្រើនឡើងជាលំដាប់ ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ នៅឆ្នាំ១៩៩៧ ហើយបច្ចុប្បន្ន ទំនាក់ទំនងនៃប្រទេសទាំងពីរបាននិងកំពុង ត្រូវបានបន្តពង្រឹង និងពង្រីកយ៉ាងសកម្ម តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចជាន់ខ្ពស់ និងគ្រប់កម្រិត ក៏ដូចជាវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន។

លោកគូសបញ្ជាក់ថា៖«នៅឆ្នាំ២០២៧ខាងមុខ ជាខួបលើកទី៣០នៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរ ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា គ្រោងនឹងរៀបចំកម្មវិធីមួយចំនួន ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ»។ លោកបញ្ជាក់ថា សាធារណរដ្ឋកូរ៉េ មានបំណងពង្រីកទំនាក់ទំនងជាមួយកម្ពុជា និងប្ដេជ្ញាចិត្តយ៉ាងមុតមាំខិតខំពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យសម្រេចបានលទ្ធផលផ្លែផ្កាបន្ថែមទៀត។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនជាលំដាប់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ សម្តេចធិបតីបានរំឭកថា ប្រទេសទាំងពីរ បានដំឡើងកម្រិតទំនាក់ទំនង«ភាពជាដៃគូយុទ្ធសាស្ត្រ» នាឆ្នាំ២០២៤ ដែលការណ៍នេះ បានបើកច្រកសម្រាប់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែទូលាយថែមទៀត៕




