ធនាគារពិភពលោក បន្តគាំទ្រកម្ពុជាលើវិស័យសក្ដានុពលចំនួន៥
S
Sreyleak Yith
10 ម៉ោងមុន

រាជធានីភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៧មីនានេះ បានជួបពិភាក្សាការងារជាមួយ លោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ដោយបន្តផ្តល់ជំនួយដល់កម្ពុជា និងបណ្ដាប្រទេសនានា ផ្តោតលើវិស័យនានារួមមាន៖ វិស័យកសិកម្ម និងកសិ-ពាណិជ្ជកម្ម, វិស័យទេសចរណ៍, វិស័យកម្មន្តសាល, វិស័យសុខាភិបាល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ...

លោកអនុប្រធានធនាគារពិភពលោក ​គូសបញ្ជាក់ថា ធនាគារពិភពលោក នឹងបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ដែលជាម៉ាស៊ីននៃកំណើនដ៏សំខាន់ក្នុងការបង្កើតការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច។ ធនាគារពិភពលោក ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត។

សម្ដេចនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយ ជំរុញវិស័យអាទិភាពជាច្រើនរបស់រាជរដ្ឋាភិបាល សំដៅកសាងភាពធន់របស់កម្ពុជា រួមមាន៖ ការកសាងមូលធនមនុស្ស, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, វិស័យអប់រំ, វិស័យសុខាភិបាល, និងការពង្រឹងវិស័យហិរញ្ញវត្ថុ, ការទាក់ទាញការវិនិយោគ, ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម​, ការអភិវឌ្ឍសមត្ថភាពផលិតកម្មសម្រាប់បម្រើឱ្យទីផ្សារក្នុងស្រុក ក៏ដូចជាការដាក់ចេញនូវវិធានការចាំបាច់នានា ដើម្បីធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជា កាន់តែមានទាក់ទាញ និងប្រកួតប្រជែងសំដៅធានា បាននូវភាពធន់នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត