ក្រុមហ៊ុនអូទ្រីសចំនួន១៩ បង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា
L
Linda Sorn
11 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រុមហ៊ុនមកពីប្រទេសអូទ្រីសសរុបចំនួន១៩ បង្ហាញចំណាប់អារម្មណ៍ខ្ពស់ ក្នុងការស្វែងរកឱកាសវិនិយោគ និងកសាងភាពជាដៃគូយូរអង្វែងជាមួយកម្ពុជា។ នេះបើតាមការឱ្យដឹងពីលោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)។

ចំណាប់អារម្មណ៍របស់ក្រុមហ៊ុនអូទ្រីសទាំង១៩ ធ្វើឡើងក្នុងឱកាសដែលក្រុមហ៊ុន ចូលរួមវេទិកាធុរកិច្ចកម្ពុជា-អូទ្រីស ដឹកនាំដោយ លោក អាន់ឌ្រៀស ស៊ូមភើរ (Andreas Sumper) អនុប្រធានបេសកកម្ម នៃស្ថានទូតអូទ្រីសប្រចាំកម្ពុជា និងលោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល នាព្រឹកថ្ងៃអង្គារទី១៧មីនា ឆ្នាំ២០២៦។ វេទិកាធុរកិច្ចក៏មានការចូលរួមពីតំណាងក្រសួងការបរទេស, ក្រសួងសេដ្ឋកិច្ច, ក្រសួងពាណិជ្ជកម្ម, ក្រសួងសាធារណការ និងភាគីពាក់ព័ន្ធមួយចំនួនទៀត។ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឱ្យដឹងថា វេទិកាធុរកិច្ចនេះ ជាផ្នែកមួយដ៏សំខាន់នៃបេសកកម្មពាណិជ្ជកម្មធំបំផុតមិនធ្លាប់មានពីមុនមករបស់គណៈប្រតិភូក្រុមហ៊ុនអូទ្រីស នៅកម្ពុជា ហើយវេទិកាត្រូវបានរៀបចំឡើងឱ្យមានលក្ខណៈយុទ្ធសាស្ត្រមួយ ដែលអនុញ្ញាតឱ្យវិនិយោគិនអូទ្រីស មានឱកាសទទួលបាននូវការឈ្វេងយល់ស៊ីជម្រៅអំពីបរិយាកាសវិនិយោគ បរិបទទីផ្សារនៅកម្ពុជា និងការផ្លាស់ប្ដូរយោបល់កម្រិតខ្ពស់ ជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដោយយកចិត្តទុកដាក់។

នៅក្នុងវេទិកា លោកបានជម្រាបជូនគណៈប្រតិភូអំពីបច្ច័យវិជ្ជមានរបស់កម្ពុជា ដែលជាគោលដៅវិនិយោគមួយ ដោយមានច្បាប់វិនិយោគដែលមានអំណោយផលខ្ពស់, ការយកចិត្តទុកដាក់ចំពោះវិស័យឯកជនពីរាជរដ្ឋាភិបាល, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេង, ហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡា ដែលបាននិងកំពុងអភិវឌ្ឍយ៉ាងសកម្ម, ព្រមទាំងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាល ចំពោះការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដែលជាកត្តាសំខាន់ក្នុងការបង្កើតនូវបរិយាកាសដ៏ទាក់ទាញ សម្រាប់ការស្វែងរកឱកាសវិនិយោគដោយផ្ទាល់ពីវិនិយោគិនបរទេស។

ជាការឆ្លើយតប តំណាងគណៈប្រតិភូក្រុមហ៊ុនអូទ្រីស បានសម្ដែងនូវការកោតសរសើរ និងអំណរគុណ ចំពោះថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធ សម្រាប់កិច្ចសហការល្អប្រសើរ និងការគាំទ្រយ៉ាងកក់ក្ដៅក្នុងការបេសកកម្មនេះ។ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអូទ្រីស ភាគីទាំងពីរមានទំនុកចិត្តថា នឹងមានវត្តមានរបស់ក្រុមហ៊ុនអូទ្រីសនៅកម្ពុជា បន្ថែមមួយកម្រិតទៀត ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការធ្វើទំនើបកម្មឧស្សាហកម្ម និងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយបរិយាបន្ន និងចីរភាព៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត