ដើម្បីសន្សំសំចៃថាមពល! ស្រីលង្កាសម្រេចឱ្យមន្ត្រីរាជការឈប់សម្រាករៀងរាល់ថ្ងៃពុធ
ហៀប ស៊ីថេត
10 ម៉ោងមុន

រដ្ឋធានីកូឡុំបូ៖ រដ្ឋាភិបាលស្រីលង្កាបានសម្រេចប្រកាសកំណត់យក «ថ្ងៃពុធ» ជាថ្ងៃឈប់សម្រាកសម្រាប់បុគ្គលិកក្នុងវិស័យសាធារណៈ ជារៀងរាល់សប្តាហ៍ រហូតដល់មានការជូនដំណឹងជាថ្មី ដែលនេះជាវិធានការបង្ការជាមុន ដើម្បីដោះស្រាយបញ្ហាកង្វះខាតប្រេងឥន្ធនៈ ដែលអាចកើតមាននាពេលអនាគត...។

លោក ព្រះបាទ ចាន់ដ្រាកឺធី (Prabath Chandrakeerthi) អគ្គស្នងការសេវាចាំបាច់ បានថ្លែងថា ទោះបីជាបច្ចុប្បន្នប្រទេសមានស្តុកប្រេងឥន្ធនៈគ្រប់គ្រាន់ក៏ដោយ ប៉ុន្តែការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងផ្អែកលើការបង្ការទុកជាមុន ដើម្បីត្រៀមខ្លួនចំពោះបញ្ហាប្រឈមផ្នែកថាមពល។ ការឈប់សម្រាកប្រចាំសប្តាហ៍នេះ នឹងអនុវត្តចំពោះស្ថាប័នរដ្ឋទាំងអស់ រួមទាំងសាលារៀន សាកលវិទ្យាល័យ និងតុលាការផងដែរ។ យ៉ាងណា សេវាសុខាភិបាល កំពង់ផែ ការផ្គត់ផ្គង់ទឹក និងគយ នឹងបន្តដំណើរការជាធម្មតាដោយគ្មានការរំខាន។ ជាមួយគ្នានេះ រដ្ឋាភិបាលនឹងពិភាក្សាជាមួយសភាពាណិជ្ជកម្មជាតិ និងសហព័ន្ធនិយោជក ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការពង្រីកការអនុវត្តនេះទៅដល់វិស័យឯកជន។

លោក ព្រះបាទ ចាន់ដ្រាកឺធី
លោក ព្រះបាទ ចាន់ដ្រាកឺធី

ជុំវិញបញ្ហានេះ រដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការសំខាន់ៗចំនួន៤ ដើម្បីត្រួតពិនិត្យស្ថានភាពជាក់ស្តែងរួមមាន៖ ១.គណៈកម្មាធិការសេវាសាធារណៈ ដឹកនាំដោយនាយករដ្ឋមន្ត្រី, ២.គណៈកម្មាធិការថាមពល, ៣.គណៈកម្មាធិការចែកចាយទំនិញចាំបាច់, និងទី៤.គណៈកម្មាធិការសុខុមាលភាពសង្គម។ ទន្ទឹមគ្នា លោក អាឡូកា បានដារ៉ា (Aloka Bandara) លេខាធិការក្រសួងរដ្ឋបាលសាធារណៈ បានបញ្ជាក់ថា ការកាត់បន្ថយថ្ងៃធ្វើការមកត្រឹម៤ថ្ងៃក្នុងមួយសប្តាហ៍ មានគោលបំណងធំ២គឺ៖ កាត់បន្ថយការប្រើប្រាស់ថាមពល និងរក្សាស្តុកប្រេងឥន្ធនៈឱ្យបានយូរអង្វែង

លោក អាឡូកា បានដារ៉ា
លោក អាឡូកា បានដារ៉ា

ជាមួយគ្នា មន្ត្រីរដ្ឋាភិបាល បានណែនាំឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដូចជា កម្មវិធី Zoom និង Teams សម្រាប់ការប្រជុំជំនួសវិញ ដើម្បីកាត់បន្ថយការធ្វើដំណើរ និងជំរុញការធ្វើបដិវត្តកម្មឌីជីថលនៅក្នុងសេវាសាធារណៈ។ គួរបញ្ជាក់ថា សម្រាប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍មានប្រទេសចំនួន៤ហើយ ដែលជំរុញឱ្យមន្រ្តីរាជការធ្វើការពីផ្ទះ រួមមាន៖ ថៃ វៀតណាម ហ្វីលីពីន និងឡាវ។ ទាំងនេះ គឺបណ្ដាលមកពីសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលនាំឱ្យមានវិបត្តិថាមពល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត