Updated៖ ជុំវិញអាម៉េរិកប្រើនាវាមុជទឹកបា.ញ់ព.ន្លិ.ចនាវាចម្បាំងអ៊ីរ៉ង់ នៅក្បែរស្រីលង្កាស.ម្លា.ប់មនុស្ស៨៧នាក់ ដែលនឹងធ្វើឱ្យស.ង្គ្រា.មកាន់តែរីកធំ
ហៀប ស៊ីថេត
មួយថ្ងៃមុន

រដ្ឋធានីកូឡុំបូ៖ នាវាមុជទឹកអាម៉េរិកមួយគ្រឿង បានបាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់នៅឆ្នេរសមុទ្ទភាគខាងត្បូងនៃប្រទេសកោះស្រីលង្កា ដោយបានសម្លាប់នាវិកយោធារាប់សិបនាក់ ខណៈភ្លើងសង្គ្រាមឆេះរាលដាលកាន់តែខ្លាំង...។

នាវាចម្បាំងហ្វ្រ៊ីហ្គេត អាយរីស ដេណា (frigate IRIS Dena)
នាវាចម្បាំងហ្វ្រ៊ីហ្គេត អាយរីស ដេណា (frigate IRIS Dena)

អនុរដ្ឋមន្ត្រីការបរទេសស្រីលង្កា បញ្ជាក់ថា នាវាចម្បាំងនោះ គឺជានាវាខ្នាតធំហ្វ្រ៊ីហ្គេត អាយរីស ដេណា (frigate IRIS Dena) កំពុងធ្វើដំណើរចេញពីកំពង់ផែភាគខាងកើតនៃប្រទេសឥណ្ឌា ត្រឡប់ទៅប្រទេសអ៊ីរ៉ង់វិញ ប៉ុន្តែជាអកុសលត្រូវបានក្លាយជាចំណីរបស់នាវាមុជទឹកអាម៉េរិក។ ការវាយប្រហារនេះ កើតឡើងនៅមហាសមុទ្ទឥណ្ឌា ក្បែរឆ្នេរសមុទ្ទប្រទេសស្រីលង្កា មានឆ្ងាយពីតំបន់ឈូងសមុទ្ទ ជាកន្លែងដែលកងកម្លាំងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល កំពុងបើកប្រតិបត្តិការវាយប្រហារលើអ៊ីរ៉ង់។ «នាវាមុជទឹកអាម៉េរិកមួយគ្រឿង បានបាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់ ដែលធ្លាប់តែគិតថាខ្លួនមានសុវត្ថិភាពនៅក្នុងដែនទឹកអន្តរជាតិ។ ផ្ទុយទៅវិញ វាត្រូវបានលិចចូលទៅក្នុងមហាសាគរដោយគ្រាប់មីស៊ីលតូរពីដូ(Torpedo)។ វាជាសេចក្តីមរណដ៏ស្ងប់ស្ងាត់» នេះជាសម្តីរបស់រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ភេត ហេកសិត (Pete Hegseth) ថ្លែងនៅមន្ទីរបញ្ចកោណ។

ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យក្នុងទីក្រុងកំពង់ផែហ្កាឡេ (Galle) ប្រទេសស្រីលង្កា បានបញ្ជាក់ថា សាកសពចំនួន៨៧នាក់ ត្រូវបានបញ្ជូនដោយក្រុមអ្នកជួយសង្គ្រោះយោធា ដែលបានឆ្លើយតបទៅនឹងការហៅទូរសព្ទសង្គ្រោះបន្ទាន់។ មនុស្ស៣២នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយមនុស្សប្រហែល ៦០នាក់ទៀត ទំនងជាកំពុងបាត់ខ្លួន ក្នុងចំណោមមនុស្សសរុបប្រហែល១៨០នាក់នៅលើនាវា។ នេះមានន័យថា ចំនួននាក់ស្លាប់អាចនឹងបន្តកើនឡើង។ វីដេអូពីមន្ទីរបញ្ចកោណបង្ហាញឱ្យឃើញថា នាវាចម្បាំងនោះត្រូវបានវាយប្រហារដោយការផ្ទុះដ៏ខ្លាំងសម្បើមមួយ ពោលគឺវាបានផ្ទុះហើបផុតពីទឹក រួចក៏ចាប់ផ្តើមលិចចូលទៅក្នុងមហាសាគរយ៉ាងតក់ស្លុតបំផុត។ សូមជម្រាបថា នាវាចម្បាំងអ៊ីរ៉ង់នេះបានចូលរួមក្នុងសមយុទ្ធជើងទឹក ដែលរៀបចំដោយប្រទេសឥណ្ឌានៅឈូងសមុទ្ទបេងហ្កាល់ (Bengal) ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែកុម្ភៈកន្លងទៅ។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យកងទ័ពជើងទឹកស្រីលង្កា លោកមេបញ្ជាការ ពុទ្ធិកា សម្បត្តិ (Buddhika Sampath) បានអះអាងថា ទោះបីជាហេតុការណ៍នេះកើតឡើងនៅក្រៅដែនទឹកស្រីលង្កាក៏ដោយ ក៏រដ្ឋធានីកូឡុំបូនៅតែប្តេជ្ញាផ្តល់ការគាំទ្រ និងការជួយសង្គ្រោះ ក្រោមហេតុផលមនុស្សធម៌ ក្នុងនាមជាប្រទេសប្រតិបត្តិព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន។ យ៉ាងណា មេបញ្ជាការនាវាចម្បាំង និងនាយទាហានជាន់ខ្ពស់អ៊ីរ៉ង់មួយចំនួនស្ថិតក្នុងចំណោមអ្នករស់រានមានជីវិត ហើយពួកគេបានប្រាប់កងទ័ពជើងទឹកស្រីលង្កាថា ពួកគេត្រូវបានវាយប្រហារដោយនាវាមុជទឹក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត