រាជធានីបាងកក៖ សកម្មជនវៀតណាមម្នាក់ ដែលត្រូវបានអង្គការសហប្រជាជាតិផ្តល់ឋានៈជាជនភៀសខ្លួន ត្រូវបានប្រទេសថៃធ្វើបត្យាប័នទៅកាន់ប្រទេសវៀតណាម ជាកន្លែងដែលគាត់ប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេលមួយទសវត្សរ៍។ នេះបើយោងតាមមេធាវីរបស់គាត់ បានឱ្យដឹងនៅថ្ងៃចន្ទទី១ ខែធ្នូ...។

តុលាការឧទ្ធរណ៍ថៃ បានសម្រេចកាលពីសប្តាហ៍មុន អនុញ្ញាតឱ្យធ្វើបត្យាប័នលោក Y Quynh Bdap ដែលបានរស់នៅនិរទេសខ្លួននៅក្នុងប្រទេសថៃ ចាប់តាំងពីឆ្នាំ២០១៨។ តុលាការវៀតណាមមួយ បានកាត់ទោសគាត់ដោយកម្បាំងមុខនៅក្នុងខែមករា ឆ្នាំ២០២៤ ពីបទភេរវកម្ម។ លោក Bdap ត្រូវបានកាត់ទោសពីបទរៀបចំការវាយប្រហារពីចម្ងាយក្នុងឆ្នាំ២០២៣ ដែលខ្មាន់កាំភ្លើងជិះម៉ូតូបានបើកការបាញ់ប្រហារលើប៉ុស្តិ៍ប៉ូលិសពីរកន្លែងនៅតំបន់ខ្ពង់រាបកណ្តាលរបស់ប្រទេសវៀតណាម ដោយបានសម្លាប់មនុស្សប្រាំបួននាក់ ជាអំពើហិង្សាដ៏កម្រមួយប្រឆាំងនឹងអាជ្ញាធរកុម្មុយនីស្ដ។ លោកបានបដិសេធការចោទប្រកាន់ទាំងនេះ។

មេធាវីរបស់លោក Bdap គឺលោកស្រី ណាត់ថាសិរិ ប៊ឺកមែន (ณัฐาศิริ เบิร์กแมน) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFPថា៖«អាជ្ញាធរអន្តោប្រវេសន៍ថៃ បានបញ្ជាក់ថា Bdap ត្រូវបានប្រគល់ទៅឱ្យមន្ត្រីវៀតណាមដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម។ យើងមិនមានព័ត៌មានអំពីជោគវាសនារបស់គាត់ទេ។» ការប្រគល់នេះ បានកើតឡើងនៅថ្ងៃសុក្រទី២៨វិច្ឆិកា។ នាយកដ្ឋានអប់រំកែប្រែរបស់ថៃ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រទី២៨វិច្ឆិកាថា ខ្លួនបានសម្របសម្រួលជាមួយប៉ូលិសថៃដើម្បីផ្ទេរលោក Y Quynh Bdap ត្រឡប់ទៅប្រទេសវៀតណាមវិញ។ លោក Bdap ត្រូវបានផ្តល់ឋានៈជាជនភៀសខ្លួន ដោយអង្គការសហប្រជាជាតិ ប៉ុន្តែគាត់ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារមួយក្នុងរាជធានីបាងកក ចាប់តាំងពីខែធ្នូ នៅពេលគាត់ត្រូវបានជាប់ពន្ធនាគារពីបទស្នាក់នៅក្នុងប្រទេស ដោយគ្មានឯកសារធ្វើដំណើរត្រឹមត្រូវ។

អ្នកជំនាញដែលជាប់ពាក់ព័ន្ធនឹងអង្គការសហប្រជាជាតិ បានព្រមានកាលពីឆ្នាំមុនថា លោក Bdap ប្រឈមនឹងហានិភ័យនៃការធ្វើទារុណកម្ម ឬការប្រព្រឹត្តអាក្រក់ ឬការដាក់ទណ្ឌកម្មផ្សេងទៀត ប្រសិនបើត្រូវបានបញ្ជូនទៅប្រទេសវៀតណាមវិញ។ លោក ស៊ុណៃ ផាស៊ុក (สุณัย ผาสุข) ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានសរសេររៀបរាប់នៅលើបណ្តាញសង្គម X ថា លោក Bdap ត្រូវបានធ្វើបត្យាប័ន ទោះបីជាមានការព្រួយបារម្ភពីអង្គការសហប្រជាជាតិ ក្រុមសិទ្ធិមនុស្ស គណៈកម្មការសិទ្ធិមនុស្សជាតិរបស់ប្រទេសថៃ និងរដ្ឋាភិបាលលោកខាងលិច ថាគាត់ប្រឈមមុខនឹងការចោទប្រកាន់ដោយអយុត្តិធម៌ រួមទាំងការជាប់ពន្ធនាគារ១០ឆ្នាំ។

ប៉ូលិសវៀតណាមបានអះអាងថា Bdap គឺជាស្ថាបនិកនៃក្រុម Montagnards Stand for Justice ហើយបានចោទប្រកាន់គាត់ពីបទដឹកនាំមនុស្សឱ្យអនុវត្តការវាយប្រហារនៅឆ្នាំ២០២៣។ ក្រុមនេះ តស៊ូមតិដើម្បីសេរីភាពសាសនាសម្រាប់កុលសម្ព័ន្ធភ្នំ និងក្រុមជនជាតិដើមភាគតិចវៀតណាម ដែលត្រូវបានអាជ្ញាធរវៀតណាមចាត់ថ្នាក់ថា ជាភេរវករ។ Montagnards ជាឈ្មោះសមូហភាពសម្រាប់កុលសម្ព័ន្ធផ្សេងៗនៅតំបន់ខ្ពង់រាបកណ្តាល បានចូលភាគខាងត្បូងដែលគាំទ្រដោយសហរដ្ឋអាម៉េរិកក្នុងអំឡុងសង្គ្រាមរាប់ទសវត្សរ៍របស់វៀតណាម។ អ្នកខ្លះបានអំពាវនាវឱ្យមានស្វ័យភាពបន្ថែមទៀត ខណៈអ្នកផ្សេងទៀតនៅបរទេស តស៊ូមតិដើម្បីឯករាជ្យភាពសម្រាប់តំបន់នេះ៕
