
រដ្ឋធានីកូឡុំបូ៖ មនុស្សយ៉ាងហោចណាស់១០១នាក់បានបាត់ខ្លួន និង៧៨នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីមានការវាយប្រហារដោយនាវាមុជទឹកទៅលើនាវាចម្បាំងអ៊ីរ៉ង់មួយគ្រឿង នៅក្បែរឆ្នេរសមុទ្ទប្រទេសស្រីលង្កា ឱ្យលិចភ្លឹបចូលមហាសាគរ។ នេះបើតាមការចុះផ្សាយដោយកាសែតអង់គ្លេស Dialy Mail ចុះផ្សាយថ្ងៃទី៤មីនា នេះ។

ក្រសួងការពារជាតិស្រីលង្កា បញ្ជាក់ថា ខ្លួនកំពុងស្វែងរកសមាជិកនាវិកផ្សេងទៀតនៃនាវាចម្បាំងអ៊ីរ៉ង់ «IRIS Dena» ដែលបានលិចនៅចម្ងាយប្រហែល២៥ម៉ាយ (ឬប្រហែល៤០គីឡូម៉ែត្រ) ភាគខាងត្បូងនៃប្រទេសកោះស្រីលង្កា។ យ៉ាងណា មិនទាន់មានព័ត៌មានលម្អិតភ្លាមៗអំពីមូលហេតុនៃគ្រាប់ផ្ទុះ ដែលធ្វើឱ្យនាវានេះលិចនៅឡើយទេ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសស្រីលង្កា លោក វ៉ាជីថា ហ៊ីរ៉ាត់ (Vajitha Herath) អះអាងថា នាវិកដែលរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅភាគខាងត្បូង។ នាវាចម្បាំងអ៊ីរ៉ង់ប្រភេទ Frigate មាននាវិកសរុប១៨០នាក់ បានផ្ញើសញ្ញាអាសន្នតាំងពីព្រលឹមស្រាងៗ។ ជាមួយគ្នា មន្ត្រីម្នាក់បានប្រាប់ភ្នាក់ងារ AFP ថា៖«យើងកំពុងបន្តស្វែងរក ប៉ុន្តែយើងមិនទាន់ដឹងថា មានអ្វីកើតឡើងចំពោះនាវិកដែលនៅសល់នោះទេ»។ នេះហាក់បង្ហាញឱ្យឃើញពីសង្ឃឹមតិចតួច ក្នុងការស្វែងរកអ្នករស់រានមានជីវិត។

រដ្ឋមន្ត្រីការបរទេសស្រីលង្កាបន្តថា នាវាជើងទឹកស្រីលង្កាចំនួន២គ្រឿង និងយន្តហោះ១គ្រឿង ត្រូវបានដាក់ពង្រាយសម្រាប់ប្រតិបត្តិការសង្គ្រោះ។ ថ្លែងនៅក្នុងសភា សមាជិកសភាបក្សប្រឆាំងបានចោទសួរថា តើនាវានេះត្រូវបានវាយប្រហារដោយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ឬយ៉ាងណា..? ប៉ុន្តែមិនមានការឆ្លើយតបភ្លាមៗ ពីមន្ត្រីរដ្ឋាភិបាលឡើយ។ ទន្ទឹមគ្នា អ្នកនាំពាក្យកងទ័ពជើងទឹកស្រីលង្កា លោក ពុទ្ធិកា សម្បត្តិ (Buddhika Sampath) បានលើកឡើងថា ប្រតិបត្តិការនេះ គឺធ្វើឡើងស្របតាមកាតព្វកិច្ចសមុទ្ទអន្តរជាតិរបស់ស្រីលង្កា ហើយនាវិកអ៊ីរ៉ង់ចំនួន៣២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យធំ ក្នុងក្រុងហ្កាល់លី (Galle) ស្ថិតនៅភាគខាងត្បូងរដ្ឋធានីកូឡុំបូ។ «យើងបានឆ្លើយតបទៅនឹងសញ្ញាអាសន្នក្រោមកាតព្វកិច្ចអន្តរជាតិ ដោយសារតំបន់នេះ ស្ថិតក្នុងដែនស្វែងរក និងដែនសង្គ្រោះរបស់យើងក្នុងមហាសមុទ្ទឥណ្ឌា» នេះបើតាមសម្តីអ្នកនាំពាក្យកងទ័ពជើងទឹកស្រីលង្កា៕




