
រដ្ឋធានីតេហេរ៉ង់៖ យ៉ាងហោចណាស់ មានសារមន្ទីរ វិមានប្រវត្តិសាស្ត្រ និងទីតាំងវប្បធម៌សរុបដល់ទៅ៥៦កន្លែងក្នុងប្រទេសអ៊ីរ៉ង់ បានខូចខាតដោយសារការវាយប្រហាររួមគ្នារបស់អាម៉េរិក-អ៊ីស្រាអែល។ នេះបើតាមការអះអាងរបស់ក្រសួងបេតិភណ្ឌអ៊ីរ៉ង់ ត្រូវបានចុះផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃ១៧មីនា។

ក្នុងចំណោមទីតាំងបេតិកភណ្ឌដែលរងការខូចខាតទាំង៥៦នោះ មាន១៩ទីតាំង ស្ថិតក្នុងរដ្ឋធានីតេហេរ៉ង់។ សូម្បីអតីតរាជវាំង ហ្កូឡេស្ថាន (Golestan) ដ៏ល្បីល្បាញ និងជាទីតាំងប្រវត្តិសាស្រ្តប្រចាំប្រទេសអ៊ីរ៉ង់ ក៏ត្រូវគ្រាប់មីស៊ីលដែរ។ មុនឆ្នាំ១៩៧៩ អ៊ីរ៉ង់ ជាព្រះរាជាណាចក្រ មិនមែនសាធារណរដ្ឋនោះទេ។

នៅមានទីតាំងបេតិកភណ្ឌផ្សេងទៀត ស្ថិតនៅកណ្តាលទីក្រុងអ៊ិសហ្វាហាន (Isfahan) រួមទាំងវិហារអ៊ិស្លាមឈ្មោះ អ៊ីមាំ សា (Imam Shah) ដែលបានចុះក្នុងបញ្ជីបេតិភណ្ឌនៃអង្គការយូណេស្កូ (UNESCO) សុទ្ធតែត្រូវខូចខាតក្នុងការវាយប្រហាររបស់អាម៉េរិក-អ៊ីស្រាអែល។ បើនិយាយពីទីក្រុងវិញ អ៊ីរ៉ង់ ប្រកាសថា ទីក្រុងតូចធំរបស់ខ្លួនដល់ទៅជាង១០០ឯណោះដែលត្រូវវាយប្រហារ៕




