
មជ្ឈិមបូព៌ា៖ យោងតាមប្រភពពីមន្ត្រីតំបន់ឈូងសមុទ្ទ និងអ្នកការទូតលោកខាងលិច បណ្ដាប្រទេសអារ៉ាប់ដែលធ្លាប់តែប្រឆាំងនឹងសង្គ្រាម កំពុងផ្លាស់ប្ដូរឥរិយាបថ ដោយជំរុញឱ្យសហរដ្ឋអាម៉េរិកកុំដកថយ ឬបញ្ឈប់សកម្មភាពយោធាត្រឹមពាក់កណ្តាលទី ដរាបណាអ៊ីរ៉ង់ នៅតែមានសមត្ថភាពគំរាមកំហែងដល់ដង្ហើមសេដ្ឋកិច្ចប្រេងក្នុងតំបន់...។

ដើមឡើយ ប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា មិនបានស្នើឱ្យអាម៉េរិកធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ទេ ប៉ុន្តែការដែលអ៊ីរ៉ង់បើកការវាយប្រហារដោយដ្រូន និងមីស៊ីលមកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងកំពង់ផែរបស់ពួកគេ ពេលនេះ ពួកគេធ្វើឱ្យអ៊ីរ៉ង់ក្លាយជាសត្រូវពេញមុខ។ លោក អាប់ឌុលឡាហ្ស៊ីស សាហ្គ័រ (Abdulaziz Sager) ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវឈូងសមុទ្ទ បានលើកឡើងថា អ៊ីរ៉ង់បានដើរហួស«ខ្សែបន្ទាត់ក្រហម» ជាមួយគ្រប់ប្រទេសជិតខាងទាំងអស់។ លោកបានលើកឡើងថា៖«ដំបូងឡើយ យើងធ្លាប់ការពារពួកគេ ប្រឆាំងនឹងសង្គ្រាម ប៉ុន្តែនៅពេលដែលពួកគេចាប់ផ្ដើមបាញ់ប្រហារមកលើទឹកដីរបស់យើង ពួកគេក៏ក្លាយជាសត្រូវ។ យើងគ្មានជម្រើសអ្វីក្រៅពីចាត់ទុកពួកគេជាសត្រូវនោះឡើយ»។

ស្របពេលជាមួយគ្នានេះ រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងដាក់សម្ពាធយ៉ាងខ្លាំងឱ្យបណ្ដាប្រទេសទាំងនេះ ចូលរួមក្នុងសង្គ្រាមផ្ទាល់តែម្ដង ដើម្បីបង្កើនភាពស្របច្បាប់អន្តរជាតិ និងបង្ហាញពីការគាំទ្រក្នុងតំបន់ចំពោះយុទ្ធនាការយោធារបស់ខ្លួន។ មេដឹកនាំអារ៉ាប់ជាច្រើនយល់ឃើញថា ប្រសិនបើអាម៉េរិកឈប់ត្រឹមពាក់កណ្ដាលទី ហើយទុកឱ្យអ៊ីរ៉ង់នៅមានសមត្ថភាពផលិតអាវុធ ឬមានកម្លាំងវាយបកនោះ វានឹងក្លាយជាមហន្តរាយសម្រាប់សន្តិសុខថាមពលពិភពលោក នៅថ្ងៃអនាគត។ ជំហររួមរបស់មេដឹកនាំតំបន់ឈូងសមុទ្ទនៅពេលនេះ គឺចង់ឱ្យលោក ត្រាំ កាត់បន្ថយសមត្ថភាពយោធាអ៊ីរ៉ង់ឱ្យដល់កម្រិតដែលមិនអាចងើបឡើងវិញបាន ដើម្បីបញ្ចប់ការគំរាមកំហែង និងការចាប់ជម្រិតសេដ្ឋកិច្ចតំបន់តាមរយៈការបិទផ្លូវទឹកដឹកជញ្ជូនប្រេង៕



