មិនមែនអាម៉េរិក មិនមែនអ៊ីស្រាអែល ហើយរឹតតែមិនមែនអ៊ឺរ៉ង់! តើនរណាជាអ្នកប្រមូលផលពិតប្រាកដក្នុងរដូវស.ង្គ្រា.មនៅមជ្ឈិមបូព៌ា?
ហៀប ស៊ីថេត
12 ម៉ោងមុន

បទវិភាគ៖ នៅក្នុងស្រមោលនៃវិបត្តិភូមិសាស្ត្រនយោបាយសកល ជម្លោះមួយបានក្លាយជាឱកាសមាសសម្រាប់ភាគីទី៣ ដែលកំពុងអង្គុយទទួលផលពីចម្ងាយ។ សហរដ្ឋអាម៉េរិក ចាប់ដៃអ៊ីស្រាអែល បើកការវាយប្រហារលើអ៊ីរ៉ង់ ដោយសម្លឹងឃើញជង្រុកប្រេងដ៏ធំសម្បើមបន្ទាប់ពីវេណេហ្សុយអេឡា ដែលខ្លួនបានច្បាមយករួចមកហើយ។ យ៉ាងណា អ៊ីរ៉ង់មិនងាយស្រួលធ្វើបាបដូចប្រទេសផ្សេងឡើយ ខណៈផ្លូវទឹកផ្គត់ផ្គង់ប្រេងពិភពលោក ត្រូវបានកាត់ផ្តាច់ ធ្វើឱ្យអាម៉េរិកភ័យស្លន់ស្លោ និងបើកដៃឱ្យប្រេងរុស្ស៊ីដែលជាប់គាំងដោយទណ្ឌកម្ម អាចចរាចរអាជីវកម្មឡើងវិញបាន។ សង្គ្រាមនេះ តើនរណាជាអ្នកទទួលផលពិតប្រាកដ?

បច្ចុប្បន្ន ពិភពលោកកំពុងចោលកន្ទុយភ្នែក មើលសង្គ្រាមរួមគ្នារវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់​ ដោយគិតថា សហរដ្ឋអាម៉េរិកនឹងទទួលបានផលប្រយោជន៍ធំពីសង្គ្រាមនេះ ប៉ុន្តែបើតាមការវិភាគភូមិសាស្ត្រនយោបាយបានកត់សម្គាល់ថា អ្នកដែលកំពុងទទួលផលចំណេញពិតប្រាកដ មិនមែនជាប្រទេសផ្តើមជម្លោះទាំង២នោះទេ ផ្ទុយទៅវិញអ្នកឈ្នះពិតប្រាកដក្នុងស្ថានភាពចលាចលនៃវិបត្តិប្រេងសកលនេះ គឺមានបុរសម្នាក់ ដែលកំពុងកាន់អាវុធនុយក្លេអ៊ែរក្នុងដៃ និងកំពុងធ្វើសង្គ្រាមជាមួយប្រទេសអ៊ុយក្រែនដែលមានចម្ងាយជាង២៣០០គីឡូម៉ែត្រពីតំបន់មជ្ឈិមបូព៌ា។ ម្នាក់នោះ គឺជា«បុរសខ្លាឃ្មុំទឹកកក វ្ល៉ាឌីមៀ ពូទីន» ដែលជាប្រធានាធិបតីដ៏មានឥទ្ធិពលរបស់រុស្ស៊ី ខណៈដុំភ្លើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ក្លាយជាក្រឡាអុកចត្រង្គដ៏មានប្រសិទ្ធភាព ក្នុងការជំរុញដង្ហើមសេដ្ឋកិច្ចសង្គ្រាមរុស្ស៊ីឱ្យកាន់តែរឹងមាំ។

បុរសខ្លាឃ្មុំទឹកកក វ្ល៉ាឌីមៀ ពូទីន
បុរសខ្លាឃ្មុំទឹកកក វ្ល៉ាឌីមៀ ពូទីន

ជាដំបូង យើងមើលត្រឡប់ក្រោយទៅសង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ថាតើប្រទេសណាទទួលបានផលប្រយោជន៍ធំជាងគេ រុស្ស៊ី ឬសហភាពអឺរ៉ុបដែលបានជួយច្បាំងជាមួយអ៊ុយក្រែន? ចម្លើយគឺមិនមែនទាំងអស់ ប្រទេសដែលទទួលបានផលប្រយោជន៍ធំពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ី គឺសហរដ្ឋអាម៉េរិក ព្រោះរ៉ែកម្ររបស់អ៊ុយក្រែនរាប់លានតោនត្រូវធ្លាក់ទៅលើដៃបងធំអាម៉េរិក ជាថ្នូរនឹងការផ្ដល់សព្វាវុធ យុទ្ធោបរកណ៍សឹក និងជួយឱ្យអ៊ុយក្រែនមានសន្តិភាពឡើងវិញ។ យ៉ាងណា ពន្លឺសន្តិភាពអ៊ុយក្រែន ហាក់នៅឆ្ងាយដែលពិបាកនឹងចាប់យក ខណៈសហរដ្ឋអាម៉េរិក ចាប់យកសង្គ្រាមនេះ ធ្វើជាយុទ្ធសាស្ត្រការទូត និងច្បាមយកប្រយោជន៍កាន់តែខ្លាំងពីភាគីជម្លោះ។ ទន្ទឹមនោះ សហរដ្ឋអាម៉េរិក ក្រោមគោលនយោបាយរបស់ លោក ដូណាល់ ត្រាំ សហភាពអឺរ៉ុបក៏បាននិងកំពុងជួបនូវបញ្ហាជាច្រើន រាប់ចាប់ពីវិបត្តិសេដ្ឋកិច្ច ជម្លោះវាទីនិយមនៃការចង់ដណ្តើមកាន់កាប់កោះហ្គ្រីនឡែន និងជំរុញឱ្យបង្កើនថវិកាលើវិស័យការពារជាតិរបស់ប្រទេសសមាជិកនៃសហភាពផងដែរ។

រ៉ែកម្ររបស់អ៊ុយក្រែន ត្រូវធ្លាក់ក្នុងដៃអាម៉េរិក
រ៉ែកម្ររបស់អ៊ុយក្រែន ត្រូវធ្លាក់ក្នុងដៃអាម៉េរិក

ដូច្នេះ សរុបមក សហរដ្ឋអាម៉េរិកចំណេញទាំងនយោបាយការទូតអន្តរជាតិ និងសេដ្ឋកិច្ច លើសង្គ្រាមឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី យ៉ាងសម្បើម។ ជាពិសេស ការហាមឃាត់នាវាដឹកប្រេងរុស្ស៊ីចរាចរលើទីផ្សារអន្តរជាតិ ដោយបានបង្កកនាវាដឹកប្រេងទាំងនោះកកស្ទះលើលម្ហសមុទ្ទ ក៏ដូចជាប្រតិបត្តិការមួយចម្អិនកំពឹស បង្ក្រាប និងចាប់ខ្លួនមេដឹកនាំកំពូលប្រទេសវេណាហ្ស៊ុយអេឡាយកទៅកាត់ទោស បង្ខំឱ្យមេដឹកនាំវេណេហ្ស៊ុយអេឡាថ្មី ប្រគល់ឃ្លាំងស្តុកប្រេងឱ្យមកស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់របស់អាម៉េរិក ធ្វើឱ្យប្រទេសគុយបាជួបវិបត្តិប្រេងធ្ងន់ធ្ងរបំផុត ព្រោះបាត់បង់អ្នកផ្គត់ផ្គង់ធំ ដែលជាមេដឹកនាំវេណាហ្ស៊ុយអេឡាចាស់ គឺលោក នីកូឡាស ម៉ាឌូរ៉ូ។  ដោយឡែក បើយើងក្រឡេកមើលសង្គ្រាមកូនកាត់រវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល ច្បាំងជាមួយអ៊ីរ៉ង់វិញ ប្រេង ក៏ជាចំណុចស្នូលដែលសហរដ្ឋអាម៉េរិកសម្លឹងឃើញ ក្រៅតែពីការយកលេសរារាំងការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

ទោះយ៉ាងណាក៏ដោយ សង្គ្រាមឈ្លានពានដែនអនាធិបតេយ្យមួយនេះ វាមិនងាយស្រួលដូចការគិតរបស់ លោក ដូណាល់ ត្រាំ ឡើយ ដ្បិតថា អ៊ីរ៉ង់ពុំមែនជាវេណាហ្ស៊ុយអេឡា ឬអ៊ីរ៉ាក់ ដែលអាចឱ្យសហរដ្ឋអាម៉េរិកវាយកម្ទេចបានស្រួលៗដែរ ពោលគឺ..អ៊ីរ៉ង់ជាបងធំប្រចាំតំបន់មជ្ឈិមបូព៌ា មានសព្វាវុធទំនើបៗ រួមទាំងមានមិត្តសម្ព័ន្ធធំពីរ គឺនាគរាជចិន និងស្តេចខ្លាឃ្មុំទឹកកក វ៉្លាឌីមៀ ពូទីន ដែលជាមេដឹកនាំកំពូលដ៏មានឥទ្ធិពលរបស់រុស្ស៊ី។ បើយើងពិនិត្យលើទិដ្ឋភាពសេដ្ឋកិច្ច យុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ ដែលបានខ្ទប់ដង្ហើមប្រេងតាមរយៈការបិទច្រកសមុទ្ទហ័រមូស្ស និងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងតំបន់ឈូងសមុទ្ទ ធ្វើឱ្យតម្លៃប្រេងសកលហក់ឡើងខ្ពស់កប់ពពក ពោលគឺលើសពី១០០ដុល្លារក្នុងមួយបារ៉ែល។ ស្ថានភាពនេះ បានផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់រុស្ស៊ី ដែលជាប្រទេសនាំចេញថាមពលដ៏ធំមួយ បន្ទាប់ពីត្រូវបានគាំងស្ទះរើខ្លួនមិនរួច ដោយសារទណ្ឌកម្មជុំទិស។

ដោយសារអាសន្នខ្លាំងពេក បងធំអាម៉េរិក បានបើកដៃឱ្យប្រទេសនានាទិញប្រេងរុស្ស៊ីវិញក្នុងរយៈពេល៣០ថ្ងៃ ធ្វើឱ្យថវិកាដែលបានមកពីការឡើងថ្លៃប្រេង និងការបន្ធូរបន្ថយទណ្ឌកម្មដោយប្រយោលពីសំណាក់សហរដ្ឋអាម៉េរិក បានអនុញ្ញាតឱ្យវិមានក្រឹមឡាំងមានលទ្ធភាពកាន់តែខ្លាំងក្នុងការកេណ្ឌកងទ័ព និងបង្កើនការផលិតអាវុធទំនើបៗកាន់តែច្រើន សម្រាប់ប្រើប្រាស់ក្នុងសមរភូមិវាទីលើប្រទេសអ៊ុយក្រែន។ បន្ថែមលើនេះ ផលចំណេញមួយផ្នែកធំទៀតក្នុងសង្គ្រាមកូនកាត់នេះ គឺអ៊ីរ៉ង់បានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរដល់សមត្ថភាពការពារខ្លួនរបស់អ៊ុយក្រែន។ នៅពេលសហរដ្ឋអាម៉េរិកបែងចែកធនធាន និងសព្វាវុធទៅកាន់សមរភូមិមជ្ឈិមបូព៌ា ការផ្គត់ផ្គង់យុទ្ធោបករណ៍ដល់រដ្ឋធានីគៀវ ច្បាស់ជាមានការរអាក់រអួល ឬនៅទ្រឹង ដូច្នេះ វាជាការផ្ដល់ឱកាសដល់រុស្ស៊ីកាន់តែខ្លាំង ក្នុងការរុលចូលវាទីដណ្តើមកាន់កាប់ទឹកដីអ៊ុយក្រែនបន្ត។

ចំណែកបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប ដែលជាបង្អែកដ៏រឹងមាំរបស់អ៊ុយក្រែន ក៏កំពុងស្ថិតក្នុងភាពទាល់ច្រកផងដែរ ដោយសារវិបត្តិថាមពល ធ្វើឱ្យសមត្ថភាពក្នុងការផ្ដល់ជំនួយហិរញ្ញវត្ថុដល់សង្គ្រាមអ៊ុយក្រែន ចាប់ផ្តើមចុះថយ។ ម៉្លោះហើយ បានជាថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែន ឬគេឯងតែងហៅគាត់ថា អ្នកលេងមុខស្ងួត សម្តីមុតចិត្តហានក្លា វ៉ូឡូឌីមៀ ហ្សេឡេនស្គី ព្យាយាមប្រជ្រៀតខ្លួនចូលសន្សឹមៗក្នុងសមរភូមិសង្គ្រាមនៅមជ្ឈិមបូព៌ា ដើម្បីចាប់យកឱកាសពីសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តដែលកំពុងរក្សាភាពស្ងៀមស្ងាត់។ តែទោះជាយ៉ាងណា ស្តេចខ្លាឃ្មុំទឹកកក ទប់ស្កាត់បានមុន និងបានឆ្លៀតឱកាសមាសនេះ ប្រើប្រាស់យុទ្ធសាស្ត្រទន់បង្ក្រាបរឹង ស្នើផ្តល់ការផ្គត់ផ្គង់ថាមពលដល់សហភាពអឺរ៉ុបវិញ ដើម្បីបំបែកបំបាក់សាមគ្គីភាពរបស់មហាអំណាចលោកខាងលិច និងសហរដ្ឋអាម៉េរិក ស្របពេលប៉ូលអំណាចទាំង២ កំពុងមានថ្នេរប្រេះស្រាំរួចទៅហើយ។

ម្យ៉ាងវិញទៀត បើប្រៀបធៀបពីគោលដៅ និងគោលបំណងនៃសង្គ្រាមរបស់រុស្ស៊ី និងសហរដ្ឋអាម៉េរិក ហាក់មានភាពផ្ទុយគ្នាស្រឡះ ដោយគេសង្កេតឃើញថា គោលដៅរបស់អាម៉េរិកប្រឆាំងអ៊ីរ៉ង់ នៅមានភាពស្រពិចស្រពិល និងប្រែប្រួលចុះឡើងដូចចុងស្រល់ តាមតែការសម្រេចចិត្តរបស់លោក ត្រាំ។ ប៉ុន្តែ គោលដៅរបស់រុស្ស៊ីលើអ៊ុយក្រែន នៅតែរក្សាភាពច្បាស់លាស់ នោះគឺការក្រសោបយកទឹកដីដ៏ពិសិដ្ឋរបស់អ៊ុយក្រែន។ គួរជម្រាបថា រុស្ស៊ីមិនចាំបាច់ខាតបង់គ្រាប់កាំភ្លើងសូម្បីតែមួយគ្រាប់ ក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ាឡើយ ដោយរដ្ឋធានីមូស្គូ គ្រាន់តែផ្តល់ព័ត៌មានសម្ងាត់ និងបច្ចេកវិទ្យាដ្រូនឱ្យអ៊ីរ៉ង់ ដើម្បីអូសបន្លាយជម្លោះនេះឱ្យយូរតាមដែលអាចធ្វើទៅបានតែប៉ុណ្ណោះ ដើម្បីបង្ខំឱ្យអ៊ុយក្រែនឱនក្បាលសុំចុះចាញ់។ ការដែលរុស្ស៊ីផ្តល់បច្ចេកវិទ្យាដ្រូន និងព័ត៌មានសម្ងាត់ឱ្យអ៊ីរ៉ង់ មិនមែនគ្រាន់តែជួយមិត្តអ៊ីរ៉ង់ក្នុងពេលជួបទុក្ខប៉ុណ្ណោះទេ ប៉ុន្តែរុស្ស៊ីក៏ចង់ឃើញថា តើប្រព័ន្ធការពារអាកាសរបស់អាម៉េរិក និងអ៊ីស្រាអែល មានចំណុចខ្សោយត្រង់ណា..ដើម្បីយកទៅរៀបចំយុទ្ធសាស្ត្រវាយលុកនៅសមរភូមិអ៊ុយក្រែនវិញ...?

ជារួម យើងអាចសន្និដ្ឋានបានថា សង្គ្រាមនៅអ៊ីរ៉ង់ គឺជាកាដូដ៏មានន័យសម្រាប់រុស្ស៊ី។ វាមិនត្រឹមតែជាសន្សើមស្រោចស្រង់សេដ្ឋកិច្ចរុស្ស៊ីវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យអ៊ុយក្រែន ធ្លាក់ចូលក្នុងភាពឯកោបន្តិចម្ដងៗ។ នៅក្នុងល្បែងអុកនយោបាយសកលនេះ បុរសដែលកំពុងអង្គុយចាំទទួលផលចំណេញដោយស្ងប់ស្ងាត់បំផុតនោះ គឺពិតជាបុរសខ្លាឃ្មុំទឹកកក វ្ល៉ាឌីមៀ ពូទីន ដែលកំពុងប្រើប្រាស់សមរភូមិសង្គ្រាមនៅមជ្ឈិមបូព៌ា សម្រេចបាននូវមហិច្ឆតាដ៏មហិមាសម្រាប់រុស្ស៊ីទាំងមូល។ សំណួរសួរថា តើរុស្ស៊ីកំពុងយកអ៊ីរ៉ង់ជានុយធំ ដើម្បីស្ទូចអាម៉េរិក និងអឺរ៉ុបនៅដើមបូព៌ា ឬយ៉ាងណា..ស្របពេលរដ្ឋធានីមូស្គូ កំពុងប្រតិបត្តិការយោធាទ្រង់ធំ ក្រសោបយកដីអ៊ុយក្រែន និងព្យាយាមរើខ្លួនចេញពីខ្នោះទណ្ឌកម្មប្រេង?...

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត