
មជ្ឈិមបូព៌ា៖ ក្រសួងមហាផ្ទៃប្រទេសអ៊ីរ៉ាក់ បញ្ជាក់ថា ដ្រូនមួយគ្រឿងបានហោះមកបុកសណ្ឋាគារដ៏ល្បីល្បាញ Al-Rasheed ក្នុងតំបន់បៃតង (Green Zone) ដែលជាតំបន់ការពារយ៉ាងតឹងរ៉ឹងបំផុតក្នុងរដ្ឋធានីបាដាដ និងជាតំបន់ប្រមូលផ្តុំទៅដោយអគាររដ្ឋាភិបាល និងស្ថានទូតសហរដ្ឋអាម៉េរិក។

បើតាមការពិនិត្យជាក់ស្តែង ដ្រូននោះបានហោះទៅបុកផ្នែកខាងលើនៃសណ្ឋាគារ មុននឹងធ្លាក់ចូលទៅក្នុងចំណតរថយន្ត បង្កជាអគ្គិភ័យ និងផ្សែងខ្មៅហុយទ្រលោមគ្របដណ្ដប់លើតំបន់ការទូត ប៉ុន្តែមិនបានបង្កឱ្យមានអ្នករងរបួស ឬការខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងរនោះទេ។ ទន្ទឹមនោះ ប្រភពសន្តិសុខបានឱ្យដឹងថា មុននោះបន្តិច ក៏មានការបាញ់គ្រាប់រ៉ុក្កែតប្រភេទ Katyusha ចំនួន២គ្រាប់ សំដៅទៅកាន់ស្ថានទូតអាម៉េរិកផងដែរ។ ការវាយប្រហារនេះ ត្រូវបានចាត់ទុកថា ជាការរំលោភបំពានសន្តិសុខលើហេដ្ឋារចនាសម្ព័ន្ធការទូតដ៏សំខាន់បំផុត ព្រោះសណ្ឋាគារ Al-Rasheed មិនត្រឹមតែជាកន្លែងស្នាក់នៅរបស់ធុរជនអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាទីស្នាក់ការរបស់បេសកកម្មប្រឹក្សាយោបល់របស់សហភាពអឺរ៉ុប (EU) និងជាទីតាំងបណ្ដោះអាសន្ននៃស្ថានទូតអារ៉ាប៊ីសាអូឌីតផងដែរ។

មន្ត្រីរដ្ឋាភិបាលអ៊ីរ៉ាក់ បានចេញមុខថ្កោលទោសយ៉ាងដាច់អហង្កា រាល់ការប៉ុនប៉ងវាយប្រហារណាមួយដែលសំដៅលើប្រតិភូការទូតនៅក្នុងប្រទេស។ បច្ចុប្បន្ន អាជ្ញាធរអ៊ីរ៉ាក់បានឡោមព័ទ្ធតំបន់កើតហេតុ និងកំពុងធ្វើកោសល្យវិច័យលើកម្ទេចកម្ទីដ្រូន ដើម្បីស្វែងរកប្រភពដើមនៃអ្នកនៅពីក្រោយការវាយប្រហារនេះ។ ព្រឹត្តិការណ៍នេះ បានបង្កផលប៉ះពាល់ផ្នែកចិត្តសាស្ត្រយ៉ាងខ្លាំងដល់សហគមន៍ការទូតអន្តរជាតិ និងឆ្លុះបញ្ចាំងពីបញ្ហាប្រឈមដ៏ស្មុគស្មាញ ដែលរដ្ឋបាលរដ្ឋធានីបាដាដកំពុងជួបប្រទះ ក្នុងការការពារមជ្ឈមណ្ឌលរដ្ឋបាលរបស់ខ្លួន ចំពេលតំបន់មជ្ឈិមបូព៌ាទាំងមូលកំពុងស្ថិតក្នុងភាពចលាចលនៃសង្គ្រាម៕


