ជនបរទេស១០នាក់ត្រូវបានចាប់ខ្លួន នៅភាគឦសានប្រទេសអ៊ីរ៉ង់ពីបទចារកម្ម
ហៀប ស៊ីថេត
14 ម៉ោងមុន

រដ្ឋធានីតេហេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានតាសនីម (Tasnim) បានរាយការណ៍នៅថ្ងៃអង្គារទី១៧មីនានេះថា បុគ្គលបរទេសចំនួន១០នាក់ ដែលត្រូវបានចោទប្រកាន់ពីបទប្រមូលព័ត៌មាននៅតាមទីតាំងរសើបៗ និងរៀបចំប្រតិបត្តិការនៅនឹងកន្លែងក្នុងតំបន់ភាគឦសាននៃប្រទេសអ៊ីរ៉ង់ ត្រូវបានចាប់ខ្លួនដោយអង្គភាពសម្ងាត់នៃកងឆ្មាំបដិវត្តន៍...។

ការដែលអង្គភាពសម្ងាត់នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (ឬIRGC) ជាអ្នកចុះអនុវត្តផ្ទាល់ បង្ហាញថា ភារកិច្ចនេះមិនមែនជារឿងធម្មតាទេ ព្រោះថា IRGC ជាកម្លាំងយោធាដ៏មានឥទ្ធិពលបំផុតរបស់អ៊ីរ៉ង់ ដែលទទួលបន្ទុកការពាររបបដឹកនាំ និងសន្តិសុខជាតិពីការជ្រៀតជ្រែកពីខាងក្រៅ។ ដូច្នេះ ការជ្រៀតចូលដោយផ្ទាល់ពីសំណាក់អង្គភាពនេះ មានន័យថា អាជ្ញាធរអ៊ីរ៉ង់ ចាត់ទុកករណីនេះថា ជាការគំរាមកំហែងកម្រិតធ្ងន់ធ្ងរដល់សន្តិសុខជាតិ។

សូមជម្រាបថា តំបន់ភាគឦសាននៃប្រទេសអ៊ីរ៉ង់ ដែលនៅជិតព្រំដែនប្រទេសតួកម៉េនីស្ថាន និងអាហ្គានីស្ថាន គឺជាតំបន់យុទ្ធសាស្ត្រ ដែលមានផ្ទុកនូវហេដ្ឋារចនាសម្ព័ន្ធការពារជាតិ ឬមូលដ្ឋានទ័ពអាកាស ហើយការចុះទៅដល់ទីតាំងបែបនេះ បញ្ជាក់ថា ក្រុមជនសង្ស័យមិនត្រឹមតែលួចយកទិន្នន័យតាមអ៊ីនធឺណិតទេ ប៉ុន្តែថែមទាំងបានចុះទៅដល់ទីតាំងផ្ទាល់ ដើម្បីថតរូប ឬរៀបចំផែនការក្នុងចេតនាបំផ្លិចបំផ្លាញឆ្អឹងខ្នងយោធាអ៊ីរ៉ង់ថែមទៀតផង។ យ៉ាងណា ករណីបែបនេះ ច្រើនតែពាក់ព័ន្ធនឹងប្រទេសដែលជាសត្រូវនឹងអ៊ីរ៉ង់ ដូចជាអ៊ីស្រាអែល ឬសហរដ្ឋអាម៉េរិក ដែលមានភ្នាក់ងារចារកម្មខ្លាំងៗ ឬក៏អាចជាប្រទេសជិតខាង ដែលមានទំនាស់ភូមិសាស្ត្រនយោបាយជាមួយគ្នា។ ជារួម វាជាសញ្ញាមួយបង្ហាញថា អ៊ីរ៉ង់កំពុងបង្កើនការរឹតបន្តឹងសន្តិសុខផ្ទៃក្នុង យ៉ាងខ្លាំងក្លា ចំពោះមុខការគំរាមកំហែងពីខាងក្រៅ ស្របពេលប្រទេសកំពុងជួបវិបត្តិសង្គ្រាម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត