
រដ្ឋធានីតេហេរ៉ង់៖ ទីកន្លែងលាក់ខ្លួនរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ថ្មី លោក មុចតាបា ខាមេណី (Mojtaba Khamenei) នៅតែជាអាថ៌កម្បាំង ចាប់តាំងពីលោកឡើងអង្គុយកៅអីមេដឹកនាំកំពូលបន្ទាប់ពីឪពុក កាលពីដើមខែនេះ។ យ៉ាងណា មានលេចធ្លាយដំណឹងថ្មីៗនេះថា លោក មុចតាបា ខាមេណី ទំនងជាសម្ងំលាក់ខ្លួននៅប្រទេសរុស្ស៊ី...។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ អះអាងថា លោក មុចតាបា ប្រហែលជាលែងមានជីវិតហើយ ទោះបីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាក់ឈី (Abbas Araghchi) បញ្ជាក់យ៉ាងដាច់អហង្កាថា គ្មានបញ្ហាអ្វីឡើយ ចំពោះមេដឹកនាំថ្មីរបស់ខ្លួន។ ដំណឹងដ៏គួរឱ្យទុកចិត្តបានពីបណ្តាញចារកម្ម បង្ហាញថា លោក មុចតាបា ប្រហែលជាកំពុងស្ថិតនៅក្នុងប្រទេសរុស្ស៊ី ដើម្បីទទួលការព្យាបាល និងវះកាត់របួសដែលបណ្ដាលមកពីការវាយប្រហាររួមគ្នាលើកដំបូងរបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ទៅលើមូលដ្ឋានមេដឹកនាំអ៊ីរ៉ង។ យោងតាមកាសែតល្បីៗជាច្រើន រួមទាំងកាសែតគុយវ៉ែត អាល់-ចារីដា (Al-Jarida) បានចះផ្សាយថា លោក មុចតាបា ខាមេណី ត្រូវបានដឹកតាមយន្តហោះយោធារុស្ស៊ីទៅកាន់រដ្ឋធានីមូស្គូដោយសម្ងាត់។

ប្រភពដដែលបង្ហាញថា លោកបានចាកចេញពីប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី១២ ខែមីនា និងបានទទួលការវះកាត់ប្រកបដោយជោគជ័យលើរបួសជើងដ៏ធ្ងន់ធ្ងរនោះ។ កាសែតគុយវ៉ែតដដែល បានដកស្រង់សម្តីមន្រ្តីជាន់ខ្ពស់ជិតស្និទ្ធនឹងមេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្តល់ជំនួយផ្នែកវេជ្ជសាស្ត្រដោយផ្ទាល់ ក្នុងអំឡុងពេលសន្ទនាតាមទូរសព្ទជាមួយសមភាគីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េហ្សេស៍គៀន (Masoud Pezeshkian)។ ការអះអាងនេះ ស្របគ្នាទៅនឹងរបាយការណ៍មុនៗពីសារព័ត៌មានផ្សេងៗ ដែលថា លោក មុចតាបា បានរងរបួសជើងយ៉ាងធ្ងន់ធ្ងរ។ ទោះជាយ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ជាផ្លូវការពីអាជ្ញាធរអ៊ីរ៉ង់នៅឡើយទេ ខណៈរបបតេហេរ៉ង់នៅតែបន្តបញ្ជាក់ថា គ្មានបញ្ហាអ្វីជាមួយមេដឹកនាំកំពូលថ្មីរបស់ពួកគេនោះទេ។

គួរកត់សម្គាល់ថា កិច្ចពិភាក្សាអំពីសុខភាពរបស់លោក មុចតាបា ត្រូវបានចាប់ផ្តើម បន្ទាប់ពីទូរទស្សន៍រដ្ឋអ៊ីរ៉ង់ហៅលោកថា ជា«វីរជនរងរបួសនៃសង្គ្រាម» ភ្លាមៗបន្ទាប់ពីការបោះឆ្នោតជ្រើសរើសលោកជាមេដឹកនាំកំពូលថ្មី។ អ្នកវិភាគខ្លះជឿថា នេះគឺជាការទទួលស្គាល់ដោយប្រយោលថា លោក មុចតាបា ពិតជាបានរងរបួសក្នុងកំលុងការវាយប្រហារ ដោយបានសម្លាប់ លោក អាយ៉ាតូឡាហ៍ អាលី ខាមេណី ដែលជាឪពុកលោក ពិតប្រាកដមែន។ តើ លោក មុចតាបា ពិតជារងរបួសមែនឬ..? ជាក់ស្តែង កាលពីពេលថ្មីៗ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានលើកឡើងថា លោក មុចតាបា បានរងរបួសធ្ងន់ធ្ងរ ក្នុងអំឡុងនៃការវាយប្រហារថ្ងៃទី២៨ ខែកុម្ភៈ។ យោងតាមកាសែត Ynet News មន្ត្រីចារកម្មអ៊ីស្រាអែល ជឿថា លោក មុចតាបា រងរបួសនៅក្នុងការវាយប្រហារបើកឆាកនៃប្រតិបត្តិការយោធាមួយដែលមានឈ្មោះថា «ប្រតិបត្តិការកំហឹងរាជសីហ៍ ឬ Operation Roaring Lion»។

លើសពីនេះ មន្ត្រីយោធាអ៊ីស្រាអែល២រូប បានប្រាប់កាសែត The New York Times ថា ព័ត៌មានចារកម្ម បង្ហាញថា លោក មុចតាបា រងរបួសជើងយ៉ាងធ្ងន់ធ្ងរ។ ចំណែក កាសែត The Sun របស់អង់គ្លេស ក៏បានដកស្រង់ប្រភពមួយថា មេដឹកនាំកំពូលរូបនេះ បានបាត់បង់ជើងម្ខាង និងស្ថិតក្នុងស្ថានភាពសន្លប់។ ប្រភពដដែលបានអះអាងទៀតថា លោកក៏មានជំងឺក្រពះ ឬថ្លើមយ៉ាងធ្ងន់ធ្ងរផងដែរ។ ដោយឡែក របាយការណ៍របស់ CNN បានអះអាងថា លោក មុចតាបា កំពុងរងរបួសស្រាលប៉ុណ្ណោះ ដោយបាក់ឆ្អឹងប្រអប់ជើង ស្នាមជាំជុំវិញភ្នែកឆ្វេង និងរបួសដាច់រលាត់តូចៗលើផ្ទៃមុខ។ ទោះយ៉ាងណា មន្ត្រីសេតវិមាន បានលើកឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ក៏បានលើកឡើងពីពាក្យចចាមអារ៉ាមទាំងនេះដែរថា លោក មុចតាបា លែងមានជីវិតហើយ ព្រោះថា មេដឹកនាំថ្មីរបស់អ៊ីរ៉ង់មិនដែលបង្ហាញខ្លួនទាល់តែសោះ ចាប់តាំងពីការតែងតាំងមក។

ការលើកឡើងរបស់លោក ត្រាំ កើតឡើងបន្ទាប់ពីលោក ភេត ហេកសិត (Pete Hegseth) រដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក អះអាងថា លោក មុចតាបា បានរងរបួស និងទំនងជាខូចទ្រង់ទ្រាយមុខមាត់អស់ហើយ ក្នុងការវាយប្រហារដោយយោធានាពេលថ្មីៗនេះ។ ជាចុងក្រោយ លោក ត្រាំ ក៏បានប្រាប់ NBC News ដែរថា៖«ខ្ញុំមិនដឹងថា គាត់នៅរស់ឬអត់នោះទេ! រហូតមកដល់ពេលនេះ គ្មាននរណាម្នាក់អាចបង្ហាញខ្លួនគាត់បានឡើយ។ ខ្ញុំឮមកថា គាត់មិននៅរស់ទេ ហើយប្រសិនបើគាត់នៅរស់ គាត់គួរតែធ្វើអ្វីដែលឆ្លាតវៃសម្រាប់ប្រទេសគាត់ នោះគឺការចុះចាញ់»៕



