បារាំង ជប៉ុន អូស្ត្រាលី អង់គ្លេស បដិសេធមិនបញ្ជូននាវាចម្បាំងទៅច្រកហ័រមូស្សទេ តែចិន-កូរ៉េខាងត្បូងមិនទាន់មាត់ក
N
Nary Vann
7 ម៉ោងមុន

មជ្ឈិមបូព៌ា៖ ស្ថានភាពនៅច្រកសមុទ្ទហ័រមូស្ស កំពុងក្លាយជាវិញ្ញាសាដ៏ក្ដៅគគុកសម្រាប់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិក ខណៈលោក ដូណាល់ ត្រាំ បានដាក់សម្ពាធយ៉ាងខ្លាំងឱ្យប្រទេសទាំងនោះបញ្ជូននាវាចម្បាំងមកជួយការពារផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់។ ទោះជាយ៉ាងណាក៏ដោយ គិតត្រឹមថ្ងៃចន្ទនេះ បណ្តាប្រទេសមហាអំណាចរួមមាន៖ បារាំង ជប៉ុន អូស្ត្រាលី និងអង់គ្លេស បានបង្ហាញជំហរបដិសេធរួចទៅហើយ ដោយលើកឡើងពីហេតុផលផ្សេងៗ...។

ជប៉ុនបញ្ជាក់ថា ខ្លួនមិនទាន់មានផែនការបញ្ជូនកងកម្លាំងស្វ័យការពារទៅក្រៅប្រទេសក្នុងកាលៈទេសៈដ៏គ្រោះថ្នាក់នេះទេ ទោះបីជាខ្លួនត្រូវដកប្រេងបម្រុងមកប្រើដើម្បីទប់ទល់នឹងវិបត្តិថាមពលក៏ដោយ ចំណែក អូស្ត្រាលី និងបារាំង បានប្រកាសយ៉ាងច្បាស់ថា នឹងមិនបញ្ជូននាវាចម្បាំងទៅកាន់តំបន់ជម្លោះឡើយ ដើម្បីបញ្ចៀសការធ្វើឱ្យសង្រ្គាមកាន់តែរីករាលដាល។ ដោយឡែក អង់គ្លេស គ្រាន់តែពិចារណាបញ្ជូនគ្រឿងចក្របោសសម្អាតមីនតាមអាកាសប៉ុណ្ណោះ ប៉ុន្តែមិនព្រមបញ្ជូននាវាទៅតាមការចង់បានរបស់លោក ដូណាល់ ត្រាំ ឡើយ។ ក្នុងចំណោមប្រទេសដែលលោក ត្រាំ បានអំពាវនាវ មានតែចិន និងកូរ៉េខាងត្បូង ប៉ុណ្ណោះ ដែលរហូតមកដល់ពេលនេះ នៅមិនទាន់បញ្ចេញប្រតិកម្ម ឬមាត់កអ្វីច្បាស់លាស់នៅឡើយទេ។

វិមានប្រធានាធិបតីកូរ៉េខាងត្បូងគ្រាន់តែលើកឡើងថា ខ្លួនកំពុងពិនិត្យមើលបញ្ហានេះយ៉ាងដិតដល់ជាមួយអាម៉េរិក ខណៈប្រទេសចិនដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ និងជាអ្នកនាំចូលប្រេងដ៏ធំតាមច្រកនេះ កំពុងស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់គួរឱ្យកត់សម្គាល់ ទោះបីលោក ត្រាំ គំរាមពន្យារពេលជំនួបកំពូលជាមួយលោក ស៊ី ជិនពីង ប្រសិនបើរដ្ឋធានីប៉េកាំង មិនព្រមជួយអន្តរាគមន៍ក៏ដោយ។ ភាពស្ទាក់ស្ទើររបស់សម្ព័ន្ធមិត្ត បានធ្វើឱ្យលោក ត្រាំ កាន់តែខឹងសម្បារ រហូតព្រមានថា អនាគតរបស់អង្គការណាតូ នឹងត្រូវប្រឈមមុខនឹងភាពខ្មៅងងឹត ប្រសិនបើសមាជិកទាំងនោះ មិនព្រមចេញមុខជួយការពារដង្ហើមសេដ្ឋកិច្ច ដែលពួកគេកំពុងប្រើប្រាស់រាល់ថ្ងៃនេះទេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត