តើលោកអ្នកដឹងទេ ទេពធីតាមហាសង្ក្រាន្តឆ្នាំមមី នឹងយាងចុះមកផែនដីនៅពេលណា ហើយទ្រង់សោយអ្វីខ្លះ?
S
Sreyleak Yith
មួយខែមុន

រាជធានីភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក មហាសករាជ ១៩៤៨ ចុល្លសករាជ ១៣៨៨ ពុទ្ធសករាជ ២៥៧០ នឹងចូលមកដល់នៅថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦។ មហាសង្ក្រាន្តឆ្នាំនេះ នឹងមានទេពធីតា ព្រះនាម រាក្សសាទេវី (រាក្យសាទេវី) ជាបុត្រីទី៣ នៃកបិលមហាព្រហ្ម ស្តេចនឹងយាងចុះមក...។

រូបតំណាង
រូបតំណាង

បើតាមតម្រា ទេពធីតា គង់នៅឋានចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខ្មៅ ព្រះកាណ៌សៀតផ្កាបុទុម អាភរណៈទ្រង់ម៉ោរា ព្រះហស្ថស្តាំទ្រង់ត្រីសូល៍ ព្រះហស្ថឆ្វេងទ្រង់កៅទណ្ឌ ភក្សាហារលោហិត (សោយឈាម) ទ្រង់ឈររំពៃលើខ្នងអស្សតរជាពាហនៈ (សត្វសេះ)។ ពិធីសង្ក្រាន្ត៣ថ្ងៃ គឺថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១០:៤៨នាទីព្រឹក ជាថ្ងៃចូលឆ្នាំថ្មី ថ្ងៃទី១ ហៅថា ថ្ងៃមហាសង្រ្កាន្ត ជាពាក្យកម្ចីពីឥណ្ឌា (សំស្ក្រឹត) ប្រែថា ដំណើរចាកចេញរបស់ព្រះអាទិត្យពីមេនរាសី មកគោចរណ៍តាមទិសខ្សែកោងតែមួយក្នុងរយៈពេល១២ខែ ហើយជាពេលវេលាដែលទេវតាទាំង៧ តំណាងឱ្យក្រុមផ្កាយនព្វគ្រោះ នៃភពទាំង៧ ក្នុងប្រព័ន្ធព្រះអាទិត្យយាងមកដល់ផែនដី ក៏ដូចជាការតំណាងឱ្យថ្ងៃនៃសប្ដាហ៍ផងដែរ។

ថ្ងៃទីមួយនេះ ត្រូវរៀបចំសែនព្រេន និងគ្រឿងសក្ការបូជា ដូចជា បាយសី១គូ, ស្លាធម៌ ១គូ, ធូប៥, ទៀន៥, ទឹកអប់១គូ, ផ្កាភ្ញី, លាជ, ទឹក១ផ្តិល, ភេសជ្ជៈ, នំនែក, ផ្លែឈើគ្រប់មុខ និងភក្សាហារទៅតាមតម្រូវការរបស់ទេពធីតានីមួយៗ ដើម្បីកាត់នៅឧបមង្គល និងសុំពរជ័យសិរីសួស្ដី ឬបួងសួងបំណងប្រាថ្នាផ្សេងៗផងដែរ។ ថ្ងៃពុធ ១៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ជាថ្ងៃទី២ ហៅថា ថ្ងៃវារៈវ័នបត ជាដំណើរនៃការដង្ហែព្រះកេស (ក្បាល) កបិលមហាព្រហ្ម ប្រទក្សិណ ស្របទិសទ្រនិចនាឡិកា ព័ទ្ធជុំវិញភ្នំព្រះសុម៉ែរុ ចំនួន៣ជុំចក្រក្រវាឡ ស្មើនឹង៦០នាទី ទើបយាងព្រះកេសបិតា ទៅ​ប្រតិ​ស្ថាន​រក្សាទុកក្នុងរូងភ្នំទឹកកក នាភ្នំកៃឡាស រួចបូជានូវគ្រឿងទិព្វផ្សេងៗ ចំណែកបុត្រីទាំង៧របស់កុបិលមហាព្រហ្ម ក៏នាំអស់ទេវតាទាំងមួយសែនកោដិ ទៅស្រង់ទឹកមន្តក្នុងគុហា គន្ធៈមាលី ដែលហូរចេញពីបំពង់កែវនៃមាត់ព្រះគោឧសភារាជ ដើម្បីបន្តកិច្ចនៃពិធីស្រង់ព្រះពុទ្ធអង្គ នាថ្ងៃទី៣ ដែលជាថ្ងៃចុងក្រោយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។

ថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ជាថ្ងៃទី៣ ហៅថា វារៈឡើងស័ក គឺជាការផ្លាស់ប្ដូរសករាជថ្មីនៃថ្ងៃ ខែ ឆ្នាំ ដែលប្ដូរទាំង ចុល្លសករាជ និងមហាសករាជ។ ថ្ងៃទីបីនេះ ជាថ្ងៃផ្សារភ្ជាប់ទៅនឹងពិធីស្រង់ព្រះ ដែលពុទ្ធបរិស័ទ​ ត្រូវយកទឹកដែលហូរចេញពីព្រះ យកទៅលុបលាងមុខ ដើម្បីបណ្ដេញនូវឧបទ្រពចង្រៃ។ ស្រង់ព្រះក្នុងន័យនេះ គឺបូករួមជាមួយព្រះកន្លោងដែលជាព្រះរស់ មានឪពុកម្ដាយ និងយាយតាផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត