ផ្អើលកណ្ដាលអាធ្រាត្រ កងទ័ពប៉ាគីស្ថាន និងតាលីបង់ បើកការបា.ញ់.ប្រ.ហារគ្នាទ្រង់ទ្រាយធំ
N
Nary Vann
27 កុម្ភៈ 2026 02:05 AM

រដ្ឋធានីអ៊ីស្លាម៉ាបាដ៖ ស្ថានភាពនៅតាមបណ្ដោយព្រំដែនរវាងប្រទេសប៉ាគីស្ថាន និងអាហ្គានីស្ថាន បានហក់ឡើងដល់កម្រិតអាសន្ន បន្ទាប់ពីកងកម្លាំងការពារព្រំដែនប្រទេសទាំងពីរ ផ្ទុះអាវុធដាក់គ្នាពេញមួយយប់ថ្ងៃទី២៦កុម្ភៈម្សិលមិញ...។

ការប៉ះទង្គិចដែលអូសបន្លាយអស់រយៈពេលជាង២ម៉ោង កើតឡើងបន្ទាប់ពីក្រុមតាលីបង់ បើកការវាយប្រហារមុន ដែលជាសកម្មភាពសងសឹកទៅលើទីតាំងយោធាប៉ាគីស្ថាន នៅតំបន់ភ្នំភាគពាយព្យ បង្កឱ្យមានការបាញ់តបតវិញយ៉ាងសន្ធាប់ពីសំណាក់យោធាប៉ាគីស្ថាន។ វីដេអូដែលត្រូវបានចែកចាយដោយកងកម្លាំងសន្តិសុខអាហ្គានីស្ថាន បានបង្ហាញពីសកម្មភាពរថយន្តយោធាប្រភេទ Humvee បើកបរឆ្លងកាត់តំបន់ភ្នំទាំងកណ្ដាលអធ្រាត្រ អមដោយសំឡេងកាំភ្លើងស្វ័យប្រវត្តិបាញ់រះមិនដាច់សូរ។ ជាមួយគ្នា ភាគីប៉ាគីស្ថាន ក៏បានបញ្ចេញវីដេអូដែលបង្ហាញពីការប្រើប្រាស់អាវុធស្វ័យប្រវត្តិ និងគ្រាប់កាំភ្លើងបំភ្លឺមេឃ (Tracer rounds) បាញ់ខ្វាត់ខ្វែងកាត់ជ្រលងភ្នំ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលក្រសួងព័ត៌មានប៉ាគីស្ថាន ចាត់ទុកថា ជាការបើកការបាញ់ប្រហារដោយគ្មានការបង្កហេតុពីសំណាក់កងកម្លាំងអាហ្គានីស្ថាន។

អ្នកនាំពាក្យក្រុមតាលីបង់ លោក ហ្សាប៊ីហ៊ូលឡាហ៍ មូចាហ៊ីដ (Zabihullah Mujahid) អះអាងថា កងកម្លាំងពិសេសរបស់ខ្លួនប្រើប្រាស់ឧបករណ៍ឡាស៊ែរសម្រាប់ប្រតិបត្តិការពេលយប់ និងបានសម្លាប់ទាហានប៉ាគីស្ថានប្រមាណ៤០នាក់ នៅក្នុងខេត្តគូណា Kunar។ លោកថែមទាំងបានព្រមានយ៉ាងមុតស្រួចទៀតថា ប្រសិនបើប៉ាគីស្ថាន ហ៊ានវាយប្រហារលើទីក្រុងកាប៊ុល ឬទីក្រុងធំៗ នោះអាហ្គានីស្ថាននឹងបើកការវាយប្រហារសងសឹកទៅលើមជ្ឈមណ្ឌលសំខាន់ៗ និងទីក្រុងនានារបស់ប៉ាគីស្ថានវិញ ជាមិនខាន។ ទោះយ៉ាងណាក៏ដោយ ភាគីប៉ាគីស្ថាន បានច្រានចោលការអះអាងនេះ ដោយបញ្ជាក់ថា ខ្លួនមិនបានបាត់បង់ប៉ុស្តិ៍យាមណាមួយឡើយ ប៉ុន្តែផ្ទុយទៅវិញ យោធាប៉ាគីស្ថាន បានវាយបកវិញយ៉ាងមានប្រសិទ្ធភាព ដោយសម្លាប់សមាជិកតាលីបង់ចំនួន២២នាក់ និងបាញ់ទម្លាក់ដ្រូនជាច្រើនគ្រឿង។

ដើមចមនៃជម្លោះបង្ហូរឈាមនេះ កើតចេញពីការចោទប្រកាន់របស់ប៉ាគីស្ថាន ថា ក្រុមសកម្មប្រយុទ្ធ Tehreek-e-Taliban Pakistan (TTP) ប្រើប្រាស់ទឹកដីអាហ្គានីស្ថាន ជាជម្រកសុវត្ថិភាព ដើម្បីរៀបចំផែនការវាយប្រហារភេរវកម្មនៅក្នុងប្រទេសប៉ាគីស្ថាន ដែលជាការចោទប្រកាន់មួយ ត្រូវបានក្រុមតាលីបង់បដិសេធ។ បច្ចុប្បន្ន ប៉ាគីស្ថាន ដាក់ពង្រាយកងកម្លាំងក្នុងកម្រិតប្រកាសអាសន្នខ្ពស់បំផុតនៅទូទាំងប្រទេស និងបានចាប់ផ្ដើមយុទ្ធនាការត្រួតពិនិត្យសន្តិសុខយ៉ាងតឹងរ៉ឹង ខណៈបទឈប់បាញ់ដ៏ផុយស្រួយរវាងភាគីទាំងពីរ ហាក់ដូចជាកំពុងរលាយរលត់ទៅវិញក្រោមផ្សែងសង្គ្រាម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត