ស.ង្គ្រា.មផ្លូវការនៅអាស៊ីខាងត្បូងប្រសូតឡើង! ប៉ាគីស្ថានបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំលើអាហ្វហ្កានីស្ថាន ខណៈពិភពលោកចេញមុខប្រតិកម្ម
ហៀប ស៊ីថេត
11 ម៉ោងមុន

អាស៊ីខាងត្បូង៖ ស្ថានភាពនៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន បានឈានដល់ចំណុចផ្ទុះអាវុធដ៏គ្រោះថ្នាក់បំផុត បន្ទាប់ពីប៉ាគីស្ថាន ប្រកាសសង្គ្រាមជាផ្លូវការជាមួយអាហ្វហ្កានិស្ថាន ដែលគ្រប់គ្រងដោយក្រុមលីបង់។ ប៉ាគីស្ថាន ប្រើយន្តហោះចម្បាំងខ្ជាក់ទម្លាក់គ្រាប់បែកនៅកណ្តាលរដ្ឋធានីកាប៊ុលរបស់អាហ្វហ្កានីស្ថាន ទីក្រុងផ្សេងទៀត​ ប៉ុន្តែក្រុមតាលីបង់ មិនព្រឺ មិនញញើត ហើយក៏បើកការវាយលុកវិញ...។

តើសហគមន៍អន្តរជាតិប្រតិកម្មបែបណា ចំពោះចំហេះសង្គ្រាមដ៏ស្រួចស្រាវនៅអាស៊ីខាងត្បូងមួយនេះ...? ដំបូងគេ គឺ ប៉ាគីស្ថាន បានបង្ហាញពីការអត់ធ្មត់ដល់ដែនកំណត់ រួចប្រកាសសង្គ្រាមដោយបើកចំហជាមួយអាហ្វហ្កានីស្ថាន ដោយរដ្ឋមន្ត្រីការពារជាតិ លោក ខាវ៉ាចា អាស៊ីហ្វ​ (Khawaja Asif) បានប្រកាសធ្ងន់ៗនៅលើបណ្តាញសង្គម X ថា៖«ការអត់ធ្មត់របស់យើងបានឈានដល់ទីបញ្ចប់ហើយ។ ឥឡូវនេះគឺជាសង្គ្រាមបើកចំហ ហើយនឹងមានវិធានការដាច់ខាតបំផុត។ កងទ័ពប៉ាគីស្ថានកំពុងផ្តល់ការឆ្លើយតបយ៉ាងចាស់ដៃចំពោះ[ពួកតាលីបង់]»។ ចំណែកអាហ្វហ្កានីស្ថាន បានប្រកាសការពារមាតុភូមិខ្លួន។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូតេរ៉ែស (Antonio Guterres) បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង និងជំរុញឱ្យប្រទេសទាំង២ គោរពច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសត្រូវការពារជីវិតប្រជាជនស្លូតត្រង់ជាចម្បង។ ទន្ទឹមគ្នានេះ អ៊ីរ៉ង់បានអំពាវនាវឱ្យប្រទេសទាំង២ ប្រើធម៌ខន្តី។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបបាស អារ៉ាក់ឈី (Abbas Araghchi) បានក្រើនរំលឹកដល់ស្មារតីនៃការអត់ធ្មត់ និងសាមគ្គីភាពអ៊ិស្លាម ខណៈរដ្ឋធានីតេហេរ៉ង់ប្រកាសត្រៀមខ្លួនជានិច្ចដើម្បីជួយសម្របសម្រួលការសន្ទនា។ ខំដើរតួធ្វើជាអ្នកជួយឈឺឆ្អាល មិនចង់ឱ្យប្រទេសដទៃមានសង្គ្រាម ស្រាប់តែនិយាយមិនទាន់ផុតពីមាត់ស្រួលបួលផង អ៊ីរ៉ង់ខ្លួនឯង ក៏រងការវាយប្រហារដោយកម្លាំងផ្គុំគ្នារបស់អាម៉េរិក និងអ៊ីស្រាអែល នៅថ្ងៃ២៨កុម្ភៈនេះ។

ងាកទៅមើលរុស្ស៊ី! ខ្លួនឯងវាយប្រហារអ៊ុយក្រែនអស់៤ឆ្នាំហើយ ហើយក៏កំពុងបន្តសង្គ្រាមនេះមិនព្រមឈប់ តែរុស្ស៊ី បានបង្ហាញពីពន្លឺនៃការសម្របសម្រួល ដោយរដ្ឋធានីមូស្គូបានបង្គាប់ឱ្យភាគីទាំង២ បញ្ឈប់ការវាយប្រហារឆ្លងដែនជាបន្ទាន់ ហើយរុស្ស៊ីសុខចិត្តធ្វើជាអាជ្ញាកណ្ដាល បើភាគីទាំង២យល់ព្រម។ ដោយឡែក សត្រូវចាស់វស្សា ឥណ្ឌាបានចេញមុខថ្កោលទោសប៉ាគីស្ថានចំៗ។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការវាយប្រហារតាមអាកាសដ៏ព្រឺព្រួចរបស់ប៉ាគីស្ថាន លើអាហ្វហ្កានីស្ថាន ចំពេលខែបុណ្យរ៉ាម៉ាដាន។ ផ្ទុយពីឥណ្ឌា សហរដ្ឋអាម៉េរិក ប្រកាសគាំទ្រសិទ្ធិការពារខ្លួនរបស់ប៉ាគីស្ថាន ប្រឆាំងនឹងការវាយប្រហាររបស់ក្រុមតាលីបង់។ ទោះយ៉ាងណា ចិនបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ដោយបញ្ជាក់ថា ខ្លួនកំពុងប្រើប្រាស់បណ្តាញការទូតផ្ទាល់ដើម្បីសម្របសម្រួលក្នុងបំណងធ្វើឱ្យស្ថានការណ៍ប៉ាគីស្ថាន-អាហ្វហ្កានីស្ថានធូរស្រាលឡើងវិញ។ ទន្ទឹមគ្នានេះ ចក្រភពអង់គ្លេស បានជំរុញឱ្យមានកិច្ចចរចា ដើម្បីជៀសវាងគ្រោះថ្នាក់ដល់ជនស៊ីវិល។ លើសពីនេះ អារ៉ាប៊ីសាអូឌីត កាតា និងតួកគី ក៏បានព្យាយាមឱ្យភាគីជម្លោះទាំង២ អត់ធ្មត់ និងកាត់បន្ថយជម្លោះផងដែរ។ ជាចុងក្រោយ ប្រធានគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម(ICRC) បានស្រែកអំពាវនាវថា៖ «មន្ទីរពេទ្យត្រូវតែដំណើរការ ហើយជំនួយមនុស្សធម៌ត្រូវតែទៅដល់ជនរងគ្រោះ ព្រោះតំបន់នេះបានរងទុក្ខវេទនាដោយសារសង្គ្រាមច្រើនទសវត្សរ៍មកហើយ»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត