
រាជធានីភ្នំពេញ៖ ក្នុងឱកាសអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ ដែលប្រព្រឹត្តិទៅនៅខេត្តក្រចេះ គណៈកម្មការអន្តរក្រសួងសម្រេចរៀបចំ ពិធីរាប់បាត និងកម្មវិធីដុតក្រឡាន ដើម្បីបង្ហាញការដឹងគុណដល់កងទ័ពខ្មែរដែលបានពលី និងកំពុងឈរជើងនៅឯសមរភូមិជួរមុខ រួមជាមួយការផ្ញើក្ដីនឹករលឹកដល់ជនភៀសសឹក ដែលត្រូវបានរត់ភៀសខ្លួនពីការឈ្លានពានរបស់យោធាថៃ...។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នៅថ្ងៃអង្គារទី១៧មីនា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ នឹងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»។ ពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍ នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៨មីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ក្រសួងបានឱ្យដឹងថា ពិធីបុណ្យត្រូវបានធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ខេត្តជាប់ដងទន្លេកម្ពុជា ជាពិសេសខេត្តក្រចេះ, ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ, ពង្រឹង និងលើកកម្ពស់គុណភាព សេវាកម្មនានាក្នុងឧស្សាហកម្មទេសចរណ៍, លើកកម្ពស់តម្លៃនៃផលិតផលក្នុងស្រុក និងជំរុញការអភិវឌ្ឍនៅនឹងកន្លែងជូនដល់ប្រជាពលរដ្ឋ និងសហគមន៍ទេសចរណ៍ក្នុងខេត្តក្រចេះ។

ដើម្បីជំរុញឱ្យព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ប្រព្រឹត្តទៅដោយអធិកអធម គណៈកម្មការអន្តរក្រសួង នឹងរៀបចំពិធីរាប់បាត្រព្រះសង្ឃចំនួន៩៩អង្គ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ វីវកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានពលីក្នុងបុព្វហេតុការពារជាតិ។ ជាមួយគ្នា គណៈកម្មការក៏មានរៀបចំកម្មវិធីដុតក្រឡានក្រចេះដឹងគុណវីរកងទ័ព និងកងកម្លាំងប្រដាប់អាវុធ ផ្ញើក្ដីនឹករឭកដល់ប្រជាជនភៀសសឹក និងកម្មវិធីប្រលែងកូនត្រីចូលក្នុងទន្លេ ដើម្បីផ្តល់ជីវិតថ្មី និងបន្តនិរន្តរភាព បួងសួងសុំសេចក្តីសុខដល់ប្រជាជនកម្ពុជារស់នៅក្នុងសុខសន្តិភាព។ ការសម្ដែងទស្សនីយភាពសិល្បៈ បង្ហាញពីប្រពៃណីទំនៀមទម្លាប់ និងសក្តានុពលទេសចរណ៍ខេត្តក្រចេះ, ការប្រគំតន្ត្រី, ការតាំងពិព័រណ៍សមិទ្ធផលក្នុងវិស័យទេសចរណ៍, ការតាំងពិព័រណ៍ពាណិជ្ជកម្ម ផលិតផលកសិ-ទេសចរណ៍ និងផលិតផលខ្មែរ ព្រមទាំងការបង្ហាញសមិទ្ធផល និងគម្រោងអភិវឌ្ឍន៍នានារបស់ខេត្តក្រចេះ រួមជាមួយកម្មវិធីមួយចំនួនទៀត។

គួរបញ្ជាក់ថា ពិធីបុណ្យទន្លេ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងជារៀងរាល់ឆ្នាំ នៅតាមបណ្ដាលខេត្តនានា តាមដងទន្លេ។ ពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ ត្រូវបានប្រព្រឹត្តទៅនៅខេត្តតាកែវ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥។ គិតត្រឹមថ្ងៃទី១៦មីនា ឆ្នាំ២០២៦ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៦សែន១ម៉ឺននាក់ ឬស្នើនិងជាង៩៤ភាគរយ បានវិលត្រឡប់ទៅលំនៅឋានវិញ ខណៈពលរដ្ឋចំនួនជាង៣ម៉ឺន៦ពាន់នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានបាននៅឡើយទេ៕




