ចិនប្រកាសជួយពលរដ្ឋកម្ពុជារងគ្រោះក្នុងជម្លោះប្រដាប់អាវុធជាមួយថៃ ឱ្យមានជីវភាពល្អប្រសើរឡើងវិញ
អុន សម្ផស្ស
01 កញ្ញា 2025 03:41 AM

រាជធានីភ្នំពេញ៖ លោកប្រធានាធិបតីចិន ស៊ី ជីនពីង ប្រកាសគាំទ្រ និងផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បីស្តារឡើងវិញនូវការខូចខាត ព្រមទាំងសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះពីការប៉ះទង្គិច ដោយប្រដាប់អាវុធរវាងកម្លាំងយោធាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ…។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង។

ការប្រកាសផ្តល់ជំនួយរបស់ប្រធានាធិបតីចិន គឺធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី៣០សីហា ឆ្នាំ២០២៥ ក្នុងពេលដែល សម្តេចធិបតី កំពុងចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ(បូក) ប្រារព្ធធ្វើឡើងនៅទីក្រុងធានជីន ប្រទេសចិន។ ក្នុងជំនួបសន្ទនាទ្វេភាគី ក្រៅពីពិភាក្សា និងផ្លាស់ប្ដូរយោបល់អំពីការពង្រឹង-ពង្រីក កិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ លើវិស័យអាទិភាពមួយចំនួនដូចជា៖ វិស័យនយោបាយ-ការទូត សេដ្ឋកិច្ច-ពាណិជ្ជកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសំខាន់ៗនានា ក្នុងគោលដៅពង្រឹងសមត្ថភាពអភិវឌ្ឍដោយម្ចាស់ការខ្លួនឯង និងពង្រឹងការការពារអធិបតេយ្យរបស់កម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក ប្រធានាធិបតី ស៊ី ជីនពីង ក៏បានជជែកពាក់ព័ន្ធបញ្ហា​ជម្លោះ​​ព្រំដែនដែលកម្ពុជាកំពុងកើតមានជាមួយភាគីថៃ។

ពលរដ្ឋរងគ្រោះតាមបណ្តោយព្រំដែនកម្ពុជា-ថែ កំពុងភៀសសឹកនៅជំរំសុវត្ថិភាព។ ប្រភព៖មន្ទីរព័ត៌មានខេត្តព្រះវិហារ៕
ពលរដ្ឋរងគ្រោះតាមបណ្តោយព្រំដែនកម្ពុជា-ថែ កំពុងភៀសសឹកនៅជំរំសុវត្ថិភាព។ ប្រភព៖មន្ទីរព័ត៌មានខេត្តព្រះវិហារ៕

យ៉ាងណា លោក ស៊ី បានបញ្ជាក់ជាថ្មីពីជំហររបស់ចិន ក្នុងការគាំទ្របទឈប់បាញ់ គាំទ្រយន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ាន ដែលដឹកនាំដោយម៉ាឡេស៊ី និងចង់ឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់។ ទន្ទឹមនឹងនោះលោកគូសរំលេចថា៖«[លោក]គាំទ្រ និងផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បីជួយស្តារឡើងវិញនូវការខូចខាត និងជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធ កាលពីចុងខែកក្កដាកន្លងទៅ»

ជាការឆ្លើយតប សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែជួយគាំទ្រដល់ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា។ សម្តេចបានគូសបញ្ជាក់ថា៖«ការគាំទ្ររបស់មិត្តចិន គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា»។ បន្ថែមលើនេះ សម្តេចនាយករដ្ឋមន្ត្រី ថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងសកម្មរបស់មិត្តចិន ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ បានយ៉ាងឆាប់រហ័ស ដែលជាជំហានឈានទៅរកការការពារអាយុជីវិតប្រជាពលរដ្ឋ និងជួយស្តារជីវភាពរបស់ប្រជាជនដែលរងផលប៉ះពាល់។

កុមាររងគ្រោះតាមបណ្តោយព្រំដែនកម្ពុជា-ថែ កំពុងភៀសសឹកនៅជំរំសុវត្ថិភាព។ ប្រភព៖មន្ទីរព័ត៌មានខេត្តព្រះវិហារ៕
កុមាររងគ្រោះតាមបណ្តោយព្រំដែនកម្ពុជា-ថែ កំពុងភៀសសឹកនៅជំរំសុវត្ថិភាព។ ប្រភព៖មន្ទីរព័ត៌មានខេត្តព្រះវិហារ៕

សូមរំឭកខ្លីថា ក្រោយយោធាថៃ​បើការវាយប្រហារដោយកម្លាំងប្រដាប់អាវុធធន់ធ្ងន់ រាប់ចាប់ពីយន្តហោះទម្លាក់គ្រាប់ គ្រាប់បែកមានផ្ទុកផ្សែងពុល គ្រាប់បែកចង្កោម រយៈពេលប្រាំថ្ងៃប្រាំយប់ មុនបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី២៨កក្កដា ពលរដ្ឋកម្ពុជា ភាគច្រើនជាស្ត្រី កុមារ និងជនចាស់ជរា ត្រូវចល័តភៀសខ្លួនមកកាន់ជំរំសុវត្ថិភាពក្នុងខេត្តចំនួន៥រួមមាន៖ ខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តសៀមរាប។ ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ ចិនតាមរយៈឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា លោក វ៉ាង វិនពីន នៅថ្ងៃទី២សីហា បានប្រកាសផ្តល់ជំនួយបន្ទាន់ជាថវិកា១០ម៉ឺនដុល្លារដល់ពលរដ្ឋរងគ្រោះ៕

ពលរដ្ឋរងគ្រោះតាមបណ្តោយព្រំដែនកម្ពុជា-ថែ កំពុងភៀសសឹកនៅជំរំសុវត្ថិភាព។ ប្រភព៖មន្ទីរព័ត៌មានខេត្តព្រះវិហារ៕
ពលរដ្ឋរងគ្រោះតាមបណ្តោយព្រំដែនកម្ពុជា-ថែ កំពុងភៀសសឹកនៅជំរំសុវត្ថិភាព។ ប្រភព៖មន្ទីរព័ត៌មានខេត្តព្រះវិហារ៕
កុមាររងគ្រោះតាមបណ្តោយព្រំដែនកម្ពុជា-ថែ កំពុងភៀសសឹកនៅជំរំសុវត្ថិភាព។ ប្រភព៖មន្ទីរព័ត៌មានខេត្តព្រះវិហារ៕
កុមាររងគ្រោះតាមបណ្តោយព្រំដែនកម្ពុជា-ថែ កំពុងភៀសសឹកនៅជំរំសុវត្ថិភាព។ ប្រភព៖មន្ទីរព័ត៌មានខេត្តព្រះវិហារ៕
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត