បទវិចារណកថា៖ ហេតុអ្វីចិនហាក់ព្រងើយកន្តើយដាក់មិត្តជោគវាសនារួម ខណៈមើលឃើញចោរសៀមឈ្លានពានកម្ពុជាម្ដងហើយម្ដងទៀត?
ហៀប ស៊ីថេត
11 ធ្នូ 2025 08:30 AM

រាជធានីភ្នំពេញ៖ ចិន-កម្ពុជា បានឯកភាពគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល និងជាមហាមិត្តដែកថែប ដែលបានចាក់ឫសអស់រយៈពេលជាង៦ទសវត្សរ៍មកហើយ។ ប៉ុន្តែក្រោយផ្ទុះជម្លោះព្រំដែនកម្ពុជា-ថៃ ពលរដ្ឋកម្ពុជាស្ទើរទូទាំងប្រទេស បាននិងកំពុងងឿងឆ្ងល់អំពីភាពស្ងៀមស្ងាត់របស់មហាមិត្តចិន ជុំវិញអំពើឈ្លានពានរបស់ថៃមកលើមិត្តដែកថែបរបស់ខ្លួន ថាតើហេតុអ្វី ចិន ព្រងើយកន្តើយដាក់មិត្តជោគវាសនារួម ឬមួយក៏ចិនខ្លាចបាត់ប្រយោជន៍ជាមួយថៃ?

បើទោះបីជាទំនាក់ទំនងកម្ពុជា-ចិន ចាក់ឫសកែវយ៉ាងជ្រៅបែបនេះក្ដី ប៉ុន្តែរដ្ឋធានីប៉េកាំង បានត្រឹមឈរមើលកម្ពុជាត្រូវថៃឈ្លានពានយ៉ាងសាហាវ ឃោរឃៅ និងព្រៃផ្សៃបំផុត ឬមួយក៏យុទ្ធសាស្ត្រចិនមិនចង់ឱ្យត្រីរ៉ស់រួចទន្សាយរត់បាត់? ដោយប្រើដៃម្ខាងចាប់ខ្មែរ ដើម្បីក្រសោបយកភូមិសាស្ត្រនយោបាយក្នុងតំបន់ និងដៃម្ខាងទៀតចាប់យកថៃ ដើម្បីទទួលបានផ្លែផ្ការពីការលក់យុទ្ធោបករណ៍យោធារបស់ខ្លួន ហើយឈរមើលថៃឈ្លានពានកម្ពុជា ដោយគ្រាន់តែបន្លឺសំឡេងស្អកតិចៗ ប្រាប់ឱ្យកម្ពុជា និងថៃ ឱ្យរក្សាការអត់ធ្មត់ វិលរកតុចរចា ទាំងដែលដឹងច្បាស់ថា ថៃនឹងមិនស្តាប់ ព្រោះហ៊ានសូម្បីតែហែកកិច្ចព្រមព្រៀងសន្តិភាពរាជធានីគូឡាឡាំពួរ ដែលថៃខ្លួនឯង បានចុះហត្ថលេខារួចហើយនោះ។ តើអ្វីទៅជាចេតនាពិតនៅពីក្រោយខ្នងមហាយក្សចិន ដែលមិនព្រមលូកដៃឱ្យកម្ពុជាតោងឡើង គេចចេញពីភ្នក់ភ្លើងសង្គ្រាមឈ្លានពាននេះ...?

សូមជម្រាបថា កម្ពុជា-ចិន មិនមែនត្រឹមតែជាមិត្តដែកថែបធម្មតាទេ ប៉ុន្តែសម្ព័ន្ធមិត្តចាក់ទឹកមិនលិចទាំង២ ក៏ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ផងដែរ និងតែងតែធ្វើលំហាត់សឹកយោធារួមគ្នាថែមទៀតផង។ មិនត្រឹមជាសម្ព័ន្ធមិត្តដ៏សំខាន់នោះទេ កម្ពុជា[គឺជា]ប្រទេសមួយ ដែលចិនចាប់យកដើម្បីជាឈ្នាន់នៃការក្តោបយកភូមិសាស្ត្រនយោបាយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមិនអាចខ្វះបាន។ ប៉ុន្តែទន្ទឹមគ្នា ចិនក៏បានចាប់ថៃដែលជាសម្ព័ន្ធមិត្តអាម៉េរិក ធ្វើជាដៃគូយុទ្ធសាស្ត្រសេដ្ឋកិច្ច ពាណិជ្ជកម្ម ដ៏សំខាន់របស់ខ្លួនដែរ។ មួយជាយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយ មួយទៀត ជាឃ្លាំងសេដ្ឋកិច្ចពាណិជ្ជកម្មដែលចិនពឹងផ្អែកលើការលក់អាវុធ តើចិនជ្រើសយកមួយណា..? បើតាមការពិនិត្យជាក់ស្តែង ចិនកំពុងចាប់យកទាំង២ដោយប្រុងប្រយ័ត្ន និងវិភាគលើផលប៉ះពាល់ពីការសម្រេចចិត្តរបស់ខ្លួនផងដែរ ដូច្នេះ ការចេញមុខបញ្ជាក់ពីទំនួលខុសត្រូវលើសម្ព័ន្ធមិត្តដែកថែបកម្ពុជា ទំនងជាមិនអាចទេ ព្រោះចិនខ្លាចបាត់បង់ប្រយោជន៍សេដ្ឋកិច្ច ជាជាងការខ្លាចបាត់បង់មិត្តភាព និងទប់លំនឹងនយោបាយការបរទេស។

បើទោះបីជាក្នុងចិត្តចិនដឹងយ៉ាងប្រាកដថា ថៃបើកការឈ្លានពានកម្ពុជាទាំងកំរោលក៏ដោយ ប៉ុន្តែចិនមិនអាចបោះដៃជួយកម្ពុជាដោយផ្ទាល់បានឡើយ ព្រោះថៃ គឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់ចិន នៅក្នុងតំបន់អាស៊ាន។ ជាក់ស្តែង នៅឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់១៣៣,៩៨ពាន់លានដុល្លារ ខណៈការនាំចេញរបស់ប្រទេសថៃទៅកាន់ប្រទេសចិនមានចំនួនត្រឹម៣៥,២៣ពាន់លានដុល្លារ ហើយការនាំចេញរបស់ចិនទៅកាន់ប្រទេសថៃមានចំនួនដល់ទៅ៨៦,០៣ពាន់លានដុល្លារ។ នេះបើយោងតាមមូលដ្ឋានទិន្នន័យ COMTRADE របស់អង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្មអន្តរជាតិ។ ដូច្នេះហើយ ចិនមិនអាចទាត់ថៃចោល ស្រវ៉ាចាប់កម្ពុជាតែម្ខាងបាននោះទេ ដ្បិតមិនចង់បាត់បង់គោលការណ៍ការពារផលប្រយោជន៍។

សូមបញ្ជាក់ជាថ្មីថា ថៃបានបើកការឈ្លានពានកម្ពុជាសាជាថ្មី ក្នុងមហិច្ឆតាត្របាក់លេបទឹកដី និងប្រាសាទបុរាណខ្មែរនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបិទបាំងកលិយុគនយោបាយផ្ទៃក្នុង ដែលកំពុងតែញាំញីប្រទេសថៃបច្ចុប្បន្ន។ ទន្ទឹមនោះ ចោរឈ្លានពានថៃ បានប្រើប្រាស់អាវុធធុនធ្ងន់ៗ វាយប្រហារលើវីរកងទ័ពកម្ពុជា សម្លាប់ជនស៊ីវិល កម្ទេចសំណង់ប្រាសាទបុរាណខ្មែរ មានដូចជា (ប្រាសាទព្រះវិហារ តាក្របី។ល។) បំផ្លាញភូមិដ្ឋាន និងផ្ទះសម្បែងរបស់ជនស៊ីវិលយ៉ាងអមនុស្សធម៌បំផុត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត