ចិនបន្តជួយលើវិស័យបោសសម្អាតមីននៅកម្ពុជា
S
Sreyleak Yith
11 ធ្នូ 2025 12:00 PM

រដ្ឋធានីហ្សាការតា៖ លោក Liang Guotao ប្រធាននាយកដ្ឋានត្រួតពិនិត្យអាវុធ នៃក្រសួងការបរទេសសាធារណរដ្ឋប្រជាមានិតចិន បានលើកទ្បើថា ចិននឹងជួយកម្ពុជាលើវិស័យបោសសម្អាតមីន បន្តទៅមុខរហូតដល់អាចសម្រេចបាននូវគោលដៅចុងក្រោយនោះគឺ កម្ពុជាគ្មានមីន…។

ប្រធាននាយកដ្ឋានត្រួតពិនិត្យអាវុធនៃក្រសួងការបរទេសចិន លើកទ្បើងបែបនេះ ក្នុងឱកាសជួបពិភាក្សាទ្វេភាគីជាមួយ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្មីៗ។ ប្រធាននាយកដ្ឋានត្រួតពិនិត្យអាវុធនៃក្រសួងការបរទេសចិន បានសរសើរកម្ពុជា ក្នុងភាពជាប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាកាលពីឆ្នាំ២០២៤ នៅខេត្តសៀមរាប។

ទន្ទឹមនឹងនោះលោក ក៏បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​អាយុជីវិត​ និង​រង​របួស​របស់​ប្រជាពលរដ្ឋ​ស៊ីវិល​ក្នុង​សង្រ្គាម​កម្ពុជា​-ថៃ​ ហើយ​លោក​បាន​អំពាវនាវ​ឱ្យ​ភាគី​បន្ត​ភាព​អត់ធ្មត់​ និង​ដោះស្រាយ​ដោយ​សន្តិវិធី​។ លោកទេសរដ្ឋមន្ត្រី ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ហើយការចូលរួមរបស់មិត្តចិនពិតជាសារសំខាន់ ដើម្បីធ្វើឱ្យប្រទេសកម្ពុជាអាចសម្រេចបាននូវគោលដៅ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត